ការអប់រំជំនឿត្រូវ​ចូលឲ្យ​ជ្រៅក្នុង​បរិស្ថានរបស់​ព្រះជាម្ចាស់

នៅក្នុងជំនួប​គ្រូ​អប់រំជំនឿជាង៤០​នាក់​ នៅ​ព្រះវិហារ​សន្ត​ហ្រ្វង់ស្វ័រសាវីយ៉េ (ចំប៉ា) ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល ​លោក​អភិបាលព្រះសហគមន៍ភូមិភាគ​ភ្នំពេញ អូលីវីយ៉ ជ្មីត​ហស្លេបាន​ណែនាំ និង​ស្នើ​ឱ្យ​គ្រូ​អប់រំជំនឿទាំងអស់ ​រួម​ជាមួយ​ក្រុម​លោក​បូជាចារ្យ​ បព្វជិត បព្វជិតា ធ្វើ​យ៉ាង​ណា​ជួយ​ណែនាំ​ឱ្យ​អ្នកឈ្វេង​យល់​​ចូល​នៅក្នុង​បរិស្ថាន​ព្រះជាម្ចាស់។

លោក​អភិបាល​មាន​ប្រសាសន៍​នា​ព្រឹកថ្ងៃទី​១៤ ខែតុលា​ថា «គ្រូ​អប់រំជំនឿ​ត្រូវ​បង្កើត​បរិស្ថានឱ្យ​ក្មេងៗ​ ចូល​ទៅក្នុង​បរិស្ថាន​ព្រះជាម្ចាស់ គឺ​ជាបរិស្ថាន​របស់​ព្រះសហគមន៍ ចូល​ទៅក្នុង​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់»។

លោកបញ្ជាក់ថា ​បរិស្ថានព្រះជាម្ចាស់ គឺ​ចូលរួម​គ្រប់សកម្ម​ភាព​របស់ព្រះសហគមន៍ ទាំងការអធិដ្ឋាន អភិបូជា និង​សកម្មភាពនានា​របស់​ព្រះសហគមន៍​ ដើម្បីមាន​ទំនាក់ទំនង​ជាមួយ​​គ្រីស្ត​បរិស័ទ​ដទៃ​ទៀត​និ​ងព្រះជាម្ចាស់​។

ក្នុង​នាម​ជាគ្រូ​​​អប់រំជំនឿ​ម្នាក់ «យើង​ត្រូ​វ​រៀប​ចំ​គម្រោង​ធ្វើ​យ៉ាង​ណា​ដើម្បី​​ឱ្យ​ក្មេងៗ​ស្គាល់ព្រះជាម្ចាស់​»។ នេះ​ជាការ​លើក​ឡើង​របស់​កញ្ញា​ វណ្ណី ឆៃ​អេង​ អាយុ២៦ឆ្នាំ ជា​គ្រូ​អប់រំ​ជំនឿមក​ពីព្រះសហគមន៍ទួលក្រសាំង ក្នុងមណ្ឌលសកម្មភាព​បាសាក់។

ឆៃអេងបញ្ជាក់​ថា ការ​បង្រៀន​គឺ​​ត្រូវ​បង្កើត​​បរិយាកាស​ឱ្យ​ពួកគេ​សប្បាយ​រីក​រាយ ចេះ​រួបរួមគ្នា និងចូល​រួម​ជាមួយ​គ្នា​រាល់​សកម្ម​ភាពព្រះសហគមន៍​ ដើម្បី​ឱ្យ​គេ​យល់​ ​ឱ្យគេ​ស្គាល់និង​ស្រឡាញ់ព្រះជាម្ចាស់ និង​បង្កើត​ជាសំណួរ​និង​ល្បែង​ផ្សេងៗ ដើម្បី​ឱ្យ​ពួកគេ​ចាប់​អារម្មណ៍។

​​កញ្ញា វង្ស បុប្ផា អាយុ២៣ ជា​អ្នក​ណែនាំ​ជំនឿ​ម្នាក់ទៀត​ នៅព្រះវិហារសន្ត​ហ្រ្វង់ស្វ័រសាវីយ៉េ(ចំប៉ា)នៃ​មណ្ឌល​សកម្មភាព​មេគង្គ និយាយ​ថា អ្នក​ណែនាំជំនឿ​ត្រូវ​​ធ្វើ​ជាគំរូ​ដល់អ្នក​ឈ្វេងយល់។ កញ្ញា​បុប្ផាបញ្ជាក់​ថា ​សកម្មភាពរស់នៅ​​ប្រចាំ​ថ្ងៃ​ដែល​គ្រូអប់រំ​ជំនឿ​ធ្វើ​ គឺ​ត្រូវ​​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​អំណរសប្បាយ ដែលជា​​សញ្ញាសម្គាល់​របស់​ព្រះជាម្ចាស់។

បុប្ផា​បន្ថែមថា ដើម្បី​ណែនាំអ្នក​ទទួល​អប់រំជំនឿ​​​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ព្រះជាម្ចាស់ យើងត្រូវ​​នាំ​គាត់​អធិដ្ឋាន។

​លោក​ ស្រ៊ី​ប្រាម៉ុង វីរជ័យ បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ទន្លេមេគង្គ​ មាន​ប្រសាសន៍ថា ការ​បង្រៀន​អប់រំ​ជំនឿ​ពេល​បច្ចុប្បន្ន​បាន​កែប្រែ​ច្រើន ដោយ​សម្រប​តាម​គរុកោសល្យ​ក្នុងព្រះសហគមន៍​នៅកម្ពុជា។

គណៈកម្មការ​អប់រំ​ជំនឿ​របស់ព្រះសហគមន៍​បានជំរុញ​ឲ្យ​ប្រើ​ប្រាស់​សៀវភៅ​អប់រំជំនឿ​ចំនួន​៣​ដែល​សំខាន់ៗ សម្រាប់​ណែនាំ​ក្នុងជីវិត​របស់នៅ​របស់​អ្នក​ឈ្វេងយល់ គឺ​មាន​ ខ្ញុំ​ជា​ផ្លូវ ខ្ញុំ​ជា​សេចក្តីពិត និង​ខ្ញុំ​ជា​ជីវិត។

លោក​បូជាចារ្យវីរជ័យ​ បន្ថែមថា «ដោយ​ពួក​គេ​ចេះ​ទាំង​ភាសាខ្មែរនិង​វៀតណាម​ ងាយ​នឹង​អប់រំ​កូន​ចៅ​របស់​យើង​តាម​របៀប​ព្រះសហគន៍​នៅ​ប្រទេសកម្ពុជា ដែលជាក្ដីសង្ឃឹម​របស់​យើង​ជាអ្នក​ដឹកនាំ​មណ្ឌល​សកម្មភាព​​មេគង្គ​និង​បាសាក់ឱ្យ​ចូលក្នុង​បរិស្ថានព្រះជាម្ចាស់»​​។​

គ្រូអប់រំ​ជំនឿ​ទាំង​អស់​មក​ពី ​មណ្ឌល​សកម្មភាព​ទន្លេមេគង្គ​ និង​មណ្ឌល​សកម្មភាព​ទន្លេបាសាក់ ដែល​ភាគ​ច្រើន​ជា​សហគមន៍​វៀតណាមរស់​នៅប្រទេសកម្ពុជា។

លោក​បូជាចារ្យ​បន្ថែមថា ក្នុងតំបន់​ទាំង​ពីរ​នេះ មាន​​គ្រូអប់រំជំនឿ​ជាយុវជនជាច្រើនជាកម្លាំង ដែល​បូជាចារ្យ​ត្រូវចាប់​អារម្មណ៍ ទទួលគំនិត​ ​​ជួយលើកទឹក​ចិត្ត​ ​​អប់រំ​ និង​ស្ដាប់តម្រូវ​ការ​របស់ពួកគេ ​ដើម្បីឱ្យ​ការ​អប់រំ​ទាន់​សម័យ​ និង​ធ្វើ​ឱ្យព្រះសហគមន៍រីក​ចម្រើន​ ហើយ​គ្រូអប់រំជំនឿ​ត្រូវ​​ប្រជុំយ៉ាង​តិច​មួយ​ខែម្ដង។

ក្នុង​រយៈ​ពេល​កន្លះថ្ងៃនេះ គ្រូអប់រំជំនឿ​ទាំង​អស់​​បាន​ចែក​រំលែក​​​បទពិសោធ ​​និង​ស្តាប់​ពី​ចំណុច​ខ្សោយ​និង​ចំណុច​ខ្លាំង​នៃ​​ព្រះសហគមន៍នីមួយៗ​ក្នុងការ​អប់រំជំនឿ ដើម្បី​យកទៅ​រិះគិត​និង​អនុវត្ត​នាពេល​ខាង​មុខ។

មុនពេល​បញ្ចប់​កម្មវិធី លោកអភិបាល​អូលីវីយ៉េ បាន​ឲ្យ​គ្រូអប់រំ​ជំនឿ​ទាំង​៤០នាក់ ​ប្រកាស​ពាក្យ​សន្យាជាគ្រូអប់រំជំនឿ​សម្រាប់​​ឆ្នាំ​សិក្សា​២០២២-២០២៣​ ដោយ​ឱន​កាយ​​នៅ​ចំពោះ​​ព្រះភ័ក្រ្ត​ព្រះ​ជាម្ចាស់​ និង​សូមព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​​ដឹកនាំ​គ្រូអប់រំជំនឿ និង​ចេះ​ណែនាំ​អ្នកឈ្វេងយល់ជំនឿ​ ឱ្យ​​ស្រឡាញ់ព្រះសហគមន៍ និងស្រឡាញ់ព្រះជាម្ចាស់៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn