កាលពីថ្ងៃទី១២ តុលាកន្លងទៅ លោកអភិបាលព្រះសហគមន៍នៅទ្វីបអាស៊ី (FABC)បានរួមគ្នា នៅទីក្រុងបាងកកនៃប្រទេសថៃ ដើម្បីប្រារព្ធសន្និបាតនៃខួបលើកទី៥០ឆ្នាំនៃការបង្កើតFABC លើប្រធានបទ «ធ្វើដំណើររួមជាមួយគ្នាក្នុងនាមប្រជាជនអាស៊ី»។
នៅក្នុងធម្មទេសនានាថ្ងៃនោះ លោកកាឌីណាល់ឆាលបូ ប្រធានFABC មានប្រសាសន៍ថា ពេលវេលានេះ ប្រៀបដូចជាថ្ងៃបុណ្យព្រះវិញ្ញាណយាងមក ដែលមានផ្កាយមួយដួងរះបំភ្លឺផ្លូវ ហើយក៏មានកិច្ចប្រឈមមួយ ដែលជំរុញឲ្យយើងឆ្ពោះទៅមុខមួយជំហានទៀតរួមជាមួយព្រះយេស៊ូ។
ជាមួយការដឹងគុណចំពោះព្រះសហគមន៍នៅទ្វីបអាស៊ី និងFABC លោកកាឌីណាល់ឆាលបូ បានរំលឹកអំពីកិច្ចការដែលព្រហសហគមន៍បានធ្វើពីមុនមក រួមមាន ធ្វើជាសាសនទូតនិងអ្នកប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ ហើយចូលក្នុងវប្បធម៌នៃប្រជាជនអាស៊ី ជួយឲ្យពួកគេមានស្មារតីនិងចិត្តរួមតែមួយ ហើយកិច្ចការប្រឈមទាំងនោះ បានបង្កើតសតវត្សមួយសម្រាប់ព្រះគ្រីស្តនិងក្លាយជាសក្ខីកម្មក្នុងទ្វីបអាស៊ី។
លោកកាឌីណាល់ ឆាលបូ បន្ថែមទៀតថា ប្រវត្តិសាស្ត្របានចាប់ផ្តើមកត់ត្រាទុកនូវអ្វីដែលសន្និបាតនេះបានធ្វើ ដោយរួមជាមួយទិសដៅរបស់FABC គឺ «ព្រះសហគមន៍ទ្វីបអាស៊ីអើយ! ប្រវត្តិសាស្រ្តចាប់ផ្តើមហើយ ហើយព្រះវិញ្ញាណជំរុញឲ្យយើងទៅមុខ»។
FABC បានចាប់ផ្តើមមានប្រជុំក្រុមលោកអភិបាលនៅទ្វីបអាស៊ីទាំងអស់ ក្នុងឆ្នាំ១៩៧០ ក្នុងដំណើរទស្សនកិច្ចរបស់សន្តសម្តេចប៉ាប ប៉ូលទី៦នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ក្នុងកម្មវិធីនេះដែរ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានផ្ញើសារលិខិតជូនដល់លោកអភិបាលព្រះសហគមន៍ទ្វីបអាស៊ីទាំងអស់ ដោយរំលឹកអំពីការយល់ឃើញរបស់សន្តសម្តេចប៉ាប ប៉ូលទី៦ដែលបានរកឃើញថា អាស៊ីជាទ្វីបចម្រុះបែបមួយ មានយុវជនជាច្រើនចូលរួម ហើយអាស៊ីជាទ្វីបដែលមានវប្បធម៌និងសាសនាចម្រុះ។
សម្តេចប៉ាបបានលើកឡើងទៀតថា ក្រុមលោកអភិបាលបានសំគាល់ថា ភាពចម្រុះបែបនេះត្រូវបានដាស់ពីសេចក្តីស្លាប់ទៅកាន់ជីវិតដ៏រុងរឿងរបស់ព្រះអម្ចាស់ ហើយយុវជនក៏ភ្ញាក់ដែរ ដោយពួកគេមានឧត្តមគតិយល់ដឹង ខ្វល់ខ្វាយ អន្ទះអន្ទែង និងមិនសូវចង់សម្រាកទេ ហើយសង្គមចម្រុះវប្បធម៌ក៏ភ្ញាក់រឭកឡើងដែរ ដើម្បីក្លាយជាសហគមន៍នៃប្រជាជនដ៏ពិតប្រាកដមួយ។
«នេះគឺមានន័យថា ព្រះសហគមន៍នៅទ្វីបអាស៊ីត្រូវបានត្រាស់ហៅ ឲ្យក្លាយជាព្រះសហគមន៍បម្រើអ្នកក្រីក្រ ព្រះសហគមន៍សម្រាប់យុវជន និងព្រះសហគមន៍មួយដើម្បីសន្ទនាជាមួយសាសនាដទៃទៀតនៃជនជាតិអាស៊ី។» សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានលើកឡើងដូច្នេះ។
សម្តេចប៉ាបបន្ថែមថា ជាមួយនឹងភាពស៊ីសង្វាក់គ្នាមួយចំនួន ព្រះសហគមន៍អាចកើតជារូបរាង ហើយបានពង្រឹងខ្លួនក្នុងដំណើរវិវដ្ត ទន្ទឹមនេះព្រះសហគមន៍អាស៊ីក៏ត្រូវរិះគិតអំពី តើព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលអ្វីខ្លះដល់ព្រះសហគមន៍នៅទ្វីបអាស៊ីនេះ?
ជាមួយគ្នានេះ សម្តេចប៉ាប បានជំរុញឲ្យព្រះសហគមន៍អាស៊ីឆ្ពោះទៅមុខ ឲ្យគ្រហស្ថដែលទទួលពិធីជ្រមុជទឹកមានមុខងាររបស់គេ ហើយត្រូវគោរពភាពឯកវចនៈនៃបុគ្គលនីមួយៗ ព្រោះថាព្រះសហគមន៍គឺមិនមានសណ្ឋានតែមួយទេ គឺជាលក្ខណៈសកលដោយមានការគោរពចំពោះលក្ខណៈពិសេសរបស់ព្រះសហគមន៍នីមួយៗ។
ក្នុងថ្ងៃដំបូងនៃអង្គសន្និបាតនោះ ក៏មានការអញ្ជើញចូលរួមពី លោកកាឌីណាល់ ១៧ រូប លោកអភិបាលព្រះសហគមន៍កាតូលិក ជាង ២០០ នាក់ និង មន្រ្តីដែលបម្រើនៅក្នុងព្រះសហគមន៍កាតូលិកចំនួនជាង ២០០ នាក់ផ្សេងទៀត និងមានក្រសួងធម្មការនៃប្រទេសថៃផងដែរ។
កម្មវិធីបើកនេះ ក៏មានកុមារមកពីសាលារៀនចំនួន១១ ក្នុងប្រទេសថៃ សម្តែងរឿង ប្រគំតន្ត្រី ច្រៀងចម្រៀង និងរាំរបាំ ដែលមានលក្ខណចម្រុះជាតិសាសន៍នៅក្នុងព្រះសហគមន៍ទ្វីបអាស៊ីតាមរយៈជំនឿបង្ហាញពីភាពស្រស់ស្អាត និងភាពសម្បូរបែបនៃប្រជាជនអាស៊ី ធ្វើការដោយរួបរួមជាមួយគ្នា។
សន្និបាតសភាលោកអភិបាលព្រះសហគមន៍ទ្វីបអាស៊ីនេះ ធ្វើឡើងរយៈពេល៣សប្តាហ៍ គីពីថ្ងៃទី១២-៣០ ខែតុលានេះ ដែលកម្មវិធីនេះធ្វើឡើងដោយផ្ទាល់ផង និងចូលរួមពីចម្ងាយផង ក្នុងនោះអ្នកចូលរួមទាំងអស់នឹងមានឱកាសចែករំលែកបទពិសោធន៍ និងកិច្ចប្រឈម និងរិះគិតរួមជាមួយគ្នា បន្តដំណើរទៅមុខក្នុងនាមជាប្រជាជាតិក្នុងទ្វីបអាស៊ី។
ក្នុងនោះដែរ សមាជិកនៃFABC ដែលមាន២៩ប្រទេសត្រូវបានអញ្ជើញឲ្យចូលរួម ដើម្បីចែករំលែកអំពីស្ថានភាពនៃប្រទេសរៀងៗខ្លួន មានដូចជា នយោបាយ សេដ្ឋកិច្ច សាសនា និងកិច្ចប្រឈមដែលពួកគេមាននៅក្នុងព្រះសហគមន៍នីមួយៗ៕