សន្តីក្លារ៉ា ជាព្រហ្មចារិនី
នាងក្លារ៉ា (១១៩៣-១២៥៣) កើតនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ។ នាថ្ងៃអាទិត្យធ្វើពិធីរំឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម នាងថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយយកតម្រាប់តាមសន្តហ្វ្រង់ស័រ គឺនាងលះបង់អ្វីៗទាំងអស់ ដើម្បីទៅតាមព្រះគ្រីស្ត នាងបានបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមស្ត្រីក្រីក្រ” ឬ “ក្លារិស្ស”។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ១២,១-១២
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! អ្នករស់នៅក្នុងចំណោមពូជអ្នកបះបោរ។ ពួកគេមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្តាប់មិនឮ ដ្បិតពួកគេជាពូជអ្នកបះបោរ។ រីឯអ្នកវិញ កូនមនុស្សអើយ! ចូររៀបចំបង្វេចដូចពួកអ្នកដែលត្រូវខ្មាំងកៀរ ហើយចេញពីផ្ទះទាំងថ្ងៃឱ្យពួកគេឃើញគ្រប់ៗគ្នា។ ធ្វើដូច្នេះ ប្រហែលជាពួកគេដឹងខ្លួនថា ពួកគេជាពូជអ្នកបះបោរ។ អ្នកត្រូវរៀបចំអីវ៉ាន់ វេចបង្វេចទាំងថ្ងៃឱ្យគេឃើញគ្រប់គ្នា។ ដល់ពេលល្ងាចត្រូវចេញដំណើរទៅ ដូចអ្នកដែលត្រូវខ្មាំងកៀរ។ ចូរទម្លុះកំពែងឱ្យគេឃើញ រួចបញ្ចេញបង្វេចតាមប្រឡោះនោះ។ ត្រូវលើកបង្វេចនោះស្ពាយឱ្យពួកគេឃើញ ហើយចេញដំណើរទៅទាំងងងឹត ព្រមទាំងបិទមុខដើម្បីកុំឱ្យអ្នកឃើញថា អ្នកទៅទីណា ដ្បិតយើងចង់ឱ្យអ្នកធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់កូនចៅអ៊ីស្រាអែល»។ ខ្ញុំក៏ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ គឺនៅពេលថ្ងៃ ខ្ញុំរៀបចំអីវ៉ាន់ វេចបង្វេចដូចពួកអ្នកដែលត្រូវខ្មាំងកៀរ។ នៅពេលល្ងាចខ្ញុំទម្លុះកំពែងក្រុងដោយដៃរបស់ខ្ញុំផ្ទាល់ ហើយចេញដំណើរទៅនៅពេលងងឹត ទាំងស្ពាយបង្វេចឱ្យពួកគេឃើញទាំងអស់គ្នា។ លុះព្រឹកឡើង ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖«កូនមនុស្សអើយ! ជនជាតិអ៊ីស្រាអែលដែលជាពូជបះបោរនេះ មុខជាសួរអ្នកថា “តើលោកធ្វើអ្វី?”។ ត្រូវតបទៅពួកគេថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា នេះជាការព្រមានមួយដល់ស្តេចនៅក្រុងយេរូសាឡឹម និងប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មាន ដែលស្ថិតនៅក្រុងនេះ”។ ចូរប្រាប់ពួកគេថា “ខ្ញុំធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ ខ្ញុំបានធ្វើយ៉ាងណា អ្នករាល់គ្នាក៏នឹងធ្វើយ៉ាងនោះដែរ គឺអ្នករាល់គ្នា្ននឹងត្រូវខ្មាំងកៀរយកទៅធ្វើជាឈ្លើយ។ រីឯស្តេចដែលគ្រប់គ្រងអ្នករាល់គ្នា ក៏នឹងស្ពាយបង្វេចចាកចេញពីក្រុងទៅក្នុងពេលងងឹតដែរ។ គេនឹងទម្លុះកំពែងក្រុងឱ្យស្តេចចេញទៅទាំងបិទមុខមិនឱ្យឃើញថា ទ្រង់យាងទៅទីណា”។
ទំនុកតម្កើងលេខ ៧៨ (៧៧),៥៦-៥៩.៦១-៦២ បទព្រហ្មគីតិ
៥៦ | ប៉ុន្តែពួកគេបាន | ល្បងរំខានព្រះម្ចាស់ដែល | |
មានតេជះក្រាស់ក្រែល | ដោយមិនធ្វើតាមបញ្ជា | ។ | |
៥៧ | ពួកគេក្បត់ព្រះអង្គ | មិនត្រាប់ត្រងគ្រប់ៗគ្នា | |
ដូចដូនតាពួកគេ | ចិត្តវៀចវេរដូចកណ្តៀវ | ។ | |
៥៨ | គេបែរថ្វាយបង្គំ | នៅលើភ្នំព្រះក្លែងក្លាយ | |
ដែលជាហេតុធ្វើឱ្យ | ទាស់ព្រះហឫទ័យព្រះអង្គ | ។ | |
៥៩ | ព្រះអង្គឃើញដូច្នេះ | ទ្រង់ព្រះពិរោធយ៉ាងខ្លាំង | |
ហើយលែងរវល់នឹង | ជាតិក្បាលរឹងអ៊ីស្រាអែល | ។ | |
៦១ | ព្រះអង្គបណ្តោយឱ្យ | ខ្មាំងរាប់រយចិត្តអប្រីយ៍ | |
យកហឹបសម្ពន្ធមេត្រី | ជាបារមីនៃព្រះអង្គ | ។ | |
៦២ | ហើយទ្រង់បណ្តោយឱ្យ | រាស្ត្រទន់ខ្សោយស្លាប់បាត់បង់ | |
ដោយមុខដាវតម្រង់ | សត្រូវប៉ងកាប់ប្រល័យ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១៣៥
អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះមេត្តាអាណិតអាសូរមកយើងខ្ញុំជាអ្នកបម្រើព្រះអង្គ។ សូមបង្រៀនយើងខ្ញុំឱ្យស្គាល់ព្រះហឫទ័យព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,២១-១៩,១
លោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលថា៖«បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឱ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេចិតសិបដង គុណនឹងប្រាំពីរដង។ ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងស្តេចមួយអង្គដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្តើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ ដោយអ្នកនោះគ្មានប្រាក់សង ស្តេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់ដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្តេច ទូលអង្វថា “សូមទ្រង់មេត្តាអត់ឱនពន្យារពេលឱ្យទូលបង្គំផង! ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរដល់អ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឱ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់ជួបនឹងគូកនម្នាក់ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់ក ទាំងពោលថា៖ “សងប្រាក់អញទាំងអស់មក!”។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា“សុំអត់ឱនពន្យារពេលឱ្យគ្នាផង គ្នានឹងសងវិញគ្រប់ចំនួន”។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំងរហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង ហើយនាំគ្នាយករឿងនេះទៅទូលស្តេច។ ស្តេចក៏ហៅអ្នកបម្រើនោះមកសួរថា “នែ៎! អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង យើងក៏អាណិតមេត្តាឯង។ ហេតុដូចម្តេចបានជាឯងពុំព្រមអាណិតមេត្តាដល់គូកនរបស់ឯងផងដូច្នេះ?” ស្តេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងដាក់ទោសដល់អ្នករាល់គ្នាដែរ»។ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ទ្រង់ក៏ចាកចេញពីស្រុកកាលីឡេយាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។