LENT 2022
***
«យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់ យើងនឹងច្រូតបានផលជាមិនខាន។ ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់» (កាឡាទី ៦,៩-១០)។
បងប្អូនជាទីស្រឡាញ់
រដូវ៤០ថ្ងៃ ឬរដូវអប់រំពិសេសគឺជាពេលវេលាដ៏សំខាន់ ដើម្បីចាប់ផ្តើមសារជាថ្មីសម្រាប់បុគ្គលម្នាក់ៗ និងសហគមន៍ ធ្វើដំណើរឆ្ពោះទៅរកបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្ត ដែលសោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ការធ្វើដំណើរក្នុងអំឡុងពេលរដូវអប់រំពិសេសឆ្នាំ២០២២នេះ យើងគប្បីរួមគ្នារិះគិតអំពីពាក្យទូន្មានរបស់សន្តប៉ូលនៅក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទក្រុងកាឡាទីថាៈ «យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់ យើងនឹងច្រូតបានផលជាមិនខាន។ ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់» (កាឡាទី ៦,៩-១០)។
១. ការសាបព្រោះ និងការប្រមូលផល
ឃ្លាព្រះបន្ទូលខាងលើនេះ គ្រីស្តទូតប៉ូលលើកយកនិមិត្តរូបអំពីការសាបព្រោះ និងការប្រមូលផល ដែលមានសារសំខាន់សម្រាប់ព្រះយេស៊ូ(ម៉ាថាយ ១៣)។ គ្រីស្តទូតប៉ូលថ្លែងឱ្យយើងដឹងអំពីឱកាស គឺជាពេលវេលាដ៏សំខាន់សម្រាប់សាបព្រោះអំពើល្អដើម្បីអាចប្រមូលផលបាន។ តើឱកាសសម្រាប់យើងសាបព្រោះអំពើល្អនៅពេលណា? ពិតមែន នៅក្នុងរដូវអប់រំពិសេសគឺជាឱកាសល្អ ប៉ុន្តែ គ្រប់ពេលវេលាទាំងអស់នៃជីវិតរបស់មនុស្សនៅក្នុងលោកនេះ គឺជាឱកាសសម្រាប់ប្រព្រឹត្តអំពើល្អ។ រីឯ រដូវអប់រំពិសេសគ្រាន់តែជានិមិត្តរូបមួយ[1]។ នៅក្នុងជីវិតរបស់យើង យើងមានចិត្តអំនួត មានចិត្តលោភលន់មិនចេះស្កប់ស្កល់ យើងតែងតែមានចិត្តចង់បានហើយចង់បានទៀត ដូចមានថ្លែងជាពាក្យប្រស្នាក្នុងគម្ពីរដំណឹងល្អស្តីអំពីបុរសឆោតល្ងង់ម្នាក់ដែលអរសប្បាយ ហើយពឹងផ្អែកលើភោគផលស្តុកស្តម្ភ ដែលគាត់បានប្រមូលទុកនៅក្នុងជង្រុក(លូកា ១២,១៦-២១)។ រដូវអប់រំពិសេសអញ្ជើញយើងឱ្យកែប្រែចិត្តគំនិត ផ្លាស់ប្តូរការគិត ដើម្បីឱ្យជីវិតមានសេចក្តីពិត និងមានសោភ័ណភាព ដោយអាស្រ័យលើការធ្វើទាន ជាជាងការចង់បានធ្វើជាកម្មសិទ្ធិ និងដោយអាស្រ័យលើការសាបព្រោះទង្វើល្អ ព្រមទាំងចេះចែករំលែក ជាជាងការចង់បានហើយចង់បានទៀតឥតឈប់ឈរ។
កសិករទី១គឺជាព្រះជាម្ចាស់ផ្ទាល់ប្រកបដោយព្រះហឫទ័យសប្បុរស «បន្តសាបព្រោះសេចក្តីល្អក្នុងមនុស្ស» (Enc. Fratelli tutti, លេខ ៥៤)។ នៅក្នុងអំឡុងពេលរដូវអប់រំពិសេស ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យឆ្លើយតបដោយស្តាប់ព្រះបន្ទូល «ដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ» (ហប ៤,១២)។ យើងយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីញ៉ាំងឱ្យមានចិត្តស្លូតបូត(យ៉ាកុប ១,២១) នាំឱ្យជីវិតអាចបង្កើតផលផ្លែបានល្អ។ ប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យស្តាប់ព្រះបន្ទូល នាំឱ្យយើងមានអំណរទៅហើយ ចុះទម្រាំបើព្រះអង្គត្រាស់ហៅយើងឱ្យ «ធ្វើការរួមជាមួយព្រះអង្គ»(១កូរិនថូស ៣,៩) ដើម្បីសាបព្រោះទង្វើល្អ ក្នុងពេលបច្ចុប្បន្នកាលនេះ (អេភេសូ ៥,១៦) នោះយើងនឹងរឹតតែមានអំណរថែមទៀតជាពុំខាន។ កុំគិតថា ការត្រាស់ហៅឱ្យសាបព្រោះទង្វើល្អក្លាយជាបន្ទុកឡើយ គប្បីយល់ថាជាព្រះអំណោយទាន ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យបង្រួបបង្រួមយើងឱ្យចូលរួមយ៉ាងសកម្មក្នុងគម្រោងការរបស់ព្រះអង្គ។
ចំណែកឯការប្រមូលផលវិញ? តើយើងសាបព្រោះ មិនមែនដើម្បីប្រមូលផលទេឬ? ពិតមែនការសាបព្រោះដើម្បីប្រមូលផល។ សន្តប៉ូលបានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងរវាងការសាបព្រោះ និងការប្រមូលផល ដោយរម្លឹកយ៉ាងច្បាស់ថាៈ «អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ»(២កូរិនថូស ៩,៦)។ តើប្រមូលផលអ្វី? ផលដំបូងដែលបានសាបព្រោះ គឺនៅក្នុងខ្លួនយើង និងនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់យើង រហូតដល់ទង្វើតូចតាចដ៏ល្អ។ ក្នុងព្រះជាម្ចាស់ គ្រប់ទង្វើនៃសេចក្តីស្រឡាញ់ និងចិត្តសប្បុរសទាំងអស់ ទោះបីតូចតាចក្តី មិនចេះសាបសូន្យឡើយ (សូមមើល អំណរហូរមកពីដំណឹងល្អ លេខ ២៧៩)។ អំពើល្អសាយក្លិនក្រអូបរបស់ព្រះគ្រីស្តដល់ពិភពលោក (២កូរិនថូស ២,១៥) ដូចគេស្គាល់ដើមឈើតាមរយៈផ្លែរបស់វា(ម៉ាថាយ ៧,១៦-២០) ដូចជីវិតមានពន្លឺត្រចេះត្រចង់ដោយសារអំពើល្អ (ម៉ាថាយ ៥,១៤-១៦)។ ការបម្រើព្រះជាម្ចាស់ដោយមិនប្រព្រឹត្តអំពើបាប នឹងប្រមូលផលភាពដ៏វិសុទ្ធសម្រាប់ការសង្រ្គោះរបស់មនុស្សទាំងអស់(រ៉ូម ៦,២២)។
ជាការពិត យោងតាមសុភាសិតក្នុងគម្ពីរដំណឹងល្អៈ «ម្នាក់ព្រោះ ម្នាក់ទៀតច្រូត» (យ៉ូហាន ៤,៣៧) នាំឱ្យយើងអាចមើលឃើញផលផ្លែមួយចំណែកតូចដែលយើងបានសាបព្រោះ។ ការសាបព្រោះទង្វើល្អចំពោះអ្នកដទៃ បានចូលរួមយ៉ាងខ្ពង់ខ្ពស់ជាមួយព្រះជាម្ចាស់ៈ «ការដាក់សេចក្តីសង្ឃឹមរបស់យើងក្នុងឫទ្ធានុភាពដ៏អាថ៌កំបាំងនៃគ្រាប់ពូជដែលយើងសាបព្រោះ ហើយទុកឱ្យវាបង្កើតផលដើម្បីឱ្យអ្នកដទៃប្រមូលពិតជាការប្រពៃណាស់» (Fratelli tutti, លេខ ១៩៦)។ សាបព្រោះអំពើល្អចំពោះអ្នកដទៃ ជួយយើងឱ្យរំដោះខ្លួនចេញពីគំនិតនៃការចង់ចំណេញសម្រាប់តែខ្លួនឯង ហើយផ្តល់ឱ្យយើងចេះប្រព្រឹត្តទង្វើដោយមិនគិតពីរង្វាន់ ដើម្បីចូលរួមក្នុងគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។
ព្រះបន្ទូលព្រះជាម្ចាស់ជួយយើងឱ្យចេះមើលទូលំទូលាយ និងខ្ពង់ខ្ពស់។ ព្រះបន្ទូលប្រកាសឱ្យយើងដឹងអំពីការប្រមូលផលពិតប្រាកដនៅគ្រាអាវសានកាលនៃពិភពលោក គឺនៅគ្រាចុងក្រោយបំផុត ពោលគឺពេលចុងក្រោយដែលគ្មានព្រះអាទិត្យអស្តង្គត។ ផលផ្លែ និងទង្វើនៅក្នុងជីវិតរបស់យើងគឺ «ផលផ្លែនៃជីវិតអស់កល្បជានិច្ច» (យ៉ូហាន ៤,៣៦) ដែលជា «កំណប់របស់យើងនៅស្ថានបរមសុខ» (លូកា ១២,៣៣; ១៨,២២)។ ព្រះយេស៊ូប្រើប្រាស់និមិត្តរូបអំពីគ្រាប់ពូជ ដែលងាប់នៅក្នុងដី ហើយបង្កើតផល ដើម្បីឆ្លុះបញ្ចាំងអំពីការអាថ៌កំបាំងដែលព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ(យ៉ូហាន ១២,២៤)។ សន្តប៉ូលបានលើកយកនិមិត្តរូបនេះ ដើម្បីថ្លែងអំពីរូបកាយរបស់យើងដែលរស់ឡើងវិញ «រូបកាយដែលគេកប់ក្នុងដីរមែងតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។ រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។ រូបកាយដែលគេកប់ក្នុងដីជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះវិញ្ញាណ។» (១កូរិនថូស ១៥,៤២-៤៤)។ សេចក្តីសង្ឃឹមដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញផ្តល់ឱ្យពិភពលោកនេះមានពន្លឺត្រចេះត្រចង់ «ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រីស្ត សម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ! ប៉ុន្តែ ព្រះគ្រីស្តពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។» (១កូរិនថូស ១៥,១៩-២០)។ ចំពោះអស់អ្នកដែលរួមក្នុងសេចក្តីស្រឡាញ់ជាមួយព្រះគ្រីស្ត «ក៏នឹងបានរួមជាមួយព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដែរ» (រ៉ូម ៦,៥) គឺបានរួមជាមួយព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញសម្រាប់ជីវិតអស់កល្បជានិច្ច(យ៉ូហាន ៥,២៩)។ «មនុស្សសុចរិតវិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ»(ម៉ាថាយ ១៣,៤៣)។
២. យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ
ព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញប្រទានឱ្យយើងមានសេចក្តីសង្ឃឹម គឺ«សេចក្តីសង្ឃឹមថានឹងបាន»ជីវិតអស់កល្បជានិច្ចនៅក្នុងលោកនេះ និងផ្តល់ឱ្យយើងទទួលការសង្គ្រោះនាពេលបច្ចុប្បន្ននេះផងដែរ (BENOIT XVI, Enc. Spe salvi, លេខ ៣ និង ៧)។ ការប្រឈមមុខនឹងភាពល្វីងជូចត់ចំពោះការខកចិត្តក្នុងក្តីស្រម៉ៃ ការប្រឈមមុខនឹងក្តីបារម្ភចំពោះឧបសគ្គដែលកើតមាននៅចំពោះមុខ ការប្រឈមមុខនឹងការធ្លាក់ទឹកចិត្តចំពោះភាពក្រីក្រដែលខ្វះមធ្យោបាយដោះស្រាយ នាំឱ្យមានការល្បួងបែរទៅរកការពឹងពាក់តែលើភាពអាត្មានិយមផ្ទាល់ខ្លួន និងពឹងផ្អែកទៅលើទុក្ខលំបាករបស់អ្នកដទៃ។ ជាក់ស្តែង ទោះបីមនុស្សមានកម្លាំងដ៏អស្ចារ្យយ៉ាងណា ក៏មនុស្សនៅមានព្រំដែន «ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួល» (អេសាយ ៤០,៣០) តែព្រះជាម្ចាស់ «ព្រះអង្គប្រទានកម្លាំងពលំដល់អ្នកនឿយហត់ និងខ្សោះល្វើយ[…] រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។» (អេសាយ ៤០,២៩.៣១)។ រដូវអប់រំពិសេសរម្លឹកយើងឱ្យផ្ញើជំនឿ និងសេចក្តីសង្ឃឹមក្នុងព្រះអម្ចាស់ (១សិលា ១,២១) ដ្បិតមានតែការសម្លឹងមើលព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញប៉ុណ្ណោះ (ហេប្រឺ ១២,២) ទើបអាចឱ្យយើងស្តាប់ពាក្យដែលគ្រីស្តទូតបានទូន្មានៈ «យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ» (កាឡាទី ៦,៩)។
យើងមិនត្រូវនឿយណាយនឹងការអធិដ្ឋានឡើយ។ ព្រះយេស៊ូបានបង្រៀន ត្រូវតែ«អធិដ្ឋានឥតឈប់ឈរ»(លូកា ១៨,១)។ យើងត្រូវអធិដ្ឋាន ដ្បិតយើងត្រូវការព្រះជាម្ចាស់។ ការយល់ឃើញថា ការពឹងផ្អែកតែលើកម្លាំងខ្លួនឯងគឺគ្រប់គ្រាន់ហើយ ជាការយល់ច្រឡំដ៏គ្រោះថ្នាក់។ ប្រសិនបើជំងឺរាតត្បាតបង្ករផលប៉ះពាល់ឱ្យយើងទទួលស្គាល់ពីភាពទន់ខ្សោយទាំងបុគ្គល និងសង្គម សូមឱ្យរដូវអប់រំពិសេសនេះជួយយើងឱ្យមានបទពិសោធន៍ជំនឿរឹងប៉ឹងក្នុងព្រះជាម្ចាស់ ដែលជាទីពឹងរបស់យើង (អេសាយ ៧,៩)។ គ្មាននរណាម្នាក់អាចសង្គ្រោះខ្លួនឯងបានឡើយ ដ្បិតយើងទាំងអស់គ្នានៅក្នុងទូកដែលត្រូវខ្យល់ព្យុះនៃប្រវត្តិសាស្រ្តកំពុងបក់បោក[2]។ គ្មាននរណាម្នាក់អាចសង្គ្រោះខ្លួនឯងដោយគ្មានព្រះជាម្ចាស់បានឡើយ ដ្បិតមានតែការអាថ៌កំបាំងនៃបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្តប៉ុណ្ណោះ ដែលផ្តល់ជ័យជំនេះនៅលើទឹកនៃសេចក្តីស្លាប់។ ជំនឿមិនបង្វែរទុក្ខលំបាកចេញពីជីវិតរបស់យើងទេ តែជំនឿផ្តល់ឱ្យយើងឆ្លងកាត់ទុក្ខលំបាកទាំងនោះដោយរួមជាមួយព្រះជាម្ចាស់ក្នុងអង្គព្រះយេស៊ូគ្រីស្ត ដែលប្រទានឱ្យយើងមានសេចក្តីសង្ឃឹមយ៉ាងមុតម៉ាំ និងមិនបណ្តោយឱ្យយើងខកចិត្តឡើយ ហើយព្រះវិញ្ញាណដ៏វិសុទ្ធក៏ចាក់បង្ហូរសេចក្តីស្រឡាញ់មកបញ្ចាំក្នុងចិត្តរបស់យើងផងដែរ(រ៉ូម ៥,១-៥)។
យើងមិនត្រូវនឿយណាយនឹងការលុបបំបាត់អំពើអាក្រក់ចេញពីក្នុងជីវិតរបស់យើងឡើយ។ សូមឱ្យការតមអាហារខាងរូបកាយក្នុងរដូវអប់រំពិសេស ពង្រឹងស្មារតីរបស់យើងប្រឆាំងនឹងអំពើបាប។ យើងមិនត្រូវនឿយណាយនឹងការស្នើសុំការលើកលែងទោសក្នុងអគ្គសញ្ញាស្រាយបាប និងសម្រុះសម្រួលឡើយ។ យើងគប្បីដឹងថា ព្រះជាម្ចាស់មិននឿយហត់នឹងលើកលែងទោសឱ្យយើងនោះទេ[3]។ យើងមិនត្រូវនឿយណាយប្រឆាំងនឹងកាមតណ្ហាឡើយ។ វាគឺជាភាពទន់ខ្សោយដែលជំរុញយើងឱ្យក្លាយទៅជាអាត្មានិយម និងប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង។ នៅគ្រប់សម័យទាំងអស់ គេសង្កេតឃើញមនុស្សមានមធ្យោបាយជាច្រើន ដែលបណ្តាលឱ្យខ្លួនធ្លាក់ទៅក្នុងអំពើបាប (cf. Enc. Fratelli tutti, លេខ ១៦៦)។ មធ្យោបាយទាំងនោះរួមមាន ការញៀននឹងបណ្តាញព័ត៌មានឌីជីថល ដែលញ៉ាំងឱ្យទំនាក់ទំនងរបស់មនុស្សកាន់តែខ្សោយទៅ។ រដូវអប់រំពិសេសគឺជាពេលវេលាដ៏សំខាន់ ដើម្បីប្រឆាំងរាល់ឧបសគ្គទាំងនេះ ហើយជួយឱ្យយកចិត្តទុកដាក់បង្កើតទំនាក់ទំនងទាំងស្រុងជាមួយគ្នាទៅវិញទៅមក (ឯកសារដដែល លេខ ៤៣) គឺការបង្កើតទំនាក់ទំនងជាក់ស្តែង (ឯកសារដដែល លេខ ៥០) ទល់មុខគ្នា។
យើងមិននឿយណាយនឹងប្រព្រឹត្តអំពើល្អ ដោយធ្វើកិច្ចការសប្បុរសជាក់ស្តែងចំពោះបងប្អូនឯទៀតឡើយ។ ក្នុងរដូវអប់រំពិសេស យើងធ្វើទានដោយមានចិត្តអរសប្បាយ (២កូរិនថូស ៩,៧)។ ព្រះអង្គដែល«ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឱ្យគេផងដែរ» (២កូរិនថូស ៩,១០) ដើម្បីផ្គត់ផ្គង់ឱ្យយើងម្នាក់ៗ មិនមែនគ្រាន់តែមានអាហារបរិភោគប៉ុណ្ណោះទេ គឺឱ្យយើងចេះចែករំលែកដោយចិត្តសប្បុរសដោយប្រព្រឹត្តអំពើល្អចំពោះបងប្អូនឯទៀតផងដែរ។ ប្រសិនបើនៅក្នុងឆាកជីវិតរបស់យើងទាំងមូល គឺជាពេលវេលាដើម្បីសាបព្រោះអំពើល្អ សូមយកពេលវេលាក្នុងឱកាសរដូវអប់រំពិសេសនេះជួយថែរក្សាបងប្អូនឯទៀតៗ ដើម្បីឱ្យយើងបានជិតស្និទ្ធជាមួយបងប្អូនរបស់យើង ដែលកំពុងមានរបួសនៅលើមាគ៌ានៃជីវិត(លូកា ១០,២៥-៣៧)។ រដូវអប់រំពិសេស គឺជាឱកាសដ៏ល្អ ដើម្បីស្វែងរក ហើយមិនមែនគេចចេញពីបងប្អូនដែលត្រូវការជំនួយឡើយ។ ចូរហៅ ហើយកុំធ្វើព្រងើយចំពោះអស់បងប្អូន ដែលត្រូវការស្តាប់ពាក្យពេចន៍ដ៏ពិរោះ។ ចូរសួរសុខទុក្ខ និងកុំបោះបង់បងប្អូន ដែលរងទុក្ខដោយសារភាពឯកោ។ ចូរយើងប្រព្រឹត្តអំពើល្អចំពោះបងប្អូនទាំងអស់ ដោយយកពេលវេលាស្រឡាញ់បងប្អូនតូចតាច និងគ្មានទីពឹង បងប្អូនដែលត្រូវគេបោះបង់ចោល និងបងប្អូនដែលត្រូវគេមើលងាយ បងប្អូនជនរងគ្រោះដោយសារការរើសអើង និងបងប្អូនដែលគ្មានតម្លៃកំពុងឋិតនៅខាងក្រៅសង្គម (cf. Enc. Fratelli tutti, លេខ ១៩៣)។
៣. ប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ យើងនឹងច្រូតបានផលជាមិនខាន
រដូវអប់រំពិសេសរម្លឹកយើងជារៀងរាល់ឆ្នាំគឺ «អំពើល្អ សេចក្តីស្រឡាញ់ យុត្តិធម៌ និងសាមគ្គីភាព មិនមែនធ្វើតែម្តងរួចរាល់នោះទេ ត្រូវតែអនុវត្តជារៀងរាល់ថ្ងៃ» (ឯកសារដដែល លេខ ១១)។ ចូរអង្វរព្រះជាម្ចាស់ប្រទានឱ្យមានចិត្តអត់ធ្មត់ជានិច្ច ដើម្បីក្លាយជាអ្នកបង្កើតផល(យ៉ាកុប ៥,៧) ដែលប្រព្រឹត្តអំពើល្អជាប្រចាំ។ សូមឱ្យអស់បងប្អូនដែលដួលឈោងដៃចាប់ព្រះហស្តព្រះជាម្ចាស់លើកខ្លួនឡើង។ សូមឱ្យបងប្អូនដែលវង្វេងស្មារតី បណ្តោយខ្លួនធ្លាក់ទៅតាមការទាក់ទាញរបស់មារ បែរមករកព្រះអម្ចាស់វិញ «ព្រះអង្គមានព្រះហឫទ័យអត់ទោសទូលំទូលាយ» (អេសាយ ៥៥,៧)។ នៅក្នុងពេលវេលានៃការប្រែចិត្តគំនិតនេះ ចុះពឹងផ្អែកលើព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់ និងពឹងផ្អែកលើការរួបរួមគ្នាជាធ្លុងតែមួយរបស់ព្រះសហគមន៍។ សូមយើងកុំនឿយណាយនឹងសាបព្រោះអំពើល្អឡើយ។ តមអាហារគឺជាការរៀបចំដី អធិដ្ឋានគឺជាការស្រោចទឹក កិច្ចការសប្បុរសគឺជាការបង្កើតផល។ យើងទុកចិត្តច្បាស់លាស់នៅក្នុងជំនឿថា «យើងនឹងច្រូតបានផលជាមិនខាន ប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ» រួមនឹងអំណោយទានដោយចិត្តស៊ូទ្រាំ យើងនឹងទទួលផលតាមព្រះបន្ទូលសន្យា(ហេប្រឺ ១០,៣៦) សម្រាប់ការសង្រ្គោះរបស់យើង និងបងប្អូនឯទៀតជាមិនខាន(១ធីម៉ូថេ ៤,១៦)។ ការប្រព្រឹត្តសេចក្តីស្រឡាញ់ជាភាតរភាពចំពោះមនុស្សគ្រប់គ្នា នាំយើងឱ្យរួបរួមជាមួយព្រះគ្រីស្ត ដែលបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង (២កូរិនថូស ៥,១៤-១៥) ដើម្បីប្រទានឱ្យយើងមានអំណរនៃព្រះរាជស្ថានបរមសុខ ដល់ពេលព្រះជាម្ចាស់ «គ្រងរាជ្យលើអ្វីៗទាំងអស់ក្នុងគ្រប់ប្រការទាំងអស់» (១កូរិនថូស ១៥,២៨)។
បពិត្រព្រះនាងម៉ារី ព្រះសង្គ្រោះបានចាប់កំណើតក្នុងផ្ទៃព្រះនាង
ព្រះនាងបានចងចាំហេតុទាំងអស់
ហើយថែមទាំងរិះគិតពិចារណា
នៅក្នុងដួងចិត្តទៀតផង (លូកា ២,១៩)។
សូមព្រះនាងប្រទានឱ្យយើងទទួលព្រះអំណោយទាននូវចិត្តស៊ូទ្រាំ
និងបានរួមជិតស្និទ្ធជាមួយព្រះអម្ចាស់តាមរយៈព្រះមាតាព្រះអង្គ
ដើម្បីឱ្យពេលវេលានៃការប្រែចិត្តគំនិតនេះ
ទទួលផលនៃការសង្គ្រោះអស់កល្បជានិច្ចផង។
ធ្វើនៅទីក្រុងរ៉ូម ព្រះវិសាលវិហារ សន្តយ៉ូហាន ឡាត្រង់
ក្នុងឱកាសបុណ្យរម្លឹកសន្តម៉ាតាំង ជាលោកអភិបាល
ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១
[1] Cf. SAINT AUGUSTIN , Serm. 243, 9,8 ; 270, 3 ; Fr. dans Ps. 110, 1.
[2] Cf. Moment extraordinaire de prière en temps d’épidémie (27 mars 2020).
[3] Cf. Angélus du 17 mars 2013.