អាលេលូយ៉ា! ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញហើយ! ព្រះវិញ្ញាណបានប្រទាន ឱ្យព្រះយេស៊ូមានជីវិតបែបថ្មី និងស្ថិននៅជាមួយអស់អ្នកជឿ។ ថ្ងៃនេះ គ្រីស្តបរិស័ទនាំគ្នាលើកតម្កើងព្រះជាម្ចាស់ដែលជាប្រភពនៃជីវិត។
អត្ថបទទី ១ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក ១០,៣៤.៣៧-៤៣
ពេលនោះ លោកសិលាទៅដល់ក្រុងតេសារ៉េ ចូលផ្ទះនាយទាហានរ៉ូមុាំង។ លោកមានប្រសាសន៍ថា៖«បងប្អូនជ្រាបថាហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលចាប់ផ្តើមនៅស្រុកកាលីឡេ បន្ទាប់ពីពេលដែលលោកយ៉ូហានប្រកាសឱ្យបណ្តាជនទទួលពិធីជ្រមុជទឹក គឺថាព្រះជាម្ចាស់បានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ និងប្ញទ្ធានុភាពមកអភិសេកលោកយេស៊ូ ជាអ្នកស្រុកណាសារ៉ែត។ បងប្អូនជ្រាបដែរថា ព្រះយេស៊ូយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឱ្យបានជា ដ្បិតព្រះជាម្ចាស់គង់នៅជាមួយព្រះអង្គ។ យើងជាសាក្សីអំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើនៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គ ដោយព្យួរនៅលើឈើ។ ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មីនៅថ្ងៃទីបី និងប្រោសប្រទានឱ្យព្រះអង្គបង្ហាញខ្លួនដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុន ឱ្យធ្វើជាសាក្សីបានឃើញ គឺយើងហ្នឹងហើយជាសាក្សី យើងដែលបានបរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មថ្មី។ ព្រះជាម្ចាស់ពុំបានឱ្យព្រះយេស៊ូបង្ហាញខ្លួនឱ្យប្រជារាស្ត្រ ទាំងមូលឃើញទេ។ ព្រះយេស៊ូបានបញ្ជាឱ្យយើងធ្វើជាសាក្សីប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឱ្យវិនិច្ឆ័យមនុស្សរស់និងមនុស្សស្លាប់។ ព្យាការីទាំងប៉ុន្មានសុទ្ធតែបាន ផ្តល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោស ឱ្យរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។
ទំនុកតម្កើងលេខ ១១៨ (១១៧) ,១.៤.១៦-១៧.២២-២៣ បទពាក្យ ៧
| ១ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ | |
| សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ | ។ | |
| ៤ | អស់អ្នកគោរពកោតខ្លាចព្រះ | ក៏ត្រូវប្រកាសឱ្យក្តែងៗ | |
| ដូចអ៊ីស្រាអែលកុំបីក្រែង | ហប្ញទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ | ។ | |
| ១៦ | ព្រះអង្គសម្តែងបារមីខ្ពស់ | ប្រសើរលើសលប់មិនទន់ទាប | |
| ព្រះអង្គបង្ហាញឱ្យគេជ្រាប | ប្ញទ្ធានុភាពអស្ចារ្យក្រៃ | ។ | |
| ១៧ | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
| ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ | |
| ២២ | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
| ជើងសសរផ្ទះមាំឥតខ្វល់ | ល្បីល្បាញឮដល់សព្វជាតិសាសន៍ | ។ | |
| ២៣ | ព្រះអង្គសម្រេចការអស្ចារ្យ | ដោយប្ញទ្ធិថ្លៃថ្លានៃអម្ចាស់ | |
| អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូឡូស កឡ ៣,១-៤
បងប្អូនជាទីស្រឡាញ់!
ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះជាម្ចាស់នោះវិញ។ ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជាម្ចាស់ដែរ។ ពេលព្រះគ្រីស្តដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយព្រះគ្រីស្ត ប្រកបដោយសិរីរុងរឿងដែរ។
ឬសូមអានអត្ថបទខាងក្រោមនេះ
សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ករ ៥,៦ខ-៨
បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបច្បាស់ថា មេតែបន្តិចអាចធ្វើឱ្យម្សៅទាំងអស់ដោរឡើង!។ សូមបងប្អូនជម្រះខ្លួនឱ្យបានបរិសុទ្ធ ផុតពីមេម្សៅចាស់នោះ ដើម្បីឱ្យបងប្អូនបានទៅជាម្សៅថ្មីដែលគ្មានមេ ដ្បិតព្រះគ្រីស្តដែលជាយញ្ញបូជារបស់យើងក្នុងឱកាសបុណ្យចម្លង បានបូជាព្រះជន្មរួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លងដោយប្រើ នំប័ុងឥតមេ ជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង មិនប្រើនំប័ុងដែលមានមេម្សៅចាស់ ឬដែលមានមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ករ ៥,៧-៨
អាលេលូយ៉ា! អាលេលូយ៉ា! ព្រះគ្រីស្តដែលជាយញ្ញបូជារបស់យើងក្នុងឱកាសបុណ្យចម្លង បានបូជាព្រះជន្មរួចស្រេចទៅហើយ!។ យើងនាំគ្នាបរិភោគយ៉ាងសប្បាយនៅពិធីជប់លៀងរបស់ព្រះអម្ចាស់! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១-៩
នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថា មានគេយកថ្មពីមាត់ផ្នូរផុតទៅហើយ។ នាងក៏រត់មកជម្រាបលោកស៊ីម៉ូនសិលា និងសាវ័កម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ថា៖«គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកដាក់នៅឯណាទេ!»។ លោកសិលា និងសាវ័កម្នាក់ទៀតនោះក៏ចេញទៅផ្នូរ។ សាវ័កទាំងពីររត់ទៅជាមួយគ្នាតែសាវ័កមា្នក់នោះរត់លឿនជាងលោកសិលាទៅដល់ផ្នូរមុន។ គាត់ឈ្ងោកមើលទៅឃើញសំពត់ស្នប តែគាត់មិនបានចូលទៅក្នុងផ្នូរឡើយ។ លោកស៊ីម៉ូនសិលារត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គមូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ពេលនោះ សាវ័កដែលទៅដល់ផ្នូរមុនក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ ។ កាលណោះ ក្រុមសាវ័កពុំទាន់យល់អត្ថន័យគម្ពីរដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។





