អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះយេស៊ូជាព្រះបុត្រាផ្ទាល់របស់ព្រះអង្គ ដើម្បីណែនាំយើងខ្ញុំឱ្យស្គាល់ព្រះអង្គ! ព្រះអង្គក៏សព្វព្រះហឫទ័យចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំ ស្គាល់ជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ និងរស់នៅក្នុងលោកនេះឱ្យបានស្របតាមឋានៈរបស់ខ្លួនផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣៤,៤-៦.៨-៩

លោកម៉ូសេក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណៃតាមបញ្ជារបស់ព្រះអម្ចាស់។ ព្រះអម្ចាស់យាងចុះមកក្នុងពពក ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេទាំងប្រកាសព្រះនាមព្រះអម្ចាស់។ បន្ទាប់មក ព្រះអម្ចាស់ឆ្លងកាត់ពីមុខលោកម៉ូសេទាំងប្រកាសថា៖ «ព្រះអម្ចាស់! ព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហប្ញទ័យអាណិតអាសូរ និងប្រណីសន្តោស! ព្រះអង្គមានព្រះហប្ញទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហប្ញទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច»។ លោកម៉ូសេក្រាបថ្វាយបង្គំព្រះអម្ចាស់ភ្លាម។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហប្ញទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូសមែន! ប៉ុន្តែ ព្រះអង្គមុខជានឹងអត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំប្រព្រឹត្ត។ ព្រះអង្គមុខជាទទួលយើងខ្ញុំធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គពុំខាន»។

ទំនុកតម្កើងរបស់លោកដានីអែល ៣,៥២-៥៦ បទកាកគតិ

៥២ បពិត្រព្រះម្ចាស់ ជាព្រះរបស់ ដូនតាយើងខ្ញុំ
សូមកោតសរសើរ ទាំងថ្វាយបង្គំ ថ្កើងព្រះឧត្តម
អស់កល្បតទៅ
ខ្ញុំសូមតម្កើង លើកព្រះនាមឡើង ពុំមានអាស្រូវ
សុចរិតយុត្តិធម៌ ទ្រង់គង់ជាផ្លូវ អង្វែងតទៅ
សរសើរព្រះអង្គ
៥៣ សូមកោតសរសើរ ព្រះគ្មានអ្វីស្មើ ក្នុងគ្រានេះម្តង
ទ្រង់ប្រកបដោយ សិរីរឿងរុង ក្នុងវិហារទ្រង់
កុំនៅទីមទាម
៥៤ សូមលើកតម្កើង ព្រះម្ចាស់យាងឡើង លើខេរ៉ូប៊ីម
ខ្ពង់ខ្ពស់បំផុត គ្មានអ្វីប្រៀបផ្ទឹម ស្មូត្រទាំងញញឹម
តម្កើងជានិច្ច
៥៥ សូមតម្កើងទ្រង់ ដែលយាងឡើងគង់ លើបល្ល័ង្ករាជ្យ
សូមច្រៀងតម្កើង រាល់ថ្ងៃព្រឹកល្ងាច ព្រះម្ចាស់ជានិច្ច
កុំប្រែក្រឡាស់
៥៦ សូមថ្កើងសរសើរ ព្រះអង្គនៅលើ វេហាស៍អាកាស
ព្រះអង្គគ្រប់គ្រង ស្ថានបរមសុខខ្ពស់ លើកសិរីយស
ព្រះអង្គរហូត

អត្ថបទទី២៖ សូមថ្លែងលិខិតទី២របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ១៣,១១-១៣

បងប្អូនជាទីស្រឡាញ់!
ចូរមានអំណរឡើង ចូរខំប្រឹងឱ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្តីស្រឡាញ់ និងនៃសេចក្តីសុខសាន្ត មុខជាគង់ជាមួយបងប្អូនមិនខាន។ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ជនដ៏វិសុទ្ធទាំងអស់ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមឱ្យបងប្អូនទាំងអស់គ្នា បានប្រកបដោយព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់ សូមឱ្យបងប្អូនបានប្រកបដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ សូមឱ្យបងប្អូនរួមរស់ជាមួយគ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៨

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងសិរីរុងរឿងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ គឺព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,១៦-១៨

ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុដូច្នេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ។ ព្រះជាម្ចាស់ចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាង​មកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកដោយសារព្រះបុត្រាវិញ។ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ។ រីឯអ្នកមិនព្រមជឿទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានចាត់ព្រះបុត្រាព្រះអង្គ ដើម្បីឱ្យអស់អ្នកជឿលើព្រះបុត្រាទទួលការសង្គ្រោះ។ យើងគ្មានអ្វីតបស្នងព្រះគុណព្រះអង្គទេ ហើយសូមយកកាយ វាចា ចិត្ដ ថ្វាយរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ ជាព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ រួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណជាព្រះត្រៃឯងតែមួយ ដែលបំបែកគ្នាពុំបាន។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមក បង្ហាញសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គចំពោះយើងខ្ញុំ! ព្រះអង្គបានប្រទានវិញ្ញាណព្រះអង្គ ឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្ដបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ «ព្រះដ៏ វិសុទ្ធ»…។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំជាបុត្រធីតាព្រះអង្គ។ ព្រះអង្គបានប្រទានព្រះវិញ្ញាណព្រះអង្គដើម្បីណែនាំយើងខ្ញុំសព្វថ្ងៃនេះ។ សូមទ្រង់ព្រះមេត្ដាប្រោសយើងខ្ញុំឱ្យស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ និងរស់នៅតាមជំនឿរបស់យើងខ្ញុំផង។

Facebook
Twitter
LinkedIn