បុរីវ៉ាទីកង់៖ ដំណើរបូជនីយចរ និងដំណើរទស្សនកិច្ចផ្លូវការ Ad Limina Apostolorum របស់សភាលោកអភិបាលកាតូលិកនៃប្រទេសឡាវ និងកម្ពុជា បានឈានមកដល់ទីបញ្ចប់ប្រកបដោយភាពនឹករលឹក និងពោរពេញដោយអំណរគុណព្រះជាម្ចាស់។ នៅក្នុងឱកាសបិទបញ្ចប់ពេលវេលាដ៏មានអត្ថន័យនេះ លោកអភិបាល អូលីវីយ៉េ បានដឹកនាំការរិះគិតយ៉ាងស៊ីជម្រៅក្នុងអំឡុងពេលប្រារព្ធពិធីអភិបូជានៅវិសាលវិហារសន្តីម៉ារីមាយ័រ ទីក្រុងរ៉ូម ដែលជាវិសាលវិហារដ៏វិសេសវិសាលមួយឧទ្ទិសថ្វាយដល់ព្រះនាងព្រហ្មចារិនីម៉ារី។
នៅធម្មទេសនានោះ លោកអភិបាលបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច Ad Limina Apostolorum លើកនេះ មិនមែនគ្រាន់តែជាទស្សនកិច្ចការងារធម្មតានោះឡើយ ប៉ុន្តែវាគឺជា «ដំណើរបូជនីយចរ» ដ៏ពិតប្រាកដទៅកាន់ផ្នូររបស់គ្រីស្តទូតពីដើម គឺគ្រីស្តទូតសិលា និងគ្រីស្តទូតប៉ូល។ ជាមួយគ្នានេះដែរ ការបញ្ចប់ដំណើរផ្លូវដ៏វិសុទ្ធនេះនៅចំពោះមុខព្រះនាងម៉ារី គឺជាការរំឭកអំពីបុគ្គលគំរូដ៏ឧត្តុង្គឧត្តមនៃភាពជាសាក្សី គង្វាល អ្នកបម្រើ និងអ្នកមានចិត្តបន្ទាបខ្លួន។ លោកអភិបាលក៏បានរំឭកផងដែរអំពីប្រវត្តិដ៏ចម្លែក និងពិសេសនៃវិសាលវិហារនេះ ដែលមានព្រិលធ្លាក់នៅថ្ងៃទី ១៥ ខែសីហា ដែលជាសញ្ញាដំបូងនៃការសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះនាង។
លោកអភិបាល អូលីវីយ៉េ បានបូកសរុបលទ្ធផល និងបទពិសោធន៍សំខាន់ៗដែលទទួលបានក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះជាពីរកម្រិត៖
១. ការរួបរួមជាបងប្អូនយ៉ាងជ្រាលជ្រៅ៖ ការបានរស់នៅ និងចែករំលែកជីវិតប្រចាំថ្ងៃរួមគ្នារវាងលោកអភិបាលនៃប្រទេសឡាវ និងកម្ពុជា។
២. ការរួបរួមជាមួយព្រះសហគមន៍សកល៖ តាមរយៈកិច្ចពិភាក្សាជាមួយក្រសួងនានារបស់សន្តអាសនៈ។ លោកអភិបាលបានមានប្រសាសន៍ដោយក្តីរំភើបថា ទោះបីជាព្រះសហគមន៍នៅក្នុងស្រុករបស់យើងមានលក្ខណៈតូចតាច មើលទៅទន់ខ្សោយ និងមានកម្រិតយ៉ាងណាក៏ដោយ ក៏ជំនឿដ៏រស់រវើក និងរឹងមាំលើព្រះយេស៊ូ បានធ្វើឱ្យរដ្ឋមន្ត្រី និងសមាជិកនៃក្រសួងនានានៅបុរីវ៉ាទីកង់ មានការចាប់អារម្មណ៍ និងស្ញប់ស្ញែងយ៉ាងខ្លាំង។
ស្ថានភាពនេះត្រូវបានលោកអភិបាលប្រៀបប្រដូចទៅនឹង «ដំណើររបស់ពួកហោរាចារ្យ» ដែលបានធ្វើដំណើរពីទីឆ្ងាយដើម្បីមកថ្វាយបង្គំព្រះគ្រីស្ត និងឈរនៅចំពោះមុខព្រះសហគមន៍សកលដើម្បីធ្វើជាសាក្សីនៃសេចក្តីពិត។
ចំណុចលេចធ្លោបំផុតនៃដំណើរទស្សនកិច្ចនេះ គឺជំនួបសម្តែងការគួរសមជាមួយសម្តេចប៉ាប ឡេអូ ១៤ ។ លោកអភិបាលបានរំឭកដល់បណ្តាំរបស់សម្តេចប៉ាបថា ទោះបីជាព្រះសហគមន៍នៅឡាវ និងកម្ពុជា ស្ថិតនៅសែនឆ្ងាយពីទីក្រុងរ៉ូមយ៉ាងណាក៏ដោយ ប៉ុន្តែជំនួបផ្ទាល់នេះបានផ្តល់នូវបទពិសោធន៍ជាក់ស្តែងនៃការរួបរួមគ្នាក្នុងជំនឿតែមួយ ជាគ្រួសារដ៏ធំតែមួយក្នុងពិភពលោក។
ជាចុងក្រោយ លោកអភិបាល អូលីវីយ៉េ បានអំពាវនាវដល់គង្វាលទាំងអស់ នៅពេលត្រឡប់ទៅកាន់ព្រះសហគមន៍ភូមិភាគ និងប្រទេសរៀងៗខ្លួនវិញ ត្រូវរួមគ្នាចែករំលែកនូវអ្វីៗដែលបានឃើញ បានឮ និងព្រះអំណោយទានទាំងឡាយដែលបានទទួល។ លោកបានលើកយកព្រះបន្ទូលពីសារលិខិតរបស់សន្តយូដាសមកបញ្ជាក់ថា បេសកកម្មចម្បងគឺ «ការកសាងគ្នាទៅវិញទៅមកលើជំនឿដ៏វិសុទ្ធបំផុត អធិស្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ និងស្ថិតនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់» ដើម្បីនាំមកនូវក្តីសង្ឃឹមសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក។
មុននឹងបញ្ចប់ពិធី លោកអភិបាល និងគណៈប្រតិភូទាំងអស់ បានរួមគ្នាអធិដ្ឋាន និងផ្ញើជីវិត ក៏ដូចជាព្រះសហគមន៍ទាំងមូលទៅលើព្រះនាងព្រហ្មចារិនីម៉ារី — ដែលជាអ្នកបម្រើ និងជាអ្នកគង្វាលដំបូងបង្អស់ដែលបានទទួលដំណឹងល្អ — ដើម្បីសូមព្រះអង្គប្រទានពរ សេចក្តីសុខ និងថាមពលថ្មីក្នុងការបន្តបេសកកម្មប្រកាសដំណឹងល្អនៅក្នុងទឹកដីកម្ពុជា និងឡាវ តទៅមុខទៀត។






