គ្លីនិកកូមីសូ ត្រូវបានប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍

គ្លីនិកកូមីសូ (KOMISO CLINIC) ដែលកសាងដោយអង្គការសមាគមសាសនទូតកូរ៉េ ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ត្រូវបានប្រទានពរតាមជំនឿនៃព្រះសហគមន៍កាតូលិក និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ។
ពិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ ដោយមានវត្តមានលោកបូជាចារ្យ និងតំណាងគ្រីស្តបរិស័ទមួយចំនួនផងដែរ។


លោកបូជាចារ្យ ជី ហ៊ុន ដែលទទួលខុសត្រូវគ្លីនិកកូមីសូនេះ បានថ្លែងថា គ្លីនិកនេះកសាងឡើងក្នុងគោលបំណងជួយអ្នកក្រីក្រដែលគ្មានលទ្ធភាពព្យាបាល ហើយលោកសង្ឃឹមថាគ្លីនិកនេះជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងកិច្ចការបម្រើអ្នកក្រីក្រ។
លោកបូជាចារ្យ ជី ហ៊ុន មានប្រសាសន៍អំពីដើមហេតុនៃការបង្កើតឱ្យមានគ្លីនិកនេះថា ពីមុនក្រុមកូរ៉េធ្លាប់មកជួយផ្នែកសុខភាពនិងមានទំនាក់ទំនងជាមួយនឹងប្រជាជននៅទីនេះ និងមានគម្រោងការផ្ញើសិស្សស្ម័គ្រចិត្តកូរ៉េផ្នែកថ្នាំពេទ្យដែលមានបទពិសោធនៅកម្ពុជា ក៏ប៉ុន្តែដោយសារតែមេរោគកូវីដ១៩ ទើបពួកគេមិនអាចមកបាន។


លោកថា ៖ «ដោយហេតុនេះ ទើបយើងបង្កើតឱ្យមានគ្លីនិកដោយចាប់ផ្ដើមពីការជួលបន្ទប់តូច និងចាប់ពីឆ្នាំ២០២០មកយើងចាប់ផ្ដើមកសាងអាគារធំដើម្បីងាយស្រួលជួយដល់អ្នកជំងឺ»។
ថ្លែងនៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជាប្រទានពរគ្លីនិកនេះ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍រំឭកថាព្រះយេស៊ូទៅកន្លែងណាតែងតែមានប្រជាជននិងអ្នកជំងឺគ្រប់ប្រភេទទៅកន្លែងនោះ ហើយកន្លែងនេះនឹងធ្វើឱ្យគ្រប់គ្នានឹកឃើញដល់ព្រះយេស៊ូ។
លោកអភិបាលបានថ្លែងថា ៖ «យើងត្រូវព្យាបាលទាំងរូបកាយ និងផ្លូវវិញ្ញាណ។ សង្ឃឹមថាគ្លីនិកនេះមិនមែនជាកន្លែងមួយដែលត្រឹមតែរូបកាយទេ ក៏ប៉ុន្តែជាកន្លែងមួយដែលយល់ច្បាស់លាស់អំពីតម្រូវការរបស់អ្នកជំងឺ និងយល់ពីស្ថានភាពពួកគាត់ ដើម្បីជួយគាត់ឱ្យមានសេចក្ដីសុខសារជាថ្មី»។
លោកក៏បានរំឮកទៀតថា សម្ដេចប៉ាបបានអញ្ជើញឲ្យចូលរួមក្នុងមហាសន្និបាតក្រោមប្រធានបទ «ដើរជាមួយគ្នា» និងធ្វើដំណើរជាមួយគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ដោយរួមគ្នាប្រកាសដំណឹងល្អតាមរយៈគ្រប់វិស័យទាំងអស់ក្នុងនាមព្រះយេស៊ូដែលចាត់ឲ្យទៅប្រកាសដំណឹងល្អ។ ហេតុនេះហើយកន្លែងនេះជាកន្លែងដែលត្រូវប្រកាសដំណឹងល្អក្នុងនាមជាគ្រីស្តបរិស័ទ។


លោកអភិបាល អូលីវីយ៉េ បានបន្តថា ៖ «ជាឱកាសមួយដើម្បីឱ្យយើងគិតសារជាថ្មីតាមរយៈកម្មវិធីផ្សេងៗដើម្បីទៅជាសាក្សីរបស់ព្រះជាម្ចាស់ដោយណែនាំឱ្យអ្នកតូចតាចជាពិសេសអ្នកដែលគ្មានទីពឹងអាចរកឃើញពន្លឺថ្មី និងអាចធ្វើដំណើរទៅមុខបាន»។
លោកបានបន្តទៀតថា ៖ «នេះជាពេលវេលាមួយដើម្បីឱ្យយើងគិតសារជាថ្មីដើម្បីកសាងព្រះសហគមន៍នៅលើទឹកដីកម្ពុជា។ ភូមិភាគភ្នំពេញរបស់យើងគឺប្លែក ដែលមានសាសនទូតក្រៅប្រទេសច្រើននិងមិនសូវមានបូជាចារ្យ បងស្រី កើតចេញពីកម្ពុជាផ្ទាល់»។
អភិបាលរូបនេះបានបញ្ជាក់ថា គោលដៅទីមួយ គឺធ្វើយ៉ាងណាឱ្យអ្នកទាំងអស់គ្នាមានអារម្មណ៍កក់ក្តៅដែលធ្វើដំណើររួមជាមួយគ្នាដោយចែករំលែកបទពិសោធន៍រួមជាមួយគ្នា និងមានកន្លែងដើម្បីចែករំលែក។


លោកថា ៖ «វិស័យសុខភាពអាចទៅមុខ លុះត្រាតែយើងរួមគ្នានៅក្នុងការសហការ នៅក្នុងការយល់ដឹងក្នុងនាមបព្វជិតបព្វជីតាដែលមានព្រះយេស៊ូជាពន្លឺបំភ្លឺយើងដើម្បីណែនាំបងប្អូនឲ្យទៅជាពលរដ្ឋល្អមានសុខភាពល្អ មានសេចក្ដីសង្ឃឹម និងមានកម្លាំងកាយកម្លាំងចិត្ត ដើម្បីប្រកាសដំណឹងល្អលើទឹកដីកម្ពុជា»។
ក្រោយអភិបូជា លោកអភិបាលបានប្រសិទ្ធិពរលើទឹកដែលរំឭកអំពីអគ្គសញ្ញាជ្រមុជទឹកដែលជាជីវិតថ្មី និងប្រោសទឹកព្រះពរលើមនុស្សនិងអាគារគ្លីនិក រួចកាត់ខ្សែបូណ៌ដែលជាសញ្ញាបង្ហាញថាដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍។


តាមការឱ្យដឹងពីលោក អៀ ទីទី (Ea Titi) ប្រធានផ្នែកកម្មវិធីសុខភាពកូមីសូ បានលើកឡើងថា គ្លីនិកនេះមានអាគារផ្នែកធ្មេញ ដោយបំពាក់នូវឧបករណ៍ចំនួន៥ និងម៉ាស៊ីនថតx-ray បន្ទប់សម្អាតធ្មេញ បន្ទប់ពិគ្រោះ បន្ទប់សម្អាតសម្ភារ។
លោកបន្តថា ផ្នែកជំងឺទូទៅមាន៦បន្ទប់ ក្នុងនោះមាន បន្ទប់ក្រុមហ៊ុនកូមីសូដើម្បីគ្រប់គ្រងដីគ្លីនិក បន្ទប់អ្នកជំងឺសម្រាករយ:ពេលខ្លី បន្ទប់ការិយាល័យ បន្ទប់វះកាត់តូច បន្ទប់សម្អាតសម្ភារៈ បន្ទប់ថ្នាំពេទ្យ បន្ទប់ថតនិងតេស្តឈាម និងឃ្លាំង។
គ្លីនិកកូមីសូ នឹងចាប់ផ្ដើមទទួលអ្នកជំងឺឱ្យមកទទួលសេវាកម្មព្យាបាលនៅបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ដោយ៖ ដាលីស

Facebook
Twitter
LinkedIn