និស្សិត តំណាងស្ថាប័ន និងសាសនានានាប្រមាណជា២០០នាក់ បានចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី «បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា» តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ដោយមានកិច្ចសហការពីអង្គការការីតាសកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និងអង្គការការីតាសអាល្លឺម៉ង់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្ដោតសំខាន់លើបរិយាបន្នសង្គមក្នុងបរិបទសាសនា។
កម្មវិធីនេះមានការចូលរួមពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកហាំ ការីម ប្រធានក្រុមការងារសមាគមនិស្សិតអ៊ីស្លាមរាជធានីភ្នំពេញ និងព្រះតេជគុណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និមន្ត និងអញ្ជើញបកស្រាយអំពីបរិយាបន្នសង្គមក្នុងបរិបទសាសនា តាមលទ្ធិសាសនានីមួយរៀងៗខ្លួន។
ព្រះតេជគុណហាក់ សៀងហៃ មានថេរដីកាក្នុងកម្មវិធីនេះ ដោយព្រះអង្គបានបង្ហាញអំពីកិច្ចការដែលព្រះពុទ្ធសាសនាបានចូលរួមនៅក្នុងផ្នែកអប់រំ និងសុខមាលភាពសង្គម ដែលជាបទពិសោធនៃបរិយាបន្នសង្គមក្នុងបរិបទព្រះពុទ្ធសាសនា។
ព្រះតេជគុណមានថេរដីកាថា ៖ «ប្រទេសយើងជាប្រទេសលទ្ធិប្រជាធិបតេយ្យមានរដ្ឋធម្មនុញ្ញផ្ដល់សិទ្ធិសេរីភាពក្នុងការប្រកាន់សាសនា គោរពជំនឿរបស់ខ្លួន។ សម្រាប់ពុទ្ធបរិស័ទ ធ្វើដូចម្ដេចដើម្បីឱ្យសង្គមមានភាពរីកចម្រើន ឱ្យមានវឌ្ឍនភាពសង្គម? កន្លងមកព្រះពុទ្ធសាសនាប្រឹងប្រែងខ្លាំងលើផ្នែកអក្សរសាស្ត្រ ហើយវត្តអារាមបង្កលក្ខណៈងាយស្រួលដល់មនុស្សទាំងឡាយដោយមានកន្លែងសម្រាប់ជួយ ដូចអង្គការ ឬសមាគម ជាជម្រកផ្លូវចិត្ត»។
ព្រះអង្គបានបន្ថែមទៀតថា សាសនាល្អដូចគ្នា ដោយជួយមនុស្សសង្គមដូចគ្នា ជួយមនុស្សជាតិដូចគ្នា ដើម្បីសន្តិភាពដូចគ្នា។ យើងត្រូវរស់នៅដោយសុខមាលភាពជុំគ្នា។ វត្តអារាមជាកន្លែងផ្ដល់នូវធនធានមនុស្សដែលជាបរិយាបន្នសង្គម ព្រោះមនុស្សគ្រប់ស្រទាប់វណ្ណៈសុទ្ធតែមកវត្តទាំងអស់។
លោក ហាំ ការីម ជាប្រធានក្រុមការងារសមាគមនិស្សិតកម្ពុជា ក៏បានលើកឡើងដែរថា បងប្អូនម៉ូស្លីមក៏បាកទទួលការលំបាកដូចបងប្អូនខ្មែរនៅក្នុងរបបប្រល័យពូជសាសន៍។ ក្រោយពីរបបនេះក៏មានបងបង្កើតជាអង្គការ សហគមន៍ ដើម្បីចូលរួមក្នុងចលនាតស៊ូដើម្បីស្ដារជាតិឡើងវិញ។
លោក ហាំ ការីម បានបន្ថែមថា ក្រោយពីកម្ពុជាទទួលបានសន្តិភាពពេញលេញ១៩៩៨ យើងបានទទួលជំនួយពីម៉ូស្លីមអន្តរជាតិ និងទទួលបានសិទ្ធិពេញលេញក្នុងការទទួលការអប់រំ និងប្រតិបត្តិសាសនាបានទូលំទូលាយ។ សហគមចាមនៅកម្ពុជាមានភាពលេចធ្លចាប់ពី១៩៩៨មក និងមានសញ្ញាមួយចំនួនដលម្បីបង្ហាញឱ្យពិភពលោកស្គាល់ ទោះបីជាចាមជាជនជាតិភាគតិច តែមានចំនួនច្រើននៅកម្ពុជា។
លោក ការីម បញ្ជាក់ថា ៖ «បរិយាបន្ននៅក្នុងសហគមន៍ គឺសំដៅលើឱកាសស្មើភាពគ្នាសម្រាប់ជនជាតិទាំងអស់ និងក្រោយពេលរដ្ឋាភិបាលបានបើកច្រក។ ថ្នាក់ដឹកនាំសហគមន៍យល់ថាមានតែការអប់រំទេ ដែលធ្វើឱ្យសង្គមប្រែប្រួល។ ដោយមើលឃើញតម្រូវការសង្គម ថ្នាក់ដឹកនាំបានខិតខំប្រឹងប្រែងក្នុងការជួយបណ្ដុះបណ្ដាលការអប់រំ»។
លោកបានបន្ថែមទៀតថា ៖ «ចក្ខុវិស័យរបស់យើងចង់បានយុវជនមានសមត្ថភាពពេញលេញ មានចំណេះដឹងគ្រប់គ្រាន់ អាចប្រកបរបរផ្សេងនៅក្នុងស្រុក។ យកចិត្តទុកដាក់បណ្ដុះបណ្ដាលលើកុមារកំព្រានានា»។
នាឱកាសនោះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍អំពីបរិបន្នសង្គមក្នុងបរិបទសាសនាកាតូលិក នៅថ្ងៃនេះថា ដើម្បីចូលនៅក្នុងមូលដ្ឋានគ្រឹះនៃការអប់រំសាសនា ឱ្យយល់ពីរបៀបនៃព្រះសហគមន៍កាតូលិកមិនត្រឹមតែនៅកម្ពុជា ឱ្យគិតពីបរិយាបន្នដែលមាននៅក្នុងព្រះគម្ពីរកំណើតណិភពលោក គឺព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរសជាស្ត្រីដែលមានលក្ខណៈដូចព្រះអង្គនិងធ្វើជាម្ចាស់ ណែនាំឱ្យចូលនៅក្នុងមហាគ្រួសារ ជាបងប្អូនគ្នា។
លោកអភិបាលអូលីវីយ៉េ បានថ្លែងថា ៖ «នៅក្នុងពិភពលោកទាំងមូលយើងជាគ្រួសារតែមួយ មានព្រះបិតាតែមួយ នាំឱ្យយើងមានតម្លៃស្មើៗគ្នា មានគោលដៅតែមួយគឺរកឃើញសុភមង្គល។ នៅពេលវេលានៅលើផែនដីនេះ យើងកើតនិងស្លាប់ ប៉ុន្តែយើងដឹងថាក្នុងពេលយើងកំពុងធ្វើដំណើរជីវិតនៅលើផែនដីនេះមានព្រះយេស៊ូធ្វើដំណើរជាមួយយើងរួមសុខរួមទុក្ខជាមួយយើងដែរ»។
លោកអូលីវីយ៉េ បន្តពន្យល់អំពីលក្ខខណ្ឌមូលដ្ឋានគ្រឹះនៃបរិយាបន្នសង្គមនៅក្នុងគ្រីស្តសានា៖
ក)មានគោលដៅតែមួយដោយនឹកដល់ផលប្រយោជន៍រួម (តាមលទ្ធិនៃគ្រីស្តសាសនាតាមព្រះសហគមន៍កាតូលិក១៩០៦ – ១៩០៩) ការគោរពបុគ្គលម្នាក់ៗ (១៩០៧) ព្រោះនៅក្នុងសង្គមមនុស្សខុសៗគ្នា តែយើងធ្វើដូចម្ដេចដើម្បីណែនាំឱ្យបុគ្គលម្នាក់ៗអាចរីកចម្រើននៅក្នុងសមត្ថភាពរបស់គេផ្ទាល់។ សុខមាលភាពសង្គម សុខសន្តិភាពសង្គម ដោយមានមូលដ្ឋានសិទ្ធិមនុស្ស និងសិទ្ធរបស់គាត់នាំឱ្យគាត់មានសេចក្ដីសុខ។
ក្នុងពិធីនេះដែរ ថ្នាក់ដឹកនាំអង្គសិក្ខាសាលាក៏បានផ្ដល់ឱកាសឱ្យសិក្ខាកាមរិះគិតរួមគ្នាអំពីសារប្រយោជន៍ និងរបៀបដែលធ្វើឱ្យសង្គមមានវឌ្ឍនភាពតាមរយៈបរិយាបន្នសង្គមនេះផងដែរ៕
ដោយ៖ដាលីស