មណ្ឌលផ្ទះនៃក្ដីសង្ឃឹមនៃគ្រឹះស្ថានបងប្រុសមេត្តាករុណា ដែលស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីប្រទានពរនិងសម្ភោធដាក់ឱ្យប្រើប្រាស់ ដើម្បីជួយដល់កុមារដែលមានពិការភាពផ្នែកសតិបញ្ញាកម្រិតធ្ងន់។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នាព្រឹកថ្ងៃទី ២៥ វិច្ឆិកា ២០២១ និងមានក្រុមគ្រួសារបស្រីមេត្តាករុណាមកពីបាត់ដំបង សៀមរាប និងភ្នំពេញចូលរួមផងដែរ។
លោកអភិបាលអូលីវីយ៉េ បានមានលើកឡើងក្នុងឱកាសនោះថា នៅពេលដែលស្ដាប់អត្ថបទព្រះគម្ពីរ នៅឱ្យគ្រប់គ្នាមានការភ័យខ្លាច ព្រួយបារម្ភ តែជាសញ្ញាព្រះជាម្ចាស់ជិតរំដោះ។ នៅចុងបញ្ចប់នាំឱ្យយល់ថាមានសេចក្ដីសង្ឃឹម ដូចក្មេងៗពីដើមភ័យខ្លាច តែក្រោយរកឃើញបងប្រុសនាំឱ្យយល់ថាមានសេចក្ដីសង្ឃឹម។
លោកបានមានប្រសាសន៍ថា ៖ «ជីវិតរបស់យើងមានតម្លៃ ព្រះជាម្ចាស់មកឱ្យមនុស្សមានក្ដីសុខ និងបងប្រុសនៅទីនេះនាំឱ្យប្អូនៗមានសេចក្ដីសុខ នាំឱ្យរកឃើញពន្លឺនៅក្នុងជីវិត។ ប៉ុន្មានសប្តាហ៍ខាងមុខយើងនឹងប្រារព្ធបុណ្យព្រះយេស៊ូប្រសូត ដែលជាសញ្ញានៃអំណរសប្បាយ ដោយព្រះយេស៊ូវជាពន្លឺយាងមកនាំឱ្យមនុស្សរកឃើញសេចក្ដីសុខ»។
បងប្រុសបារណាបាស សាម៉ាត ដែលជាប្រធានមណ្ឌលផ្ទះនៃក្ដីសង្ឃឹម ទោះបីជាមានការភ័យខ្លាចដោយកូវីដ១៩ ប៉ុន្តែអាគារក៏អាចសាងសង់រួចរាល់ផងដែរ។
លោកថា ៖ «សូមអរគុណបងប្រុសប្រធានធំ និងប្រធានតំបន់ដែលតែងតែគាំទ្រពួកយើងរហូតដល់បញ្ចប់។ សូមអរគុណដល់ម្ចាស់ជំនួយដែលបានលះបង់ និងចែករំលែកធនធានដល់កុមារតូចៗយើងខ្ញុំ។ ទាំងនេះបានសម្រាលទុក្ខដល់កុមារកនរីក្រ និងកុមារងាយរងគ្រោះ។ កុមារទាំងអស់នេះនិងរស់នៅផ្ទះនៃក្ដីសង្ឃឹមប្រកបដោយភាពកក់ក្ដៅ និងវឌ្ឍនភាព»។
ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលអូលីវីយ៉េ មានប្រសាសន៍រំឭកអំពីអំពីកិច្ចការនៃគ្រួសារបងប្រុស និងបងស្រីមេត្តាករុណា ដែលមានសកម្មភាពស្របទៅនឹងបរិយាបន្នសង្គម។ លោកថា ផ្ទះនៃក្ដីសង្ឃឹម ជាកន្លែងមួយដែលយអនុវត្តបរិយាបន្នសង្គម គឺជាអ្វីដែលបានគិតនៅក្នុងសិក្ខាសាលាដែលទាក់ទងនឹងបរិយាបន្ន ដោយធ្វើដូចម្ដេចដើម្បីឱ្យគ្រប់គ្នាយល់ថា ព្រះជាម្ចាស់បានបង្កើតជាបុរស ជាស្ត្រី និងទាំងអស់មានតម្លៃថ្លៃថ្នូរ ដែលជាមូលដ្ឋានគ្រឹះរបស់នៅក្នុងព្រះសហគមន៍កាតូលិក។
លោកអភិបាល ថ្លែងអំណរគុណដល់បងប្រុសមេត្តាករុណាជាពិសេស ដែលបានយកចិត្តទុកដាក់រៀបចំកន្លែងមួយដែលនាំឱ្យកុមារនិងមនុស្សចាស់ យល់ថាជាគ្រួសារតែមួយ ជាបងប្អូនគ្នា។
លោកបន្ថែមថា ៖ «តាមពិតនៅក្នុងសង្គម កុមារមិនសូវមានទីលំនៅច្បាស់លាស់ ប៉ុន្តែផ្ទះនៃក្ដីសង្ឃឹមធ្វើឱ្យគេរកឃើញកន្លែងមួយដើម្បីរស់នៅក្នុងតម្លៃថ្លៃថ្នូរនៃជីវិត និងយល់ថាម្នាក់ៗមានសេចក្ដីសុខ។ អាគារថ្មីនេះ នាំឱ្យកុមារមានសេចក្ដីសុខសាន្ត មានសុខមាលភាព និងអាចថែរក្សាកូនៗតាមសេចក្ដីត្រូវការ។
តាមការឱ្យដឹងពីបងប្រុសបារណាបាស បានឱ្យដឹងថា អាគារថ្មីនេះចាប់ផ្ដើមសាងសង់ពីថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ និងបានបញ្ចប់រួចរាល់កាលពីថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមជំនួយពីក្រុមគ្រួសារបងប្រុសមេត្តាករុណានៅសហរដ្ឋអាមេរិក និងកូរ៉េ។
អាគារថ្មីសាងសង់ដើម្បីកុមារសុទ្ធ ដោយបំបែកកុមារមានពិការភាពផ្នែកសតិបញ្ញាដែលមានអាយុពី៨ ដល់១៧ឆ្នាំពីអាគារចាស់ និងកន្លែងសម្រាប់កុមារស្នាក់នៅមាន២០គ្រែ និងបច្ចុប្បន្នមានកុមារ១៥នាក់មកពីអាគារចាស់ និង២នាក់មកពីគ្រឹះស្ថានបងស្រីមេត្តាករុណាព្រះមុន្នីវង្ស និងសៀមរាប។
បើតាមបងប្រុសបារណាបាស សាម៉ាត បញ្ជាក់ថា សព្វថ្ងៃមណ្ឌលផ្ទះនៃក្ដីសង្ឃឹមនេះអាចទទួលកុមារពីខាងក្រៅបន្ថែមបានត្រឹម៣នាក់ទៀតប៉ុណ្ណោះ រហូតដល់កុមារនៅទីនេះមានអាយុ១៨ឆ្នាំនឹងត្រូវផ្លាស់ទៅផ្ទះធំ(អាគារចាស់) ទើបអាចទទួលបន្ថែមទៀតបាន។ អាគារចាស់នៃគ្រឹះស្ថានបងប្រុសមេត្តាករុណាមាន៤បន្ទប់ធំៗអាចដាក់អ្នកជំងឺបានចំនួន៦៥នាក់ និងបច្ចុប្បន្នមានអ្នកជំងឺស្នាក់នៅចំនួន៥៥នាក់។
អាគារថ្មីនេះអាចដាក់បាន២០គ្រែ ដែលមានកុមារ៨-១០ឆ្នាំ មានបន្ទប់សង្គ្រោះបន្ទាន់ បន្ទប់បរិក្ខាពេទ្យ បន្ទប់ការិយាល័យ និងបន្ទប់ធ្វើចលនា។ សព្វថ្ងៃនេះមណ្ឌលផ្ទះនៃក្ដីសង្ឃឹមបានទទួលកុមារដែលមានពិការភាពសតិបញ្ញាកម្រិតធ្ងន់១៧នាក់រួចស្រេចទៅហើយ។
បងប្រុសមេត្តាករុណាមកដល់កម្ពុជា ក្នុងឆ្នាំ២០០៣ និងចាប់ផ្ដើមសាងសង់ រចនាសម្ព័ន្ធនិងអាគារស្នាក់នៅនាឆ្នាំ២០០៤។ បន្ទាប់មកបងប្រុសបានសាងសង់អាគារធំដើម្បីទទួលអ្នកជំងឺក្នុងឆ្នាំ ២០០៦ និងសម្ភោធទទួលអ្នកជំងឺនាឆ្នាំ ២០០៧។ រហូតមកដល់ពេលនេះអ្នកជំងឺជិត២០០០នាក់ បានទទួលសេវាកម្មថែទាំនៅមណ្ឌលបងប្រុសមេត្តាករុណា ដោយមានបងប្រុសចំនួន៥នាក់ និងបុគ្គលិក១៣នាក់តែប៉ុណ្ណោះ។
នៅចុងបញ្ចប់នៃពិធីបុណ្យអភិបូជា លោកអភិបាលអូលីវីយ៉េ បានបាចទឹកព្រះពរដល់មនុស្សទាំងអស់ និងគ្រប់កន្លែងនៅក្នុងអគារថ្មីនេះ៕
ដោយ៖ ដាលីស