ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីសំណាក់ធម៌បុគ្គលិក

កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីសំណាក់ធម៌បុគ្គលិក និងការបង្ហាញអំពីគម្រោងសកម្មភាពសំរាប់ឆ្នាំ ២០២២ ដោយមានការផ្លាស់ប្តូរទីតាំងនៃមណ្ឌលសន្ត លូកា មកធ្វើការនៅកន្លែងតែមួយជាមួយនឹង មណ្ឌលថែទាំសុខភាព សន្តី អេលីហ្សាបែត ។ លោកបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា ដែលជាប្រធានសម្របសម្រួលកម្មវិធីសុខភាពតំណាងលោកអភិបាល បានដឹកនាំកម្មវិធីសំណាក់ធម៌ដោយរិះគិត លើកលើអត្ថបទព្រះគម្ពីរតែងដោយសន្ត លូកា (10:25-37) ស្តីអំពីបុរសសាសន៍សាម៉ារីម្នាក់បានយកចិត្តទុកដាក់ថែទាំ លើបុរសដែលត្រូវបានចោរប្លន់។ លោកបូជាចារ្យ យ៉ាំងលូកា បានរំលឹកអំពីពាក្យដើមដំបូងដែលបានប្រើសំរាប់ ណែនាំកម្មវិធីសុខភាពរបស់យើងគឺ “I CARE” ដែលមានន័យថា ការថែទាំដោយយកចិត្តទុក្ខដាក់ ដែលសំដៅលើការយល់ចិត្តអ្នកជំងឺ (Compassion) ដោយសកម្ម (Action) ដោយគោរព (Respect) និងដោយក្តីអាណិតអាសូរ (Empathy)។ តាមរយៈការរិះគិតទៅលើអត្ថន័យក្នុងគម្ពីរ គឺជួយរំលឹកយើងទាំងអស់គ្នា ដែលជាបុគ្គលិក អំពីវិន័យរបស់ព្រះជាម្ចាស់ ត្រូវស្រលាញ់ព្រះអម្ចាស់របស់អ្នក អោយអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកំលាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រលាញ់បងប្អូនឯទៀតៗ អោយបានដូចស្រលាញ់ខ្លួនឯងដែរ។ បុរសសាសន៍សាម៉ារី បានបង្ហាញនូវ ការយកចិត្តទុកដាក់ថែទាំ បុរសដែលត្រូវចោរប្លន់ បានយ៉ាងល្អ ដោយគាត់បានបង្ហាញនូវចិត្តអាណិតអាសូរពន់ពេកណាស់ គាត់ចូលទៅជិត គាត់លាងរបួស គាត់រុំរបួស លើកបី យកទៅថែទាំ និងផ្តាំផ្ញើរ។ កាយវិការទាំងនេះ រំលឹកយើងទាំងអស់គ្នា អំពីរបៀបថែទាំ និងយកចិត្តទុកដាក់លើអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។ នៅចុងក្រោយនៃអត្ថបទ ព្រះយេស៊ូបានលើកទឹកចិត្តយើង ដោយមានព្រះបន្ទូលថា សូមអញ្ជើញទៅចុះ ហើយប្រព្រឹត្តអោយបានដូចអ្វី ដែលសាសន៍សាម៉ារីបានធ្វើនោះទៅ ៕

Facebook
Twitter
LinkedIn