ព្រះសហគមន៍ភូមិភាគកំពង់ចាមផ្តល់ម៉ាស់និងអាកុលសម្លាប់មេរោគដល់ក្រុមការងារចុះមូលដ្ឋានឃុំអំពិលនៃខេត្តស្វាយរៀង

លោកប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងសហការី បាននាំយកនូវម៉ាស់ចំនួន២០.០០០ម៉ាស់ និងទឹកអាកុលសម្លាប់មេរោគចំនួន៤០លីត្រ ជូនលោក​ ហ៊ឹម វិបុលឬទ្ឋិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ជំនួសក្រុមការងារចុះមូលដ្ឋាន ឃុំអំពិលនៃខេត្តស្វាយរៀង កាលពីថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ នៅក្រសួង ធម្មការ និងសាសនា រាជធានីភ្នំពេញ។

លោកអភិបាល ប្រ៊ុយណូ កូសម៍ មានប្រសាសន៍ថា ការផ្តល់ជូននេះគឺដើម្បីចូលរួមចំណែកជួយសម្រួលក្នុងការប្រើប្រាស់ក្នុងសកម្មភាព ការពារ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងចែកជូនប្រជាជន​មួយចំនួនតាមការជាក់ស្តែង​ នៅក្នុងឃុំអំពិល ស្រុករមាលហែក ខេត្តស្វាយរៀងតាមលទ្ឋភាព។

លោកអភិបាលបញ្ជាក់ថា៖”ម៉ាស់និងអាកុលនេះមិនមែនសម្រាប់ផ្គត់ផ្គង់បងប្អូននៅភ្នំពេញ គឺជូនតាមរយៈ​លោក ​ ហ៊ឹម វិបុលឫទ្ឋិ ជំនួសក្រុមការងារចុះមូលដ្ឋាន ឃុំអំពិល​នៃខេត្តស្វាយរៀង ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩”។

លោកបានបន្ថែមថា​៖​”កន្លងមកព្រះសហគមន៍ភូមិភាគកំពង់ចាម បានចែកជូនម៉ាស់ និងអាកុលនេះ​ទៅតាមកន្លែងផ្សេងៗ ក្នុងភូមិភាគកំពង់ចាម តាមលទ្ឋភាព ហើយគោលបំណងជារួមគឺ ចង់​ចែករំលែក សេចក្តីស្រឡាញ់​ទៅបងប្អូនៗផ្សេងៗទៀត ចង់ចូលរួមការពារជម្ងឺកូវីដនេះ ជាពិសេស សម្រាប់ បងប្អូនជាច្រើន ដែលកំពង់ ខ្វះខាត ក្នុងគ្រួសារ”។

ក្នុងនោះផងដែរលោកអភិបាលប្រ៊ុយណូ កូសម៍ រំឭក ប្រជាជនទាំងអស់ឲ្យយកចិត្ត​ទុកដាក់ចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃមេរោគឆ្លង កូវីដ-១៩ ដោយគោរពតាមការណែនាំ​របស់ក្រសួងសុខាភិបាល ។ លោក សូមព្រះជាម្ចាស់ប្រទានពរបងប្អូនកូនចៅទាំងអស់ឲ្យមានសុខភាពល្អ ឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា និងជួយគ្នាទៅវិញទៅមកក្នុងសេចក្តីស្រឡាញ់ផង។

លោក ហ៊ឹម វិបុលឫទ្ឋិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ជំនួសក្រុមការងារចុះមូលដ្ឋាន ឃុំអំពិលនៃខេត្តស្វាយរៀង សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់ លោកអភិបាល ក៏ដូចជាព្រះសហគមន៍ភូមិភាគកំពង់ចាមដែលបានចូលរួមចំណែក​ជួយដោយផ្តល់ជូននូវម៉ាស់និងអាកុលសម្រាប់ការពារជម្ងឺកូវីដ-១៩ទៅខាងខេត្តស្វាយរៀងក្នុងគ្រានេះ។

ដោយលោកសង្កត់ធ្ងន់ថា ”៖ក្នុងពេលស្ថានភាពប្រទេសកំពុង​តែរងនូវបញ្ហាជម្ងឺកូវីដ-១៩នេះអ្វីដែលប្រជាជនត្រូវការបន្ទាប់ពីស្បៀងអាហារនោះគឺម៉ាស់កាពារ និង អាកុលឬជែលសម្លាប់មេរោគដើម្បីការពារខ្លួនពីការឆ្លង”។

លោកបន្ថែមថា៖”ស្ថានភាពបងប្អូនប្រជាពលរដ្ឋខាងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀងមានការខ្វះខាតនូវម៉ាស់​និងអាកុលសម្លាប់មេរោគនេះប្រើប្រាស់មែន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺនៅតំបន់នោះសុទ្ឋសឹងជាអ្នកដែលមាន​ជីវភាពខ្វះខាត”។

ប្រទេសកម្ពុជារហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញ អ្នកឆ្លងមេរោគកូវីដ១៩ សរុបចំនួន៣៧៣២១នាក់ មានអ្នកស្លាប់ ចំនួន ៣១១នាក់ និងអ្នកជាសះស្បើយចំនួន ៣០៦១៧នាក់ 

ដោយ៖ រឿន ស្រីម៉ាច

Facebook
Twitter
LinkedIn