ស្របពេលដែលព្រះសហគមន៍នានាក្នុងពិភពលោកកំពុងរឹតត្បិតការជួបជុំនានា ជាពិសេសគ្មានពិធីអភិបូជានៅតាមព្រះវិហារមួយចំនួន លោកអភិបាល អូលីវីយេជ្មីតអីស្ល៊ែរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការត្រៀមបង្ការចំពោះមរោគកូរ៉ូណា ឬកូវីដ១៩ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នូវគោលការណ៍មួយចំនួនដល់គ្រីស្តបរិស័ទ ដោយរួមមានអំពីកិច្ចប្រណិប័តន៍ និងវិធានអនាម័យនានា។
ប្រភពដដែលបានឲ្យដឹងថា ពេលអភិបូជា អធិដ្ឋាន ប្រជុំ ឬពេលជួបជុំផ្សេងៗ សូមគ្រីស្តបរិស័ទធ្វើគាវរកិច្ចតាមប្រពៃណីខ្មែរដោយជៀសវាងប៉ះពាល់ផ្ទាល់។ សូមលាងសម្អាតដៃមុនពេលចូលរួមពិធីបុណ្យអភិបូជា និង ទទួលព្រះកាយដ៏វិសុទ្ធនៅក្នុងដៃរបស់បងប្អូន។
ជាមួយគ្នានេះ លោកអភិបាលបានហាមមិនឲ្យគ្រីស្តបរិស័ទ ថើបចិញ្ជៀនរបស់លោកទៀតឡើយ។ តាមប្រពៃណីនិងទម្លាប់របស់គ្រីស្តបរិស័ទកាតូលិក ការថើបចិញ្ចៀនរបស់លោកអភិបាល គឺដើម្បីទទួលព្រះពរ។
ក្នុងសារដដែលនោះ លោកអភិបាលបាន សូមឲ្យគ្រីស្តបរិស័ទអធិដ្ឋានសម្រាប់ប្រជាជនដែលទទួលរងគ្រោះដោយសារវីរុសកូរ៉ូណានេះ ហើយសូមឲ្យគ្រីស្តបរិស័ទមានជំនឿរឹងមាំ មានសេចក្តីស្រឡាញ់ និងមានសង្ឃឹមជានិច្ច។
ជំងឺរលាកសួតប្រភេទថ្មី ឬកូវីដ១៩ ត្រូវបានរីករាលដាលនៅស្ទើរទូទាំងពិភពលោក រហូតមកដល់ថ្ងៃនេះមាន៦៨ប្រទេសដូចជា ភាគខាងជើងអ៊ីតាលី អាមរិក សង្ហបុរី ថៃ ចិន អ៊ីរ៉ង់ និងតំបន់អាហ្វ្រិកផងដែរ ដែលមានអ្នកស្លាប់បន្តកើនឡើងដល់ចំនួន៣០៥៨ អ្នកផ្ទុកជំងឺមាន៨៩២១៩នាក់ អ្នកជាសះស្បើយ មានចំនួន៤៥២០៥នាក់ និងអ្នកកំពុងឈឺធ្ងន់៧៣៧៥នាក់៕