យុវជនរៀន​ធ្វើជា​អ្នក​កសាង​សន្តិភាព​ដោយ​ជំនឿ​និង​សកម្មភាព

យុវជន​កាតូលិក ជាង២០០នាក់ មក​ពីព្រះសហគមន៍​នានា​នៃភូមិភាគ​ភ្នំពេញ ធ្វើបូជ​នីយកិច្ច ដោយ​ថ្មើរ​ជើង​ចេញ​ពីព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ស្រុក​បាទី ទៅ​កាន់​ព្រះវិហារ​សន្តី​តេរេសា​នៃព្រះកុមារយេស៊ូ ព្រៃកប្បាស ខេត្តតាកែវ ក្រោម​ការណែនាំ​ផ្លូវ​វិញ្ញាណ​ដោយ​លោក​អភិបាលអូលីវីយេ ជ្មីតអីស្លែរ និង​រៀបចំ​ដោយ​ការិយាល័យ​យុវជន​ជំទង់​និងកុមារ​នៃភូមិភាគ​ភ្នំពេញ ថ្ងៃទី ៨ និងទី៩ ខែកុម្ភៈឆ្នាំ ២០២០។ 

មុន​ពេល​ចាប់​ផ្តើម​​ធ្វើ​ដំណើរ​ លោកអភិបាល​បាន​ក្រើនរំឭក​ដល់​យុវជន​ឲ្យយល់​ថា កម្មវិធី​នេះ​គឺ​ជា​ឱកា​ស​មួយ​ ឲ្យ​ពួក​គាត់​រក​ឃើញ​ផ្លូវនៃ​សុភមង្គល ដើម្បី “ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុង​ពិភព​លោកនេះ ដែល​ការកសាង​សន្តិភាព​តាមផ្លូវ​សុភមង្គល​របស់​ព្រះយេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ឥរិយាបទ​នៃ​ដួងចិត្ត​៣យ៉ាង​គឺ ដាក់​ចិត្ត​ជាអ្នក​ក្រខ្សត់ មាន​ចិត្តស្លូត​បូត និងមាន​ចិត្ត​បរិសុទ្ធ។ ដាក់​ចិត្តជា​អ្នកក្រខ្សត់ មាន​ចិត្តស្លូតបូត និងមានចិត្តបរិសុទ្ធ។ 

លោក​បាន​បញ្ជាក់​ចំណុច​នីមួយៗ​ដោយលើក​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​អំពី​សុភមង្គល​ដ៏ពិតប្រាកដ ​និង​ឧទាហរណ៍​មួយ​ចំនួន ដែល​បានកើត​មានក្នុ​ងសង្គម។   

ក្រុ​ម​​បូជនីយេសក៍នេះ បាន​ចែក​ចេញ​ជា​១០​ក្រុម ដោយ​ដើរ​ចេញ ពី​ព្រះសហគមន៍​បាទី ទៅ​កាន់​សាលា​បឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនស្លារម បន្ត​ដំណើរ​ដោយ​ឆ្លង​កាត់កំពូល​ភ្នំជីសូរ រហូត​ដល់​ព្រះសហគមន៍​ព្រែកកប្បាស ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រ។ 

នៅតាម​កន្លែង​ឈប់​សម្រាក​នីមួយៗ លោកអ​ភិបាលអូលីវីយេ បានធ្វើ​ការ​អប់រំ​អំពី​ជំនឿ​ដល់​និង​កិច្ច​ការងារ​ដែល​គ្រីស្ត​បរិស័ទ​​ត្រូវ​ធ្វើ​នៅ​ក្នុងសង្គម ដើម្បី​ប្រតិបត្តិជំនឿ​របស់​ខ្លួន។ ហើយ​ការ​អប់រំ នេះ មាន​ចែក​ចេញ​ជា​ប្រធាន​បទ​ផ្សេងៗ​ ។  

បន្ទាប់​ពីបាន​បញ្ជាក់​អំពី​ឥរិយាបទ​ផ្លូវចិត្តទាំងបី ក្នុងការ​កសាង​សន្តិភាព លោក​អភិបាល​ក៏បាន​ជំរុញ និង​បំភ្លឺ​ឲ្យយុវជន​មានសកម្មភាពក្នុងជិវិតប្រចាំថ្ងៃរបស់ ដោយលើយកវិន័យសំខាន់របស់ព្រះយេស៊ូ “ចូរស្រឡាញ់បងប្អូនឯទៀតៗ ដូចខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរ” ជា​ការចាប់ផ្តើមក្នុងការអប់រំដំណាក់​កាលទី២។ លោកអភិបាល​បញ្ជាក់​ថា ដើម្បីរស់នៅឲ្យមានសុភមង្គល​យើងជាគ្រីស្តបរិស័ទ​ត្រូវ​បញ្ចេញសកម្មភាព គឺ«​ត្រូវ​មាន​ចិត្តមេត្តាករុណា» ដោយ​យកចិត្តទុកដាក់ជាមួយ​ឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្តិ និង​អ្នក​ដទៃ។ មួយទៀតគឺ «ត្រូវស្រេកឃ្លានសេចក្ដីសុច្ចរិត» គឺត្រូវធ្វើយ៉ា​ង​ម៉េច​ដើម្បី​បង្កើត​ឲ្យមាន​យុត្តិធម៌​នៅ​ក្នុង​សង្គម។ និងចុងក្រោយ «កសាងសន្តិភាព» ដើម្បី​ណែនាំ​មនុស្ស​ទាំងអស់​ឲ្យទៅ​ជាមហា​គ្រួសារ​តែមួយ ព្រោះថា​ក្នុងពិភព​លោកត្រូវ​ការ​ជាង​គេ​ គឺ”សន្តិភាព”។ លោក​អភិបា​បាន​ជំរុញ ឲ្យ​អ្នក​ចូលរួម​ត្រូវជួយអ្ន​ក​ដទៃទៀត​ ឲ្យរកឃើញសេចក្ដីសុខ ដោយអធិដ្ឋានពឹងលើព្រះជាម្ចាស់ ហើយ​ត្រូវ​​អត់​ទោស​ដល់​គ្នាទៅវិញ​ទៅមក​។ «ការអត់​ទោស​នេះ ជាទ្រព្យសម្បត្តិ​ដែលព្រះយេស៊ូប្រទាន​ឱ្យយើងនៅលើឈើឆ្កាងទ្រង់ក៏បានលើកលែងទោស​ឲ្យអ្នកដែលឆ្កាងព្រះអង្គដែរ» លោកអភិបាល​បាន​បញ្ជាក់។

ធ្វើ​ដំណើរ​ពេញ​មួ​យ​ថ្ងៃ ក្រុម​នីមួយៗ​បាន​មក​ដល់​ព្រះសហគមន៍​ព្រៃកប្បាស​ដោយ​ជោគ​ជ័យ។ នៅល្ងាច​ថ្ងៃដដែលនោះ ក្រុម​យុវជន​បាន​នាំ​គ្នា​រៀបចំ​កម្មវិធី​អធិដ្ឋាន​បែប​តេហ្សេនៅពេលយប់ ដើម្បី​រិះ​គិត​ឡើងវិញ​នូវ​​ការ​អប់រំ​ក្នុង​ថ្ងៃនេះ និង​ត្រូវ​រក​មធ្យោបាយ​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​ទៅ​ជា​ផល​ផ្លែ​សម្រាប់​បេសកកម្ម​ជាគ្រីស្ត​បរិស័ទ។ 

នៅ​ព្រឹក​​ថ្ងៃបន្ទាប់​ក្រុម​ទាំង​អស់​បាន​ចូលរួម​អភិបូជា ដើម្បី​បិទ​កម្មវិធី។ ក្នុងធម្មទេសនាលោក​អភិបាល​រំលឹក​យុវជន​ទាំងអស់ថា ដើម្បី​កសាង​សន្តិភាព​ត្រូវចាប់​ផ្ដើម​ពីខ្លួន​យើង ដោយ​ដាក់ខ្លួនជាអ្នកក្រខ្សត់ ដាក់​ចិត្ត​ស្លូត​បូត ជាអ្នក​ដែល​មាន​សកកម្មភាព​មេត្តាករុណា កសាង យុត្តិធម៌​នៅ​ក្នុង​សង្គម ។ 

លោក​អភិបាល​ក៏លើក​ទឹកចិត្តអ្ន​កចូលរួមឲ្យយកចិតទុកដាក់ ដាំ និងថែរក្សា អំណោយទានរបស់ព្រះជាម្ចាស់ គឺ ខិតខំរស់នៅដោយយល់ថាខ្ញុំជាយុវជនជីវិតមានតម្លៃថ្លៃថ្នូរដោយ​មានព្រះបិតាតែមួយ។​យកចិត្តទុកដាក លើការអប់រំ ថែទាំសុខភាព និងថេរក្សាបរិស្ថានធម្មជាតិ ដើម្បីរៀបចំខ្លួន​ពេញលក្ខណៈជាគ្រីស្តបរិស័ទ ដែលជា​ពន្លឺដ៏តូច​មួយ​ក្នុង​សង្គម​តែពោរ​ពេញ​ដោយ​អត្ថន័យ។

លោកក៏​មាន​សេចក្តី​សង្ឃឹមថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះយុវជន នឹងចេះតស៊ូ​ក្នុង​ជីវិត ដើម្បី​បង្កើត​សង្គម​ថ្មី និង​សេចក្តី​សង្ឃឹមថ្មី។

យុវជន សិលា ចន្ទ ម៉ានុត មកពី​ព្រះសហគមន៍​កោះស្លា បានឲ្យ​ដឹងនេះថា​នេះជាលើក​ទីមួយ​ដែលបានធ្វើជាបូជនីយចរនេះ។ យុវជន​រូប​នេះ បាន​និយាយ​ពី​បទ​ពិសោធ​របស់​ខ្លួន​ធៀប​នឹងការ​អប់រំ​របស់​លោក​អភិបាល​ថា គាត់​ជាមនុស្ស​ដែលមាន​ចិត្ត​ឆេវឆាវ ពិបាក​មាន​ចិត្ត​ស្លូត​បូត និង​មិន​ដែល​ចង់​​ទាមទាររកយុត្តិធម៌សម្រាប់​អ្នក​ណា​ទេ។ ម៉ានុត​បន្ត​ថា កត្តា​ទាំង​នេះ​ហើយ​​ធ្វើឲ្យគាត់​​គ្មានសេចក្ដីសុខ។ ម៉ានុតឲ្យ​ដឹង​ទៀតថា «ពេលដើរខ្ញុំបានទទួលបទពិសោធពីចាស់ៗ នាំឲ្យយល់ថាដំណើរជីវិត​របស់​ព្រះជាម្ចាស់​គឺអត់ធ្មត់​ខ្លាំង​ណាស់”។

យុវតី សុខ ស្រីមួយ មកពីព្រះសហគមន៍កំពង់ស្ពឺ និយាយ​ថា «ប្រសិនបើ​យើងចង់​ជោគជ័យ​ទៅដល់​គោលដៅ គឺកុំជ្រើស​រើសភាព​ងាយ​ស្រួល គឺត្រូវ​បង្ហាញ​ពីភាព​តស៊ូ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ»។ 

នេះ​ជា​លើកទី​១០​ហើយ ដែល​​យុវជនកាតូលិកភូមិភាគភ្នំពេញ​រៀប​ចំ​កម្មវិធីនេះ ដោយបាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​​២០១០​នៅតាំងគោក​ខេត្ត​កំពង់​ធំ និងលើកទី២ នៅព្រះសហគមន៍ចំណោម​ខេត្ត​បន្ទាយ​មាន​ជ័យ​។ លើកទី៣ នៅក្ដុរលើក្នុង​ខេត្ត​​ត្បូង​ឃ្មុំ។ លើកទី៤ នៅព្រះសហគមន៍​តាអំ ខេត្ត​​បន្ទាយ​មានជ័យ។ លើកទី៥ នៅកំពង់គោ ខេត្តកំពង់ធំ។ លើកទី៦ នៅអរិយក្សត្រ ភ្នំពេញ។ លើកទី៧ នៅបូកគោ ខេត្តកំពត។ លើកទី៨ នៅគីរីវង្សខេត្តតាកែវ។ លើកទី៩ នៅតាំងគោក ខេត្តកំពង់ធំ។ រីឯឆ្នាំ២០២១ ខាងមុខនេះនឹងធ្វើនៅកសិដ្ឋានឋានសួគ៌ (ភ្នំវល្លិ៍)​ខេត្តកែប៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn