អារម្ភកថា

គ្រីស្ត​បរិស័ទ​ទទួល​ស្គាល់​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ត ដែល​រស់​នៅ​ខាង​ដើម​គ្រីស្ត​សករាជ ទុក​ជា «ព្រះគ្រីស្ត» គឺ​ទុក​ជា​ស្តេច​ដែល​យាង​មក​សង្គ្រោះ​ពួកគេ តាម​សេចក្ដី​ដែល​ព្យាការី​ទាំងឡាយ​បាន​ថ្លែង​ទុក​ក្នុង​នាម​របស់​ព្រះជាម្ចាស់​កាល​ពី​ដើម​រៀង​មក។ ហេតុនេះ​ហើយ បាន​ជា​គ្រីស្ត​បរិស័ទ​ដើម​ដំបូង ទទួល​ស្គាល់​គម្ពីរ​របស់​ជនជាតិ​អ៊ីស្រាអែល គឺ «ព្រះគម្ពីរ​សម្ពន្ត​មេត្រី​ចាស់» ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ផ្ទាល់។

នៅ​សតវត្ស​ទី ១ គ្រីស្ត​បរិស័ទ​ដើម​ដំបូង​តែង​សៀវភៅ​ខ្លះ រៀប​រាប់​អំពី​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ និង ​សេចក្តី​ដែល​ព្រះអង្គ​ប្រៀន​ប្រដៅ។ ពួក​គេ​ជឿ​ថា ព្រះយេស៊ូ​បាន​ចង«សម្ពន្ធ​មេត្រី​ថ្មី»ជា​មួយ​មនុស្ស​លោក ដូច​ព្យាការី​បាន​ថ្លែង​ទុក​មក​ជា​ស្រេច ( ២ករ. ៣.៦; ហប. ៩,១៥; យរ ៣១. ៣១)។ ក្រោយ​មក គេ​ប្រើ​ពាក្យ «សម្ពន​មេត្រី​ថ្មី» នេះ សំដៅ​ទៅ​លើ​គម្ពីរ ដែល​ផ្សំ​ឡើង​ដោយ​សៀវភៅ​ទាំងអ​ស់ រៀប​រាប់ អំពី​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត។ គ្រីស្ត​បរិស័ទ​ចាត់​ទុក​គម្ពីរ​របស់​ជនជាតិ​អ៊ីស្រាអែល​ជា «សម្ពន្ធ​មេត្រី​ចាស់»។ គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់ និង គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ផ្សំ​គ្នា​បាន​ជា «ព្រះគម្ពីរប៊ីប្ល»។ «ប៊ីប្ល» ជា​ពាក្យ​ក្រិក ដែល​មាន​ន័យ​ថា «សៀវភៅ​ទាំងឡាយ» គឺ​គម្ពីរ​ប៊ីប្ល​ប្រៀប​បាន​នឹង​បណ្ណាល័យ​មួយ​ដ៏​ធំ។ គ្រីស្ត​បរិស័ទ ខាង​គណៈ កាតូលិក ទទួល​ស្គាល់​សៀវភៅ​មួយ​ចំនួន​ទៀត ហៅ​ថា «ទុតិយ​ក័ណ្ឌ» ឬ «បញ្ជី​ទីពីរ ដែល​មាន​រៀប​រាប់​អំពី​ប្រវត្តិ​របស់​ជនជាតិ​អ៊ីស្រាអែល និង សំណេរ​ផ្សេងៗ នៅ​ចន្លោះ​សម្ពន្ធ​មេត្រី​ចាស់ និង សម្ពន្ធ​មេត្រី​ថ្មី។ តាម​ធម្មតា គ្រីស្ត​បរិស័ទ​ខាង​គណៈ ប្រូតេស្តង់​មិន​ឱ្យ​តម្លៃ «ទុតិយ​ក័ណ្ឌ» ស្មើ​នឹង «សម្ពន្ធ​មេត្រី​ចាស់ » និង «សម្ពន្ធ​មេត្រី​ថ្មី»ទេ គឺ​គ្រាន់​តែ​ចាត់​ទុក​ថា​ជា​សៀវភៅ សំរាប់​ជួយ​បណ្តុះ​បណ្ដាល​ចំណេះ​ទូទៅ​ប៉ុណ្ណោះ។ ដូច្នេះ ព្រះគម្ពីរ​ដែល​ប្រើ​ប្រាស់​ក្នុង​គណៈ​ប្រូតេស្តង់ មាន​ក័ណ្ឌ​គម្ពីរ​ទាំង​អស់ ៦៦ (សម្ពន្ធ​មេត្រី​ចាស់ ៣៩ និង សម្ពន្ធ​មេត្រី​ថ្មី ២៧) រីឯ​ព្រះគម្ពីរ ដែល​ប្រើ​ប្រាស់​ក្នុង​គណៈ​កាតូលិក មាន​ទាំង​អស់ ៧៣ ក័ណ្ឌ (សម្ពន្ធ​មេត្រី​ចាស់ ៣៩ ទុតិយ​ក័ណ្ឌ ១០ និង សម្ពន្ធ​មេត្រី​ថ្មី ២៧)។

បង​ប្អូន​មិត្ត​អ្នក​អាន​មុខ​ជា​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ទំព័រ​ដើម​ដំបូង​នៃ​ព្រះគម្ពីរ​ប៊ីប្ល​នេះ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល ដើម្បី​បង្កើត​ពិភព​លោក ព្រះអង្គ​មាន​ព្រះបន្ទូល​ហៅ​លោក​អប្រាហាំ លោក​ម៉ូសេ វិរបុរស អស់​លោក​ព្យាការី។ ល។ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ហៅ​ជនជាតិ​ដទៃ ឱ្យ​បំពេញ​គំរោង​ការ​របស់​ព្រះអង្គ​ដែរ គឺ​មាន​ព្រះចៅ​ស៊ីរូស​ជាដើម (អស. ៤៥.១)។ ព្រះអង្គ​មាន ព្រះបន្ទូល​តាម​រយៈ មនុស្ស​ដែល​ប្រើ​ពាក្យ​ធម្មតា តាម​ភាសា​របស់​ពួកគេ។

ក្នុង​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី «ព្រះបន្ទូល» គឺ​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ត (យហ ១. ១-១៨; ហប ១.១-២) ដ្បិត​ព្រះអង្គ​សំដែង​សេចក្តី​ទាំង​អស់​ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​បង្ហាញ​ឱ្យ​មនុស្ស​លោក​ស្គាល់។ អ្នក​និពន្ធ​ក័ណ្ឌ​គម្ពីរ​ទាំងឡាយ ពិត​ជា​សាក្សី​នៃ​ព្រះបន្ទូល​មែន។ ដោយ​សារ​លោក​ទាំង​នោះ យើង​អាច​ស្គាល់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​ត្រាស់​ហៅ​យើង​នា​បច្ចុប្បន្នកាល។

សូម​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​យើង​ទាំង​អស់​គ្នា នៅ​ពេល​អាន​ព្រះគម្ពីរ​នេះ៕