លិខិតជូនមិត្តអ្នកអាន
នៅពេលបកប្រែគម្ពីរនេះ គណៈកម្មការបកប្រែតែងតែនឹកដល់បងប្អូននិង មិត្តអ្នកអានជានិច្ច! យើងខ្ញុំ តែងតែសួរគ្នាថា «តើបងប្អូនដែលអានគម្ពីរនេះ ជាពិសេស បងប្អូនដែលទើបនឹងចាប់ផ្តើមអានជាលើកដំបូងអាចយល់អត្ថន័យឬទេ? តើបងប្អូនយល់អំពីសេចក្ដីដ៏ថ្លៃថ្នូរបំផុតដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ សម្ដែងឱ្យមនុស្សលោកស្គាល់ឬទេ?»។
យើងខ្ញុំដឹងច្បាស់ហើយថា ព្រះគម្ពីរពិតជាមានតម្លៃដ៏ខ្ពង់ខ្ពស់មែន! យើងខ្ញុំបានស្គាល់តម្លៃនៃព្រះគម្ពីរនេះ ហើយមានបំណងចែកជូនបងប្អូន ដើម្បីឱ្យបងប្អូនស្គាល់ដែរ។
មុនដំបូង ពេលណាបងប្អូនអាន «គម្ពីរដំណឹងល្អ» បងប្អូននឹងជួបព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ ព្រះអង្គសំដែងអំពីសេចក្តីដែលមានប្រយោជន៍សំរាប់មនុស្សគ្រប់ជាតិសាសន៍ ព្រះអង្គយាងមករំដោះមនុស្សឱ្យបានរួចពីអ្វីៗដែលបំភាន់ខ្លួនឱ្យវង្វេង។
បន្ទាប់មក បងប្អូននឹងអានភាគទីមួយនៃព្រះគម្ពីរនេះ គឺ «សម្ពន្ធមេត្រីចាស់»។ បងប្អូនមុខជាឃើញ នូវរបៀបដែលព្រះជាម្ចាស់ណែនាំប្រជាជនអ៊ីស្រាអែល តាមប្រវត្តិសាស្ត្រដ៏យូរលង់ ពួកគេជួបទុក្ខលំបាក ហើយមានសេចក្តីសង្ឃឹមថានឹងទទួលព្រះសង្គ្រោះ។
បន្ទាប់មកទៀត បងប្អូននឹងអានភាគទីពីរ គឺ «គម្ពីរសម្ពន្ធមេត្រីថ្មី» ជាពិសេសកិច្ចការគ្រីស្តទូត និង លិខិតផ្សេងៗទៀត។ បងប្អូនមុខជាយល់អំពីរបៀបដែលព្រះយេស៊ូបានបំផ្លាស់បំប្រែចិត្តគំនិត និង ជីវិតរបស់អស់អ្នកដែលជឿលើព្រះអង្គ។
ដូច្នេះ ពេលអានគម្ពីរ បងប្អូនមុខជាជួបសាក្សីជាច្រើន (ហប ១២,១) គឺ អ្នកនិពន្ធ កវី អ្នកប្រាជ្ញ អ្នកប្រកាសដំណឹងល្អ និង គ្រីស្តទូត ជាដើម ដែលសុទ្ធតែជាសាក្សីរបស់ព្រះជាម្ចាស់ ជាសាក្សីនៃព្រះបន្ទូលរបស់ព្រះអង្គ និង ជាសាក្សីអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សគ្រប់ៗរូប ដូចព្រះអង្គបើកសម្ដែងឱ្យយើងដឹង តាមរយៈព្រះយេស៊ូ ជាព្រះគ្រីស្ត។
ដោយបងប្អូនគ្រីស្តបរិស័ទមកពីនិកាយផ្សេងៗរួមគ្នាបកប្រែ គម្ពីរនេះពិតជាសក្ខីភាពបញ្ជាក់ថា គ្រីស្តបរិស័ទអាចធ្វើការរួមជាមួយគ្នាបាន យើងសង្ឃឹមថា នឹងមានថ្ងៃណាមួយ គ្រីស្តបរិស័ទគ្រប់និកាយ នឹងទទួលស្គាល់គ្នាទុកដូចជាបងប្អូនបង្កើត ដែលស្វែងរកសេចក្ដីពិតតែមួយ គឺព្រះជាម្ចាស់ ដូចព្រះអង្គបានសំដែងឱ្យយើងស្គាល់ តាមរយៈព្រះយេស៊ូគ្រីស្ត ជាអម្ចាស់នៃយើង!
សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំភ្លឺចិត្តគំនិតរបស់បងប្អូន និង មិត្តអ្នកអានគ្រប់ៗរូប!
ភ្នំពេញ ខែ សីហា ១៩៩៧
គណៈកម្មការបកប្រែ