ព្រះគម្ពីរជាភាសាខ្មែរសម្រាយ
នៅឆ្នាំ ១៩៥៤ លោកអ័រធួរ ហាម៉ុង (Arthur L.Hammond) និង សហការី បានបកប្រែគម្ពីរទាំងមូលជាភាសាខ្មែរ ក្រោមចំណងជើងថា «សញ្ញាចាស់ និង សញ្ញាថ្មី»។ គួរឱ្យសរសើរលោក និងសហការី ដែលបានបំពេញកិច្ចការដ៏ប្រសើរនេះ! ប៉ុន្តែ ភាសាក្តី ចំណេះខាងគម្ពីរក្តី និង បច្ចេកទេសបកប្រែក្តី ក៏ដូចជាមនុស្សដែរ គឺតែងតែអភិវឌ្ឍន៍ជាលំដាប់។ ហេតុនេះ សមាគមព្រះគម្ពីរសកល (United Bible Societies/ Alliance Biblique Universelle) បង្កើតគណៈកម្មការអន្តរនិកាយមួយនៅឆ្នាំ១៩៧៤ ដើម្បីបកប្រែគម្ពីរ តាមរបៀបទំនើប។ ក៏ប៉ុន្តែ គួរឱ្យសោកស្ដាយ ការផ្លាស់ប្ដូររបបនយោបាយនៅឆ្នាំ ១៩៧៥ បានផ្អាកការងារនេះអស់រយៈពេលដប់ឆ្នាំ។
នៅឆ្នាំ ១៩៨៥ សមាគមព្រះគម្ពីរសកលបានបង្កើតគណៈកម្មការបកប្រែថ្មី។ កាលពីឆ្នាំ ១៩៩៣ គណៈកម្មការនេះមានអំណរចែកជូន «ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី» អន្តរនិកាយ ជាភាសាខ្មែរសម្រាយ។ នៅឆ្នាំ១៩៩៧នេះ គណៈកម្មការ ក៏មានអំណរ ដោយជូនបងប្អូននូវព្រះគម្ពីរទាំងមូល។
គណៈកម្មការយើងខ្ញុំបានបកប្រែគម្ពីរដោយប្រើឯកសារដើមដែលសមាគមព្រះគម្ពីរសកលយល់ថាជា ឯកសារត្រឹមត្រូវជាងគេ គឺគម្ពីរ Biblia Hebraica Stuttgartensia (1968,1976) ជាភាសាហេប្រឺ និងគម្ពីរ Septuaginta, Alfred Rahlfs (1935.1979)ជាភាសាក្រិក សំរាប់បកប្រែគម្ពីរសម្ពន្ធមេត្រីចាស់ ព្រមទាំង Novum Testamentum Graece (Nestle-Aland 26ème édition)សម្រាប់បកប្រែគម្ពីរសម្ពន្ធមេត្រីថ្មី។ យើងក៏បានប្រើព្រះគម្ពីរភាសាបារាំង និង អង់គ្លេស ជាជំនួយ គឺមាន La Bible en Français courant, Traduction Oecuménique de la Bible (TOB), La Bible Segond «à la Colombe», Good News Bible, Revised Standard Version, The New International Version ជាដើម។ យើងក៏បានប្រើសៀវភៅអត្ថាធិប្បាយគម្ពីរ ជាភាសាបារាំង និង អង់គ្លេស ជាច្រើនច្បាប់ជាជំនួយដែរ ដូចជា Translator's Handbook បោះពុម្ពផ្សាយដោយសមាគមព្រះគម្ពីរសកលជាដើម។
ប្រហែលជាបងប្អូនយល់ឃើញមានឃ្លាខ្លះប្លែកពីព្រះគម្ពីរដែលលោក Rev. A. L Hammond បានបកប្រែ។ មូលហេតុ គឺមកពីឯកសារដើមប្លែកពីគ្នា។ គណៈកម្មការបកប្រែព្រះគម្ពីរជាភាសាខ្មែរសម្រាយ អនុវត្តតាមគោលការណ៍នៃសមាគមគម្ពីរសកល ដែលជ្រើសរើសឯកសារដើមជាផ្លូវការ តាមរបៀបបច្ចេកទេសទំនើប។ យើងដាក់ក្នុងសញ្ញាដង្កៀប [..] នូវឃ្លាខ្លះដែលគ្មានក្នុងឯកសារដើមជាផ្លូវការ តែជាឃ្លាដែលបងប្អូនធ្លាប់អានក្នុងគម្ពីររបស់លោក Rev. A. L Hammond។
គណៈកម្មការបកប្រែគម្ពីរយកចិត្តទុកដាក់រិះរកពាក្យខ្មែរ មកប្រែព្រះគម្ពីរ ឱ្យបានត្រូវនឹងអត្ថន័យដើមផង និង ឱ្យងាយយល់ផង។ ការបកប្រែ ជាកិច្ចការមួយដ៏ពិបាក ព្រោះភាសាខ្មែរ និង ភាសាហេប្រឺ ឬ ភាសាក្រិកមានលំនាំប្លែកពីគ្នាទាំងស្រុង។ ប៉ុន្តែ យើងខ្ញុំជឿជាក់ថា ព្រះវិញ្ញាណបានជួយបំភ្លឺចិត្តគំនិតយើងខ្ញុំ នៅពេលបំពេញការងារនេះដែរ។
អរិយធម៌ក្នុងគម្ពីរ និង អរិយធម៌ខ្មែរខុសគ្នាឆ្ងាយណាស់។ ទោះបីព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គមានព្រះបន្ទូល តាមរយៈមនុស្ស និង តាមកាលៈទេសៈ។ ហេតុនេះហើយបានជាសមាគមព្រះគម្ពីរណែនាំគណៈកម្មការឱ្យសរសេរ
- សេចក្ដីណែនាំ សំរាប់គម្ពីរសម្ពន្ធមេត្រីចាស់ និង គម្ពីរសម្ពន្តមេត្រីថ្មីទាំងមូល។
- ពាក្យលំនាំមុនក័ណ្ឌនីមួយៗ ដើម្បីឱ្យបងប្អូនជាអ្នកអានទទួលពត៌មានខ្លះៗ អំពីសម័យកាល ដែលក័ណ្ឌគម្ពីរនោះចងក្រងឡើង ព្រមទាំងគោលបំណងនៃការតែង។
- កំណត់សំគាល់នៅខាងក្រោមទំព័រ ដើម្បីពន្យល់អត្ថន័យរបស់ពាក្យ របៀបបកប្រែមួយផ្សេង ឬ ខគម្ពីរយោង ដែលមាននៅក្នុងក័ណ្ឌគម្ពីរមួយទៀត។
- ចំណងជើងមុនអត្ថបទនីមួយៗ ដើម្បីឱ្យបងប្អូនជាអ្នកអាន ងាយរកអត្ថបទ ទោះបីក្នុងគម្ពីរ ជាភាសាហេប្រឺ ឬ ភាសាក្រិក គ្មានចំណងជើងក៏ដោយ។ រីឯចំណងជើងរបស់ក័ណ្ឌនីមួយៗ គា្មន ចែងក្នុងគម្ពីរដើមទេ។ យើងដាក់ចំណងជើងដែលស្រួលស្ដាប់ បញ្ជាក់អំពីអត្ថន័យទូទៅក្នុងក័ណ្ឌនោះ។ ពេលខ្លះ ចំណងជើងក្នុងគម្ពីរនេះប្លែកពីគម្ពីរមុន យើងប្ដូរដូច្នេះ ដើម្បីឱ្យងាយយល់ ឬ ឱ្យត្រូវតាមអក្ខរាវិរុទ្ធ។ ឧទាហរណ៍៖ យើងប្រើ«កំណើតពិភពលោក» ជំនួស «លោកុប្បត្តិ » ដើម្បីងាយយល់។ «ទុតិយកថា» (មានន័យថា កថាទីពីរ) ជំនួស “ចោទិយកថា » ដែលគ្មាននៅក្នុងភាសាខ្មែរ។
- សេចក្តីពន្យល់វាក្យស័ព្ទ សំរាប់ពាក្យបច្ចេកទេស ឬ ពាក្យពិបាកយល់ នៅខាងចុងគម្ពីរ។
- ផែនទីភូមិសាស្ត្រ ដើម្បីជួយអ្នកអានឱ្យរកឃើញទីកន្លែងភូមិស្រុកដែលមាននៅក្នុងគម្ពីរ។
ចំពោះអក្ខរាវិរុទ្ធ យើងប្រើ «វចនានុក្រមខ្មែរ(១៩៦៧)» របស់សម្ដេចជួនណាត ធ្វើជាគោល តែយើង ក៏ប្រើអក្ខរាវិរុទ្ធ ជាព្យាង្គរាយមួយចំនួនដែរ ដើម្បីឱ្យអ្នកអានជំនាន់ក្រោយងាយអាន។ មួយវិញទៀត ដើម្បីឱ្យបងប្អូនអ្នកអានទូទៅស្រួលយល់ គណៈកម្មការចៀសវាងមិនប្រើពាក្យពិបាកពេក ឬក៏សាមញ្ញពេកទេ គឺយើងប្រើវាក្យស័ព្ទមធ្យម ហើយឱ្យបានស្របតាមលំនាំអក្សរសាស្ត្រខ្មែរផង។ បងប្អូនដែលធ្លាប់អានគម្ពីរយូរមកហើយ មុខជាឃើញថាមានពាក្យថ្មីខ្លះ ធ្វើឱ្យបងប្អូនឆ្ងល់ និង ប្លែកក្នុងចិត្ត។ យើងប្រើពាក្យថ្មីទាំងនោះ ដោយយល់ឃើញថា មានអត្ថន័យសមហេតុសមផល តាមគម្ពីរដើម និង ត្រឹមត្រូវតាមភាសាខ្មែរបច្ចុប្បន្ន។
ចំពោះព្រះនាមរបស់ព្រះជាម្ចាស់ យើងសន្មតប្រើពាក្យដូចតទៅ៖ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់មានប្រើពាក្យ «ព្រះអម្ចាស់» (אדני/អដូណៃ) ជំនួសព្រះនាមដ៏ប្រសើរបំផុតរបស់ព្រះជាម្ចាស់(יהוה/យហវហ) ដែលគេមិនហ៊ានពោលចំៗ។ គ្រីស្តបរិស័ទបានប្រើពាក្យនេះសំដៅទៅលើព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ (ភាសាក្រិក៖ Κύριος អង់គ្លេស៖ Lord បារាំង៖ Seigneur)។ ដូច្នេះ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ពេលណាមានពាក្យ יהוה (យហវហ) យើងបកប្រែថា ព្រះអម្ចាស់(សរសេរជាអក្សរក្រាស់)។ នៅជំនាន់ដើម គេនិយមហៅព្រះនាមព្រះជាម្ចាស់ថា «ព្រះយេហូវ៉ា» ជាពាក្យដែលគេផ្សំព្យញ្ជនៈរបស់ពាក្យ יהוה (យហវហ) ជាមួយនឹងស្រៈរបស់ពាក្យ (אדני/អដូណៃ)។ ពេលណាមានពាក្យ אדני (អដូណៃ) យើងបកប្រែថា ព្រះអម្ចាស់ (មានសរសេរជាអក្សរធម្មតា)។ ចំពោះពាក្យ យហវហ– អដូណៃ ឬ អដូណៃ−យហវហ យើងប្រែដូចគ្នា គឺ ព្រះជាអម្ចាស់ (អក្សរក្រាស់)។
យើងប្រើពាក្យ «ព្រះជាម្ចាស់» សំដៅលើព្រះដែលបង្កើតអ្វីៗទាំងអស់ (ហេប្រឺ៖ אלהים/អេឡូហ៊ីម, ក្រិក៖Θεός , អង់គ្លេស៖ God, បារាំង៖ Dieu)។ យើងចៀសវាងមិនប្រើពាក្យ«ព្រះ»ទទេ ដែលមានអត្ថន័យទូលំទូលាយពេក តែយើងប្រើពាក្យនេះ កាលណាមានភ្ជាប់ជាមួយគុណនាម ឬ នាម ឧទាហរណ៍៖ ព្រះរបស់អ៊ីស្រាអែល (אל ישדאל ) ព្រះនៃយើងខ្ញុំ ព្រះដ៏ខ្ពង់ខ្ពស់….។ល។
ចំពោះនាម យើងមិនបកប្រែតាមអត្ថន័យទេ ព្រោះជួនកាលអត្ថន័យមិនច្បាស់ គឺយើងសរសេរជាអក្សរ ដោយយកសំឡេងគម្ពីរដើមជាគោល។ ឧទា «យ៉ូស៊ូអា» ដែលមានន័យថា «ព្រះអម្ចាស់សង្គ្រោះ» (ដូចព្រះនាម «ព្រះយេស៊ូ») តាមសំឡេងពាក្យហេប្រឺ ពុំមែនតាមទម្លាប់នៃគ្រីស្តបរិស័ទនិកាយណាមួយទេ។ យើងសំរួលឈ្មោះខ្លះឱ្យងាយអានជាភាសាខ្មែរ ឧទា «យេរេមី» ជំនួស “យេរេមា» (ភាសាហេប្រឺ «យៀរមីយ៉»)។
តាមប្រពៃណីរបស់គ្រីស្តបរិស័ទ គេបែងចែកគម្ពីរសម្ពន្ធមេត្រីចាស់ជាបួនភាគ តាមលំដាប់លំដោយដូចតទៅ៖
- គម្ពីរបញ្ចក័ណ្ឌ ឬ គម្ពីរវិន័យ (ពីកំណើតពិភពលោក ដល់ ទុតិយកថា)
- គម្ពីរប្រវត្តិសាស្ត្រ (ពីយ៉ូស៊ូអា ដល់ អេសធែរ)
- គម្ពីរកំណាព្យ (ពីយ៉ូប ដល់ បទចំរៀងព្រះបាទសាឡូម៉ូន)
- គម្ពីរព្យាការី (ពីអេសាយ ដល់ ម៉ាឡាគី)
ប៉ុន្តែ ក្នុងគម្ពីរសម្ពន្ធមេត្រី ជាភាសាហេប្រឺ មានចែកជាបីផ្នែក តាមលំដាប់លំដោយ ដូចតទៅ៖
- គម្ពីរបញ្ចក័ណ្ឌ ឬ គម្ពីរវិន័យ (ពីកំណើតពិភពលោក ដល់ ទុតិយកថា)
- គម្ពីរព្យាការី៖ «ព្យាការីខាងដើម» មានយស. វប. សម. និង ពង្ស.
«ព្យាការីចុងក្រោយ » មាន អស. យរ. អស. និង ព្យាការីដប់ពីររូបទៀត។ - គម្ពីរផ្សេងៗ ទំនុ. យ៉ូប សុភ. រូថ. បច. សស. សណ. អធ. ដន. អរ. នហ. ១របា. និង ២ របា.។
ជាយូរសតវត្សមកហើយ គ្រីស្តបរិស័ទមានទម្លាប់ចែកក័ណ្ឌនីមួយៗជាចំពូក ចំពូកនីមួយៗចែកចេញជា «វគ្គ» ឬ «ខ» ដើម្បីងាយរកអត្ថបទ។ ឧទាហរណ៍ អេសាយ ១,១៧ មានន័យថា៖ សូមអានគម្ពីរព្យាការីអេសាយ ត្រង់ចំពូក ១ ខ ១៧។ សុភាសិត ២, ៥-៧ ៖ សូមអានគម្ពីរសុភាសិត ត្រង់ចំពូក ២ ពី ខ ៥ដល់ខ៧។ ១ របាក្សត្រ ៥. ២,៦ ៖ សូមអានគម្ពីរ របាក្សត្រ ទី១ ត្រង់ចំពូក ៥. ខ ២ និង ខ ៦។ ដើម្បីឱ្យងាយស្រួលសរសេរ យើងក៏បានកំណត់អក្សរកាត់សំរាប់ក័ណ្ឌគម្ពីរនីមួយៗដែរ គឺ កណ. មានន័យថា «កំណើតពិភពលោក» វវ. មានន័យថា «វិវរណៈ»។ល។
ចំពោះលេខ “ចំពូក និង លេខ “ខ” នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ជួនកាលលេខ ខ ក្នុងគម្ពីរនេះ ខុសពីលេខដែលបងប្អូនអ្នកអានធ្លាប់ប្រើ រហូតមកដល់សព្វថ្ងៃ។ មូលហេតុ គឺគណៈកម្មការបកប្រែសំរេចប្រើលេខតាមគម្ពីរភាសាហេប្រឺ គឺមិនយកតាមគម្ពីរអង់គ្លេស ដូចគម្ពីរដែលលោកហាម៉ុងបកប្រែទេ។ ប៉ុន្តែ ដើម្បីកុំឱ្យបងប្អូនងឿងឆ្ងល់ ក្នុងក័ណ្ឌគម្ពីរជាច្រើន យើងបានសរសេរលេខខុសគ្នានេះនៅក្នុង វង់ក្រចក ព្រមទាំងកត់ត្រាកំណត់សំគាល់នៅខាងក្រោមទំព័រផងដែរ។
ពេលបងប្អូនចាប់ផ្តើមអានគម្ពីរ បងប្អូនដូចជាចូលរួមក្នុងក្រុមគ្រួសារមួយ ដែលមានប្រវត្តិដ៏យូរអង្វែងដែរ គឺបងប្អូនត្រូវចំណាយពេលបន្តិចម្តងៗ ដើម្បីឱ្យមានទម្លាប់រស់នៅ និង ស្គាល់គ្រួសារនោះបានច្បាស់។ បន្តិចម្តងៗ ព្រះជាម្ចាស់នឹងសំដែងព្រះហឫទ័យមេត្តាករុណាឱ្យបងប្អូនស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ។
បងប្អូនអ្នកអានត្រូវយល់ថា ទោះបីព្រះគម្ពីរជាស្នាដៃអក្សរសាស្ត្រ ដែលមនុស្សសរសេរ តាមភាសា និង តាមពាក្យសម្ដីរបស់មនុស្សក្តី គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឱ្យតែង និង មានប្រយោជន៍សំរាប់បង្រៀន រកខុសត្រូវ កែតំរង់ និង អប់រំឱ្យរស់តាមសេចក្តីសុចរិត ក្នុងគោលបំណងឱ្យអ្នកបំរើរបស់ព្រះជាម្ចាស់មានសមត្ថភាព និង ប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ជំពូក (២ ធីម៉ូថេ ៣. ១៦-១៧)។