ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ «នាង​រូថ»  រៀប​រាប់​អំពី​រឿង​ដែល​កើត​មាន​នៅ​ជំនាន់​ពួក​វីរ‌បុរស (១.១) ក្នុង​គោល​បំណង​បង្ហាញ​នូវ​របៀប​ដែល​ស្ត្រី​មួយ​រូប​ជា​សាសន៍​ដទៃ បាន​មក​ចូល​រួម​ក្នុង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់។

កណ្ឌ​គម្ពីរ​នេះ​សង្កត់​ទៅ​លើ​ភក្តី‌ភាព​របស់​នាង​រូថ ដែល​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ចំពោះ​ក្រុម​គ្រួសារ​ប្ដី​របស់​នាង និង​ភក្តី‌ភាព​របស់​នាង​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​នឹង​ភក្តី‌ភាព​របស់​នាង ដោយ​ស្រោច​ស្រង់​នាង និង​ម្ដាយ​ក្មេក​របស់​នាង ឲ្យ​រួច​ផុត​ពី​ភាព​កំសត់​ទុរគត ហើយ​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្បូណ៌‌សប្បាយ និង​មាន​សុភមង្គល។ កណ្ឌ​គម្ពីរ​នេះ​នាំ​យក​មេរៀន​ដ៏​វិសេស​មក​អប់រំ​យើង អំពី​ភក្តី‌ភាព​រវាង​មនុស្ស និង​មនុស្ស ព្រម​ទាំង​ការ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់។

កំណើត​កូន​ប្រុស​របស់​នាង​រូថ ជា​ចំណុច​មួយ​ដ៏​សំខាន់​ក្នុង​រឿង​នេះ ព្រោះ​ក្រោយ​មក កូន​ប្រុស​របស់​នាង​ត្រូវ​ជា​ជីតា​របស់​ព្រះ‌បាទ​ដាវីឌ។ ហេតុ​នេះ​ហើយ បាន​ជា​នាង​រូថ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​រាយ​នាម​បុព្វ‌បុរស​របស់​ព្រះ‌យេស៊ូ (ម៉ាថាយ ១.៥)។