ជំពូក ៤

ពិធី​មង្គលការ​នាង​រូថ និង​លោក​បូអូស

1 លោក​បូអូស​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​នោះ បុរស​ដែល​ជាប់​សាច់‌ញាតិ​ជិត​បំផុត​របស់​លោក​អេលី‌ម៉េឡេក គឺ​បុរស​ដែល​លោក​បូអូស​ប្រាប់​នាង​រូថ​កាល​ពី​មុន បាន​ដើរ​កាត់​កន្លែង​នោះ។ លោក​បូអូស​ពោល​ទៅ​កាន់​បុរស​នោះ​ថា៖ «សូម​បង​អញ្ជើញ​មក​អង្គុយ​ទី​នេះ​សិន»។ បុរស​នោះ​ក៏​អង្គុយ​ចុះ។ 2 លោក​បូអូស​បាន​អញ្ជើញ​ចាស់​ទុំ​ដប់​នាក់​ពី​ក្នុង​ភូមិ​មក ហើយ​សុំ​ឲ្យ​គេ​អង្គុយ​ជា​មួយ​ដែរ។ 3 លោក​មាន​ប្រសាសន៍​ទៅ​កាន់​សាច់‌ញាតិ​នោះ​ដូច​ត​ទៅ៖ «បង​ជ្រាប​ស្រាប់​ហើយ​ថា បង​ស្រី​ណា‌អូមី​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ ហើយ​គាត់​ចង់​លក់​ដី​ស្រែ ដែល​ជា​កម្ម‌សិទ្ធិ​របស់​បង​អេលី‌ម៉េឡេក។ 4 ខ្ញុំ​បាន​គិត​ថា​គួរ​តែ​ជម្រាប​បង ហើយ​សូម​ឲ្យ​បង​ទិញ​ដី​ស្រែ​នោះ ដោយ​មាន​ចាស់​ទុំ និង​បង‌ប្អូន​ឯ​ទៀតៗ ដែល​នៅ​ទី​នេះ​ជួយ​ដឹង​ឮ​ផង។ ប្រសិន​បើ​បង​ចង់​ទិញ សូម​ទិញ​ចុះ! តែ​បើ​បង​មិន​ទិញ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង ដ្បិត​នៅ​ទី​នេះ មាន​តែ​បង​ទេ​ដែល​មាន​សិទ្ធិ​ទិញ ហើយ​បន្ទាប់​ពី​បង គឺ​រូប​ខ្ញុំ»។ បុរស​នោះ​ពោល​ថា៖ «ខ្ញុំ​ចង់​ទិញ!»។ 5 លោក​បូអូស​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​បង​ទិញ​ដី​ស្រែ​របស់​បង​ស្រី​ណា‌អូមី បង​ក៏​ត្រូវ​យក​នាង​រូថ ជា​សាសន៍​ម៉ូអាប់ ធ្វើ​ជា​ភរិយា​ដែរ ដើម្បី​ឲ្យ​ដី​នៅ​តែ​ជា​កម្ម‌សិទ្ធិ​របស់​បង‌ប្អូន​យើង​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ដដែល»។ 6 បុរស​នោះ​ឆ្លើយ​វិញ​ថា៖ «បើ​ដូច្នេះ ខ្ញុំ​មិន​អាច​ទិញ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ខាត​ប្រយោជន៍ និង​បាត់​កេរ‌អាករ​ផ្ទាល់​របស់​ខ្ញុំ​ឡើយ សូម​លោក​ប្អូន​ទិញ​យក​ចុះ! ខ្ញុំ​ពុំ​អាច​ទិញ​បាន​ទេ!»។

7 កាល​ពី​ដើម​នៅ​ស្រុក​អ៊ីស្រា‌អែល ពេល​អ្នក​ស្រុក​ទិញ​ទ្រព្យ‌សម្បត្តិ ឬ​ផ្ទេរ​កម្ម‌សិទ្ធិ​អ្វី​មួយ ពួក​គេ​មាន​ទម្លាប់​ដោះ​ស្បែក​ជើង ហុច​ទៅ​ឲ្យ​ម្នាក់​ទៀត ទុក​ជា​សញ្ញា​បញ្ជាក់​ថា គេ​បាន​ព្រម​ព្រៀង​គ្នា​ហើយ។ 8 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។ 9 លោក​បូអូស​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ សូម​អស់​លោក​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​បាន​ទិញ​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្ម‌សិទ្ធិ​របស់​បង​អេលី‌ម៉េឡេក ព្រម​ទាំង​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​គីលី‌យ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ណា‌អូមី​ហើយ។ 10 ខ្ញុំ​ក៏​សូម​យក​នាង​រូថ ជា​សាសន៍​ម៉ូអាប់ ដែល​ត្រូវ​ជា​ភរិយា​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ផង​ដែរ ដើម្បី​ឲ្យ​កេរ‌មត៌ក​របស់​គាត់​នៅ​តែ​ជា​កម្ម‌សិទ្ធិ​របស់​គាត់​ដដែល ហើយ​ខ្ញុំ​នឹង​បន្ត​ពូជ‌ពង្ស​ឲ្យ​គាត់ ដើម្បី​រក្សា​ឈ្មោះ​គាត់​ឲ្យ​នៅ​គង់‌វង្ស ក្នុង​ចំណោម​អ្នក​ស្រុក​អ្នក​ភូមិ និង​នៅ​ទ្វារ​ក្រុង​នេះ​ត​ទៅ​ទៀត។ ថ្ងៃ​នេះ អស់​លោក​ជា​សាក្សី​ដឹង​ឮ​ស្រាប់​ហើយ»។

11 ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​លោក បាន​ដូច​ជា​លោក​ស្រី​រ៉ាខែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ! សូម​ឲ្យ​លោក​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ​នៅ​ភូមិ​អេប្រា‌តា និង​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេហិម។ 12 សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក និង​នាង​មាន​កូន​ចៅ​ច្រើន ដើម្បី​ឲ្យ​គ្រួសារ​លោក​បាន​ដូច​គ្រួសារ​របស់​លោក​ផារេស ជា​កូន​របស់​លោក​យូដា និង​នាង​ថាម៉ារ​ដែរ!»។

លោក​បូអូស និង​ពូជ‌ពង្ស​របស់​លោក

13 លោក​បូអូស​ក៏​យក​នាង​រូថ​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ សម្រាល​បាន​កូន​ប្រុស​មួយ។ 14 ពួក​ស្ត្រី​នៅ​ភូមិ​បេថ្លេហិម​ពោល​ទៅ​កាន់​នាង​ណា‌អូមី​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​ចៅ​ប្រុស​មួយ​សម្រាប់​ថែ‌រក្សា​អ្នក!។ សូម​ឲ្យ​ចៅ​របស់​អ្នក​មាន​ឈ្មោះ​ល្បី‌ល្បាញ ក្នុង​ស្រុក​អ៊ីស្រា‌អែល 15 ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែ‌រក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ​ពីរ​នាក់​ទៅ​ទៀត»។

16 នាង​ណា‌អូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។ 17 ពួក​ស្ត្រី​ដែល​នៅ​ជិត​ខាង​នាំ​គ្នា​ពោល​ថា៖ «នាង​ណា‌អូមី​មាន​កូន​ប្រុស​មួយ!»។ ពួក​គេ​ហៅ​កូន​នោះ​ថា «អូបេដ»។ គឺ​លោក​អូបេដ​នេះ​ហើយ​ដែល​ត្រូវ​ជា​ឪពុក​លោក​យេសាយ ហើយ​លោក​យេសាយ​ជា​បិតា​របស់​ព្រះ‌បាទ​ដាវីឌ។
18 នេះ​ជា​ពូជ‌ពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេត‌ស្រូម 19 លោក​ហេត‌ស្រូម​បង្កើត​លោក​អរ៉ាម លោក​អរ៉ាម​បង្កើត​លោក​អមី‌ណា‌ដាប់ 20 លោក​អមី‌ណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន 21 លោក​សាល‌ម៉ូន​បង្កើត​លោក​បូអូស លោក​បូអូស​បង្កើត​លោក​អូបេដ 22 លោក​អូបេដ​បង្កើត​លោក​យេសាយ ហើយ​លោក​យេសាយ​បង្កើត​ព្រះ‌បាទ​ដាវីឌ។