ជំពូក ៣

នាង​រូថ​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ

1 ថ្ងៃ​មួយ នាង​ណា‌អូមី​ពោល​ទៅ​កាន់​នាង​រូថ​ថា៖ «ម៉ែ​ត្រូវ​តែ​រក​អនាគត​ឲ្យ​កូន ដើម្បី​កូន​បាន​សេចក្ដី​សុខ។ 2 លោក​បូអូស​ដែល​កូន​ធ្វើ​ការ​ជា​មួយ​ស្រី​បម្រើ​របស់​គាត់​នោះ ជាប់​សាច់‌ញាតិ​នឹង​យើង​ដែរ។ ល្ងាច​នេះ គាត់​នឹង​ទៅ​បោក​បែន​ស្រូវ​នៅ​លាន។ 3 ចូរ​កូន​តុប‌តែង​ខ្លួន​ឲ្យ​ស្អាត លាប​ទឹក​អប់ និង​ស្លៀក​ពាក់​យ៉ាង​ល្អ​ផង រួច​ដើរ​ទៅ​លាន​ដែល​គាត់​បោក​បែន​ស្រូវ តែ​កុំ​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ស្គាល់ រហូត​ទាល់​តែ​គាត់​ពិសា​អាហារ និង​ស្រា​រួច។ 4 ពេល​គាត់​ចូល​សម្រាន្ដ កូន​ត្រូវ​មើល​ចំណាំ​កន្លែង​ដែល​គាត់​សម្រាន្ដ​ឲ្យ​បាន​ច្បាស់។ បន្ទាប់​មក កូន​ត្រូវ​ទៅ​បើក​ភួយ​នៅ​ចុង​ជើង​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ គាត់​នឹង​ប្រាប់​កូន​នូវ​អ្វីៗ​ដែល​កូន​ត្រូវ​ធ្វើ»។ 5 នាង​រូថ​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​ម្ដាយ​សព្វ​គ្រប់​ទាំង​អស់»។

6 នាង​រូថ​ចេញ​ទៅ​លាន​បោក​បែន​ស្រូវ ហើយ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ម្ដាយ​ក្មេក​បាន​បង្គាប់។ 7 លោក​បូអូស​ពិសា​ម្ហូប​អាហារ និង​ស្រា​រួច​ហើយ គាត់​ក៏​សប្បាយ​ចិត្ត ទម្រេត​ខ្លួន​សម្រាន្ដ​លក់​នៅ​ជិត​គំនរ​កណ្ដាប់​ស្រូវ។ នាង​រូថ​ដើរ​លបៗ​ចូល​មក បើក​ភួយ​នៅ​ចុង​ជើង​របស់​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ។ 8 នៅ​ពាក់​កណ្ដាល​អធ្រាត្រ ដោយ​លោក​បូអូស​រងា គាត់​ក៏​ប្រែ​ខ្លួន ហើយ​ឃើញ​ស្ត្រី​ម្នាក់​ដេក​នៅ​ចុង​ជើង​គាត់។ 9 លោក​បូអូស​សួរ​ថា៖ «នរណា​ហ្នឹង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រូថ ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់។ សូម​លោក​ម្ចាស់​មេត្តា​ទទួល​នាង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ទៅ ដ្បិត​លោក​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ខ្ញុំ​ស្រាប់​ហើយ»។ 10 លោក​បូអូស​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​នាង! នាង​ប្រព្រឹត្ត​ដូច្នេះ គឺ​នាង​បង្ហាញ​ចិត្ត​ស្មោះ‌ត្រង់​ប្រសើរ​ជាង​ពី​មុន​ទៅ​ទៀត គឺ​នាង​មិន​បាន​ដើរ​រក​ប្រុស​ក្មេងៗ ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្តី មក​ធ្វើ​ជា​ប្ដី​ទេ។ 11 ឥឡូវ​នេះ សូម​នាង​កុំ​បារម្ភ​ឡើយ អ្វីៗ​ដែល​នាង​សុំ ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់ ដ្បិត​ប្រជាជន​ទាំង​មូល​ដឹង​ច្បាស់​ថា នាង​ជា​ស្ត្រី​ថ្លៃ‌ថ្នូរ។ 12 ខ្ញុំ​ជា​សាច់‌ញាតិ​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់‌ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។ 13 យប់​នេះ សូម​នាង​សម្រាក​នៅ​ទី​នេះ​ហើយ! ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ទៅ​សួរ​គេ។ ប្រសិន​បើ​គេ​ចង់​ទទួល​ខុស​ត្រូវ​លើ​នាង ឲ្យ​គេ​ទទួល​ចុះ តែ​បើ​គេ​មិន​ព្រម​ទេ ខ្ញុំ​សូម​សន្យា ដោយ​យក​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​សាក្សី​ថា ខ្ញុំ​មុខ​ជា​ទទួល​ខុស​ត្រូវ​លើ​នាង​ពុំ‌ខាន! សូម​នាង​សម្រាក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ!»។

14 នាង​រូថ​ដេក​នៅ​ចុង​ជើង​លោក​បូអូស​រហូត​ដល់​ព្រឹក ហើយ​នាង​បាន​ក្រោក​ពី​ព្រលឹម​ស្រាងៗ មុន​ពេល​មើល​គ្នា​ស្គាល់។ លោក​បូអូស​ក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ថា នាង​បាន​ចូល​មក​ក្នុង​លាន​នេះ​ដែរ។ 15 លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដោះ​អាវ​ធំ​របស់​នាង កាន់​ឲ្យ​ជាប់»។ នាង​ក៏​ដោះ​អាវ ហើយ​លោក​ចាក់​ស្រូវ​មួយ​តៅ​ឲ្យ​នាង ព្រម​ទាំង​ជួយ​លើក​ដាក់​ឲ្យ​នាង​ទូល​ទៀត​ផង។ នាង​ក៏​ទូល​ស្រូវ​នោះ​ចូល​ទៅ​ក្នុង​ភូមិ​វិញ។

16 ពេល​ទៅ​ដល់​ផ្ទះ ម្ដាយ​ក្មេក​សួរ​ថា៖ «យ៉ាង​ដូច​ម្ដេច​ទៅ​ហើយ​កូន?»។ នាង​រូថ​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បូអូស​បាន​ប្រព្រឹត្ត​ចំពោះ​នាង។ 17 នាង​បញ្ជាក់​ថា៖ «លោក​បាន​ឲ្យ​ស្រូវ​មួយ​តៅ​មក​កូន ទាំង​ពោល​ថា នាង​មិន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដៃ​ទទេ​ឡើយ!»។ 18 នាង​ណា‌អូមី​និយាយ​ថា៖ «ចូរ​កូន​នៅ​រង់‌ចាំ​មើល​សិន រហូត​ទាល់​តែ​ដឹង​ថា​ការ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​លោក​បូអូស​នឹង​មិន​នៅ​ស្ងៀម​ទេ គឺ​គាត់​នឹង​គិត‌គូរ​រហូត​ទាល់​តែ​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ជា​ពុំ‌ខាន»។