ជំពូក ៦

ចម្លើយ​របស់​ព្រះ‌បាទ​ដារី‌យូស

1 ព្រះ‌ចៅ​ដារី‌យូស​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ឯក‌សារ​រាជ‌ទ្រព្យ ដែល​គេ​រក្សា​ទុក​ក្នុង​មន្ទីរ​តម្កល់​ឯក‌សារ​នៅ​ក្រុង​បាប៊ីឡូន។ 2 គេ​រក​ឃើញ​ក្រាំង​មួយ​នៅ​អេក‌បា‌តាន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នៃ​អាណា‌ខេត្ត​ម៉ែដ។ ក្នុង​ក្រាំង​នោះ​មាន​ចែង​ដូច​ត​ទៅ៖ «កំណត់​ហេតុ:
3 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ស្តេច​បាន​ចេញ​រាជ‌បញ្ជា​មួយ​ស្តី​អំពី​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ ត្រូវ​សង់​ព្រះ‌ដំណាក់​ឡើង​វិញ​នៅ​លើ​គ្រឹះ​ចាស់ ទុក​ជា​កន្លែង​ថ្វាយ​យញ្ញ‌បូជា។ ព្រះ‌ដំណាក់​នេះ​ត្រូវ​មាន​កម្ពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ហុក‌សិប​ហត្ថ។ 4 គេ​ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជួរ​ឆ្លាស់​គ្នា​នឹង​ឈើ​មួយ​ជួរ។ រីឯ​ប្រាក់​ចំណាយ​លើ​ការ​សង់ ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ។ 5 គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដែល​ស្តេច​នេប៊ូ‌កានេសារ បាន​រឹប​អូស​យក​ពី​ព្រះ‌វិហារ នៅ​ក្រុង​យេរូ‌សាឡឹម​មក​ក្រុង​បាប៊ីឡូន​នោះ ត្រូវ​តែ​នាំ​ទៅ​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ដាក់​នៅ​កន្លែង​ដើម​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់»។ 6 ព្រះ‌ចៅ​ដារី‌យូស​ផ្ញើ​រាជ‌សារ​ទៅ​លោក​ថាត‌ណាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូស‌ណាយ ព្រម​ទាំង​ពួក​រាជការ ជា​សហ‌ការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត មាន​សេចក្ដី​ដូច​ត​ទៅ៖
«សុំ​អស់​លោក​កុំ​រវី‌រវល់​នឹង​រឿង​នេះ​ឡើយ។ 7 ទុក​ឲ្យ​ជន​ជាតិ​យូដា​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ​ចុះ។ ត្រូវ​ឲ្យ​ទេសា‌ភិបាល និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ជន​ជាតិ​យូដា សង់​ព្រះ‌ដំណាក់​ត្រង់​កន្លែង​ដើម។ 8 សុំ​អស់​លោក​ជួយ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ជន​ជាតិ​យូដា ក្នុង​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជ‌ទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធ‌អាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត មក​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់‌ខាន​ឡើយ។ 9 សុំ​អស់​លោក​ផ្គត់‌ផ្គង់​អ្វីៗ​ដែល​ក្រុម​បូជា‌ចារ្យ នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​ការ​ជា​រៀង‌រាល់​ថ្ងៃ គឺ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម សម្រាប់​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ចំពោះ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ ព្រម​ទាំង​ស្រូវ អំបិល ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង តាម​សំណូម​ពរ​របស់​ក្រុម​បូជា‌ចារ្យ កុំ​បី​អាក់‌ខាន​ឡើយ។ 10 ធ្វើ​ដូច្នេះ ពួក​គេ​អាច​ថ្វាយ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​គេ​ទូល‌អង្វរ សូម​ឲ្យ​ព្រះ‌រាជា និង​រាជ‌បុត្រ មាន​ជន្មាយុ​យឺន‌យូរ។ 11 ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​សេចក្ដី​ដែល​យើង​បង្គាប់​ទេ ត្រូវ​ដក​ឈើ​ពី​ផ្ទះ​របស់​អ្នក​នោះ បញ្ឈរ​ឡើង​សម្រាប់​ដោត​គេ ហើយ​យក​ផ្ទះ​របស់​គេ​ធ្វើ​ជា​កន្លែង​បន្ទោរ‌បង់​ផង។ 12 សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដែល​តាំង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​នៅ​ទី​នោះ ទម្លាក់​ស្តេច ឬ​ប្រជាជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សម្រេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡឹម។
យើង​ដារី‌យូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។
13 លោក​ថាត‌ណាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូស‌ណាយ ព្រម​ទាំង​ពួក​សហ‌ការី នាំ​គ្នា​អនុវត្ត​តាម​រាជ‌បញ្ជា​របស់​ព្រះ‌ចៅ​ដារី‌យូស​យ៉ាង​ម៉ត់‌ចត់​បំផុត។

ពិធី​បុណ្យ​ឆ្លង​ព្រះ‌វិហារ

14 ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន​ជាតិ​យូដា​បន្ត​ការ​សាង​សង់​ព្រះ‌វិហារ​ដោយ​ជោគ‌ជ័យ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​ហាកាយ និង​ព្យាការី​សាការី ជា​កូន​របស់​លោក​អ៊ីដូ បាន​ថ្លែង។ ពួក​គេ​បង្ហើយ​ការ​សាង​សង់​ព្រះ‌វិហារ ស្រប​តាម​បញ្ជា​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល និង​ស្រប​តាម​រាជ‌ក្រឹត្យ​របស់​ព្រះ‌ចៅ​ស៊ីរូស ព្រះ‌ចៅ​ដារី‌យូស និង​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ជា​ស្តេច​ស្រុក​ពែរ្ស។ 15 គេ​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យូស។16 ជន​ជាតិ​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជាជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដោយ​អំណរ។17 ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នេះ ពួក​គេ​យក​គោ​បា​មួយ‌រយ​ក្បាល ចៀម​ឈ្មោល​ពីរ‌រយ​ក្បាល និង​កូន​ចៀម​ចំនួន​បួន‌រយ​ក្បាល មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល។ គេ​ក៏​បាន​ថ្វាយ​ពពែ​ឈ្មោល​ដប់‌ពីរ​ក្បាល តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ 18 គេ​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខ‌ងារ ដែល​ពួក​គេ​បំពេញ​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។

ជន​ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​ចម្លង

19 អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។ 20 ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ ហើយ​ពួក​គេ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ពួក​គេ​អារ ក​កូន​ចៀម​នៃ​ពិធី​បុណ្យ​ចម្លង សម្រាប់​ប្រជាជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ សម្រាប់​ក្រុម​បូជា‌ចារ្យ ជា​បង‌ប្អូន និង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។ 21 ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ នាំ​គ្នា​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​រួម​ជា​មួយ​អស់​អ្នក ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​ភាព​សៅ‌ហ្មង*​របស់​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល​វិញ។ 22 ពួក​គេ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​នេះ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​យ៉ាង​សប្បាយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពួក​គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ គឺ​ព្រះ‌អង្គ​ដូរ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌ចៅ​អធិ‌រាជ​ឲ្យ​មេត្តា​ចំពោះ​ពួក​គេ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ក្នុង​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។