ជំពូក ១០

ជន​ជាតិ​អ៊ីស្រា‌អែល​លែង​ប្រពន្ធ​ដែល​ជា​សាសន៍​ដទៃ

1 ពេល​លោក​អែសរ៉ា​ក្រាប​នៅ​មុខ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ លោក​ទូល‌អង្វរ និង​លន់‌តួ​បាប ទាំង​សម្រក់​ទឹក​ភ្នែក ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន ទាំង​ប្រុស ទាំង​ស្រី និង​ក្មេង នាំ​គ្នា​មក​ជុំ‌វិញ​លោក ហើយ​យំ​សោក​យ៉ាង​ខ្លាំង។ 2 ពេល​នោះ លោក​សេកា‌នីយ៉ា ជា​កូន​របស់​លោក​យេហ៊ី‌អែល និង​ជា​ពូជ‌ពង្ស​របស់​លោក​អេឡាំ ជម្រាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជាជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​តែ​មាន​សង្ឃឹម។ 3 យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ‌បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​គម្ពីរ‌វិន័យ​ចុះ។ 4 សូម​លោក​ក្រោក​ឡើង ហើយ​បំពេញ​កិច្ច‌ការ​របស់​លោក​ចុះ យើង​ខ្ញុំ​គាំ‌ទ្រ​លោក។ សូម​លោក​មាន​ចិត្ត​ក្លាហាន​ឡើង រួច​សម្រេច​កិច្ច‌ការ​នេះ​ទៅ»។
5 លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកា‌នីយ៉ា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។ 6 បន្ទាប់​មក លោក​អែសរ៉ា​ចាក‌ចេញ​ពី​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណន ដែល​ជា​កូន​លោក​អេលី‌យ៉ា‌ស៊ីប។ នៅ​ទី​នោះ លោក​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​លោក​នៅ​តែ​សោក‌សង្រេង ដោយ‌សារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។
7 បន្ទាប់​មក​ទៀត គេ​ចេញ​ប្រកាស​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ​នោះ ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ 8 អ្នក​ណា​មិន​ព្រម​មក ក្នុង‌រយៈ​ពេល​បី​ថ្ងៃ តាម​សេចក្ដី​សម្រេច​របស់​មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ គេ​នឹង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ ហើយ​បណ្តេញ​គាត់​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល។
9 ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ា‌មីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជាជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទី‌ធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។ 10 លោក​បូជា‌ចារ្យ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​មាន​ទោស។ 11 ឥឡូវ​នេះ ចូរ​លន់‌តួ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ញែក​ខ្លួន​ចេញ​ពី​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​សាសន៍​ដទៃ​ផង»។
12 សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក! 13 ប៉ុន្តែ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន ហើយ​ជា​រដូវ​ភ្លៀង​ផង ដូច្នេះ យើង​ខ្ញុំ​មិន​អាច​នៅ​ខាង​ក្រៅ​បាន​ទេ។ មួយ​វិញ​ទៀត កិច្ច‌ការ​នេះ​ពុំ​អាច​សម្រេច​ក្នុង‌រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ឡើយ ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ចំណោម​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ។ 14 សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទី‌ក្រុង​របស់​យើង ហើយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​ព្រឹទ្ធា‌ចារ្យ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​ព្រះ‌ពិរោធ​របស់​ព្រះ​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។
15 មាន​តែ​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អសាអែល និង​លោក​យ៉ាស៊ីយ៉ា ជា​កូន​របស់​លោក​ទីកវ៉ា​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ការ​សម្រេច​នេះ ដោយ​មាន​ការ​គាំ‌ទ្រ​ពី​សំណាក់​លោក​មេស៊ូឡាំ និង​លោក​សាប់‌ថាយ ពី​ក្រុម​លេវី។ 16 ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ យល់​ស្រប​ទាំង​អស់​គ្នា។ លោក​បូជា‌ចារ្យ​អែសរ៉ា​បាន​ជ្រើស‌រើស​មេ​ក្រុម​គ្រួសារ​ក្នុង​អំបូរ​នីមួយៗ តាម​ឈ្មោះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​ចូល​រួម​ពិនិត្យ​មើល​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ដប់។ 17 នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ គេ​បង្ហើយ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​អស់​អ្នក ដែល​រៀប‌ការ​នឹង​ស្ត្រី​សាសន៍​ដទៃ​នោះ។

បញ្ជី​ឈ្មោះ​ជន​ជាតិ​យូដា​ដែល​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ

18 ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ ដែល​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​មាន: កូន​ចៅ​លោក​យ៉ូស៊ូអា កូន​ចៅ​លោក​យ៉ូសា‌ដាក និង​កូន​ចៅ​របស់​បង‌ប្អូន​គាត់ គឺ​លោក​ម៉ាសេយ៉ា លោក​អេលី‌យេ‌ស៊ែរ លោក​យ៉ារីប និង​លោក​កេដេ‌លីយ៉ា។ 19 ពួក​គេ​បាន​សន្យា​ថា​នឹង​លែង‌លះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ថ្វាយ​ចៀម​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ 20 បន្ទាប់​មក មាន​កូន​ចៅ​លោក​អ៊ីមែរ គឺ​លោក​ហាណានី និង​លោក​សេបា‌ឌីយ៉ា 21 កូន​ចៅ​លោក​ហារីម គឺ​លោក​ម៉ាសេយ៉ា លោក​អេលីយ៉ា លោក​សេម៉ាយ៉ា លោក​យេហ៊ី‌អែល និង​លោក​អសា‌រីយ៉ា 22 កូន​ចៅ​លោក​ប៉ាសួរ គឺ​លោក​អេលី‌យ៉ូណៃ លោក​ម៉ាសេយ៉ា លោក​អ៊ីស្មា‌អែល លោក​នេតា‌នេ‌អែល លោក​យ៉ូសា‌បាដ និង​លោក​អេឡាសារ។
23 ក្នុង​ចំណោម​ក្រុម​លេវី​មាន​លោក​យ៉ូសា‌បាដ លោក​ស៊ីម៉ៃ លោក​កេឡាយ៉ា ហៅ​កេលីតា លោក​ប៉េតាយ៉ា និង​លោក​អេលី‌យេ‌ស៊ែរ។
24 ក្នុង​ចំណោម​ក្រុម​ចម្រៀង​មាន​លោក អេលី-‌យ៉ា‌ស៊ីប។ ក្នុង​ចំណោម​ក្រុម​យាម​ទ្វារ​មាន​លោក​សាលូម លោក​ថេលេម និង​លោក​អ៊ូរី។
25 ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល: កូន​ចៅ​លោក​ប៉ារ៉ូស​មាន​លោក​រ៉ាមីយ៉ា លោក​អ៊ីស៊ីយ៉ា លោក​ម៉ាល់‌គីយ៉ា លោក​មីយ៉ា‌មីន លោក​អេឡាសារ លោក​ម៉ាល់‌គីយ៉ា និង​លោក​បេណាយ៉ា។ 26 កូន​ចៅ​លោក​អេឡាំ​មាន​លោក​ម៉ាថា‌នីយ៉ា លោក​សាការី លោក​យេហ៊ី‌អែល លោក​អាប់ឌី លោក​យេរេ‌ម៉ុត និង​លោក​អេលីយ៉ា។ 27 កូន​ចៅ​លោក​សាធូ​មាន​លោក​អេលី‌យ៉ូណៃ លោក​អេលី‌យ៉ា‌ស៊ីប លោក​ម៉ាថា‌នីយ៉ា លោក​យេរេ‌ម៉ុត លោក​សេបាដ និង​អស៊ីសា។ 28 កូន​ចៅ​លោក​បេបៃ​មាន​លោក​យ៉ូហាណន លោក​ហាណា‌នីយ៉ា លោក​សាបៃ និង​លោក​អាត់ឡៃ។ 29 កូន​ចៅ​លោក​បានី​មាន​លោក​មេស៊ូឡាំ លោក​ម៉ាលូក លោក​អដាយ៉ា លោក​យ៉ាស៊ូប លោក​សេអាល់ និង​លោក​យេរេម៉ុត។ 30 កូន​ចៅ​លោក​ប៉ាហាត់-‌ម៉ូអាប់​មាន លោក​អាដណា លោក​កេឡាល លោក​បេណាយ៉ា លោក​ម៉ាសេយ៉ា លោក​ម៉ាថា‌នីយ៉ា លោក​បេសា‌លេអែល លោក​ប៊ីនូអ៊ី និង​លោក​ម៉ាណាសេ។ 31 កូន​ចៅ​លោក​ហារីម​មាន​លោក​អេលី‌យេ‌ស៊ែរ លោក​យីស៊ីយ៉ា លោក​ម៉ាល់‌គីយ៉ា លោក​សេម៉ាយ៉ា លោក​ស៊ីម៉ូន 32 លោក​បេន‌យ៉ា‌មីន លោក​ម៉ាលូក និង​លោក​សេម៉ា‌រីយ៉ា។ 33 កូន​ចៅ​លោក​ហាស៊ូម​មាន​លោក​ម៉ាត់ណៃ លោក​ម៉ាត់‌តាថា លោក​សេបាដ លោក​អេលី‌ផេ‌លេត លោក​យេរេម៉ៃ លោក​ម៉ាណាសេ និង​លោក​ស៊ីម៉ៃ។ 34 កូន​ចៅ​លោក​បានី​មាន លោក​ម៉ាដាយ លោក​អាំរ៉ាម លោក​អ៊ូអែល 35 លោក​បេណាយ៉ា លោក​បេឌី‌យ៉ា លោក​កេលូ‌ហ៊ូ 36 លោក​វ៉ានីយ៉ា លោក​មេរេម៉ុត លោក​អេលី‌យ៉ា‌ស៊ីប 37 លោក​ម៉ាថា‌នីយ៉ា លោក​ម៉ាត់ណៃ លោក​យ៉ាសៃ 38 លោក​បានី លោក​ប៊ីនូអ៊ី លោក​ស៊ីម៉ៃ 39 លោក​សេឡេ‌មីយ៉ា លោក​ណាថាន លោក​អដាយ៉ា 40 លោក​ម៉ាក់ណាដបៃ លោក​សាសៃ លោក​សារ៉ៃ 41 លោក​អសា‌រេ‌អែល លោក​សេឡេ‌មីយ៉ា លោក​សេម៉ា‌រីយ៉ា 42 លោក​សាលូម លោក​អម៉ា‌រីយ៉ា និង​លោក​យ៉ូសែប។ 43 កូន​ចៅ​លោក​នេបូ​មាន​លោក​យេអែល លោក​ម៉ាធី‌ធីយ៉ា លោក​សេបាដ លោក​សេប៊ីណា លោក​យ៉ាត់ដៃ លោក​យ៉ូអែល និង​លោក​បេណាយ៉ា។ 44 អ្នក​ទាំង​នេះ​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​មួយ​ចំនួន​មាន​កូន​ទៀត​ផង៕