ពាក្យ​លំនាំ

លោក​មីកា​ជា​ព្យាការី​មួយ​រូប​រស់​នៅ​ជំនាន់​ព្យាការី​អេសាយ លោក​បម្រើ​ព្រះ‌អម្ចាស់​ក្នុង​អំឡុង​ឆ្នាំ ៧៤០-៧០០ មុន​គ្រីស្ត‌សករាជ។ ព្យាការី​មីកា​ក៏​ដូច​ជា​ព្យាការី​អេសាយ​ដែរ លោក​នាំ​ព្រះ‌បន្ទូល​ទៅ​ប្រកាស​ប្រាប់​អ្នក​ស្រុក​យូដា នៅ​គ្រា​ដែល​ពួក​គេ​ទទួល​ការ​គំរាម‌កំហែង​ពី​សំណាក់​កង‌ទ័ព​អាស្ស៊ីរី។

លោក​មីកា​ប្រកាស​ប្រាប់​អ្នក​ស្រុក​ថា ទឹក​ដី​របស់​ពួក​គេ ជា​ពិសេស ក្រុង​យេរូ‌សាឡឹម​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដូច​ក្រុង​សាម៉ារី ជា​រាជ‌ធានី​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល​ខាង​ជើង​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា មហន្ត‌រាយ​ដែល​នឹង​កើត​មាន​នេះ ជា​លទ្ធ‌ផល​នៃ​អំពើ​បាប​របស់​ពួក​គេ ជា​ពិសេស អំពើ​អយុត្តិ‌ធម៌​នៅ​ក្នុង​សង្គម​ជាតិ​យូដា។ សេចក្ដី​ដែល​លោក​ប្រកាស​ក្នុង​នាម​ព្រះ‌អម្ចាស់ បណ្តាល​ឲ្យ​មាន​ការ​ប៉ះ‌ទង្គិច​ជា​មួយ​ពួក​មេ​ដឹក​នាំ ពួក​អភិជន អ្នក​គ្រប់‌គ្រង និង​ពួក​បូជា‌ចារ្យ​ជា​ដើម។ លោក​ក៏​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​ព្យាការី​មួយ​ចំនួន ដែល​បោក​បញ្ឆោត​ប្រជាជន ដោយ​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​មិន​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ឬ​កែ‌ប្រែ​ចិត្ត​គំនិត​ឡើយ។ តាម‌រយៈ​សេចក្ដី​ដែល​លោក​ប្រកាស ព្យាការី​មីកា​ចង់​ណែ‌នាំ​ប្រជាជន​ឲ្យ​រិះ‌គិត​ពិចារណា ហើយ​ប្រកាន់​យក​គោល​ជំហរ​ដូច​ត​ទៅ: ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់ និង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​គោរព​ស្រឡាញ់​អ្នក​ដទៃ។ លោក​ស្តី​ប្រដៅ​ប្រជាជន​មែន តែ​លោក​ក៏​ប្រកាស​ឲ្យ​គេ​ដឹង​ថា ព្រះ‌ជាម្ចាស់​មាន​គម្រោង‌ការ​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​នៅ​អនាគត‌កាល​ដែរ។

កណ្ឌ​គម្ពីរ​មីកា​សង្កត់​ទៅ​លើ​ខ្លឹមសារ​ពីរ​យ៉ាង : ព្រះ‌ជាម្ចាស់​ប្រកាស​ថា ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដើម្បី​វាយ​ប្រដៅ​ពួក​គេ (ចំពូក ១‑៣ និង​៦.១‑៧.៧) ហើយ​ព្រះ‌អង្គ​ក៏​សន្យា​នឹង​សង្គ្រោះ​ពួក​គេ​ដែរ (ចំពូក ៤‑៥ និង​៧:៨-២០) ដោយ​ស្តារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ហើយ​តែង‌តាំង​មាន​ស្តេច​មួយ​អង្គ ដែល​ជា​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ (៥:១-៤​ក)។