ជំពូក ៣
ពាក្យព្រមានមេដឹកនាំ
1 ពួកមេដឹកនាំកូនចៅលោកយ៉ាកុប
និងពួកអ្នកគ្រប់គ្រងលើ
ពូជពង្សអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យខ្ញុំ!
អ្នករាល់គ្នាត្រូវតែស្គាល់ច្បាប់។
2 ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ
ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។
អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន
រហូតដល់បកស្បែកគេ
ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។
3 អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ
អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ
ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។
4 អ្នករាល់គ្នាស្រែកអង្វរព្រះអម្ចាស់
តែព្រះអង្គមិនឆ្លើយតបមកវិញឡើយ
ពេលនោះ ព្រះអង្គគេចព្រះភ័ក្ត្រពីអ្នករាល់គ្នា
ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ
5 ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីពួកព្យាការី
ដែលនាំប្រជាជនរបស់ខ្ញុំឲ្យវង្វេង។
បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត
ពួកគេទាយថា មានសេចក្ដីសុខសាន្ត
តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ
ពួកគេទាយថា មានកើតសង្គ្រាម។
6 ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ
និមិត្តហេតុអស្ចារ្យទៀតហើយ
ផ្ទុយទៅវិញ មានតែយប់ងងឹត
អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ
ផ្ទុយទៅវិញ មានតែភាពអន្ធការ
ភាពងងឹតសូន្យសុងនឹងគ្របពីលើ
ព្យាការីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។
7 ពួកគ្រូទាយនឹងត្រូវបាក់មុខ
ពួកហោរានឹងត្រូវអាម៉ាស់
ពួកគេនឹងយកដៃបាំងមុខ
ដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។
8 ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង
មកពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់។
ព្រះអង្គប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌
និងមានចិត្តក្លាហាន
ដើម្បីប្រាប់ពូជពង្សលោកយ៉ាកុប
ឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួន
ហើយប្រាប់ប្រជាជនអ៊ីស្រាអែល
ឲ្យស្គាល់អំពើបាបរបស់ខ្លួន។
9 នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុប
មេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយ
សូមនាំគ្នាស្ដាប់!
អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។
10 អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ
ហើយសង់ក្រុងយេរូសាឡឹម
ដោយជិះជាន់សង្កត់សង្កិនគេ។
11 ចៅក្រមកាត់ក្តី ដោយចង់បានសំណូក
បូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកម្រៃ
ព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។
ពួកគេយកព្រះនាមព្រះអម្ចាស់មកប្រើ
ទាំងពោលថា: “ព្រះអម្ចាស់គង់នៅជាមួយយើង
មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
12 ហេតុនេះ ព្រោះតែអ្នករាល់គ្នា
ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ
ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា
គំនរបាក់បែក
រីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។