ជំពូក ១
1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរេសិត តាមរយៈនិមិត្តហេតុអស្ចារ្យស្តីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអខាស និងព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា។
ព្រះបន្ទូលព្រមានស្រុកអ៊ីស្រាអែល និងស្រុកយូដា
2 ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់!
ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ
ចូរយកចិត្តទុកដាក់ស្ដាប់!
ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា
ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
3 ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក
ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។
4 ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា
ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ
ដូចក្រមួនរលាយនៅមុខភ្លើង
ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
5 ហេតុការណ៍ទាំងនេះកើតមាន
ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប
និងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។
តើនរណានាំឲ្យកូនចៅ
របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត?
គឺក្រុងសាម៉ារី!
តើនរណានាំឲ្យយូដាគោរព
ព្រះក្លែងក្លាយនៅតាមទីខ្ពស់?
គឺក្រុងយេរូសាឡឹម!
6 យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋ
ជាចម្ការមួយដែលគេដាំទំពាំងបាយជូរ
យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ
ទម្លាក់ទៅក្នុងជ្រោះ
ហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។
7 រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែក
គ្រឿងសក្ការបូជាទាំងប៉ុន្មានដែលគេយក
មកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។
យើងនឹងកម្ទេចព្រះក្លែងក្លាយទាំងអស់
រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារ
ដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃ
ស្រីពេស្យា។
8 ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង
ខ្ញុំដើរជើងទទេ និងខ្លួនទទេ
ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
9 ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ
ដំបៅនេះស៊ីរហូតដល់ស្រុកយូដា
និងដល់ទ្វារក្រុងយេរូសាឡឹម
ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។
10 កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ
ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។
កុំដេកននៀលលើដីនៅក្រុងបេត-លេ-ប្រា
ឲ្យសោះ។
11 អ្នកស្រុកសាភៀរអើយ
ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ!
អ្នកក្រុងសាណនមិនហ៊ានចេញពីទីក្រុងទេ។
អ្នកក្រុងបេតហេសែលនាំគ្នាកាន់ទុក្ខ
ពួកគេមិនអាចធ្វើជាបង្អែករបស់
អ្នករាល់គ្នាទេ។
12 អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល
ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ
មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។
13 អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ!
អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន
ឲ្យប្រព្រឹត្តអំពើបាប
ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែល
ចាប់ផ្តើមឡើងនៅក្នុងក្រុងរបស់អ្នក។
14 ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី
ប្រជាជននៅក្រុងម៉ូរេសិត-កាថ។
ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញគេនឹងធ្វើ
ឲ្យស្តេចស្រុកអ៊ីស្រាអែលខកចិត្ត។
15 អ្នកស្រុកម៉ារេសាអើយ
ព្រះអម្ចាស់នឹងនាំសត្រូវមកឈ្លានពានអ្នក
មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រាអែល
នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។
16 អ្នកក្រុងយេរូសាឡឹមអើយ
ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ
ដ៏ជាទីស្រឡាញ់របស់អ្នក
ចូរទុកក្បាលឲ្យនៅត្រងោល
ដូចក្បាលត្មាត ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក
ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។