ពាក្យ​លំនាំ

គម្ពីរ​អែសរ៉ា រៀប‌រាប់​ប្រវត្តិ​ជន​ជាតិ​អ៊ីស្រា‌អែល បន្ត​ពី​គម្ពីរ​របា‌ក្សត្រ​ទី​១ និង​ទី​២ ហើយ​ចង​ក្រង​ឡើង​ក្នុង​គោល​គំនិត​តែ​មួយ និង​ទស្សនៈ​តែ​មួយ​ដូច​គម្ពីរ​របា‌ក្សត្រ​ដែរ។

គម្ពីរ​នេះ​ចាប់​ផ្តើម​ដោយ​រៀប‌រាប់​អំពី​រាជា‌នុញ្ញាត​របស់​ព្រះ‌ចៅ​ស៊ីរូស ឲ្យ​ជន​ជាតិ​យូដា​វិល​ត្រឡប់​ទៅ​សង់​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ (ចំពូក ១)។ ពេល​នោះ ជន​ជាតិ​យូដា​ដែល​ជាប់​ជា​ឈ្លើយ​សឹក នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​វិញ (ចំពូក ២)។ សកម្ម‌ភាព​ដំបូង​បង្អស់​ដែល​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​ដំឡើង​អាសនៈ ហើយ​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ‌អម្ចាស់​ឡើង​វិញ (ចំពូក ៣)។ ប៉ុន្តែ ពួក​គេ​បាន​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​ពី​សំណាក់​បច្ចា‌មិត្ត​មួយ​ចំនួន ដែល​តម្រូវ​ឲ្យ​មាន​ទំនាក់‌ទំនង​តាម​សំបុត្រ​ជា​មួយ​រដ្ឋ‌បាល​ពែរ្ស រហូត​ទាល់​តែ​ជន​ជាតិ​យូដា​ទទួល​លិខិត​បញ្ជាក់​ពី​ព្រះ‌ចៅ​អធិ‌រាជ ក្នុង​ការ​សាង​សង់​នេះ (ចំពូក ៤‑៦)។

ប្រមាណ​មួយ​សតវត្ស​កន្លង​មក គឺ​ផ្នែក​ទី​ពីរ​នៃ​គម្ពីរ​នេះ មាន​រៀប‌រាប់​អំពី​លោក​បូជា‌ចារ្យ​អែសរ៉ា ទទួល​រាជា‌នុញ្ញាត​ពី​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ដើម្បី​រៀប‌ចំ​សកម្ម‌ភាព​ផ្នែក​ខាង​ជំនឿ​សាសនា នៅ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ។

ខ្លឹមសារ​នៃ​កណ្ឌ​គម្ពីរ​អែសរ៉ា​សង្កត់​ទៅ​លើ​ជំនឿ​មុត‌មាំ និង​ជីវិត​បរិសុទ្ធ ដែល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​ត្រូវ​តែ​ប្រកាន់​យក ហើយ​បង្ហាញ​អំពី​ទឹក​ចិត្ត​ក្លា‌ហាន និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​បូជា‌ចារ្យ​មួយ​រូប ដើម្បី​ណែ‌នាំ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មាន​ជំនឿ​ត្រឹម‌ត្រូវ​លើ​ព្រះ‌ជាម្ចាស់​ឡើង​វិញ។