ពាក្យ​លំនាំ

ពាក្យ​ប្រៀន‌ប្រដៅ​របស់«សាស្តា» មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ផ្សេង​ទៀត នៅ​ក្នុង​គម្ពីរ​សុភាសិត។ សេចក្ដី​ដែល​សាស្តា​ប្រៀន‌ប្រដៅ ផុស​ចេញ​ពី​បទ​ពិសោធ និង​ការ​ត្រិះ‌រិះ​ដ៏​យូរ​អំពី​ជីវិត។

សាស្តា​យល់​ឃើញ​ថា សុភមង្គល​របស់​មនុស្ស​មិន​នៅ​ស្ថិត‌ស្ថេរ​ទេ ហើយ​ជា​ញឹក​ញាប់ ការ​ខំ​ប្រឹង‌ប្រែង​របស់​មនុស្ស ដើម្បី​ស្វែង​រក​សុភមង្គល ក៏​ឥត​ខ្លឹមសារ​ដែរ។ ហេតុ​នេះ សាស្តា​ដណ្ដឹង​សួរ​ថា តើ​ជីវិត​មាន​ន័យ​ឬ​យ៉ាង​ណា តើ​រស់​នៅ​លើ​ផែន‌ដី​បាន​ប្រយោជន៍​អ្វី? សាស្តា​មាន​បំណង​ណែ‌នាំ​អ្នក​អាន​ឲ្យ​រិះ‌គិត​ពិចារណា​អំពី​ជីវិត​ដូច​លោក​ដែរ។

សេចក្ដី​ប្រៀន‌ប្រដៅ​របស់​សាស្តា​ជា​ការ​សង្កេត​ចំពោះ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ក្នុង​លោក​នេះ។ លោក​អះ‌អាង​ជា​ច្រើន​លើក​ច្រើន​សា​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ គឺ​យុវ‌វ័យ ទ្រព្យ‌សម្បត្តិ កិត្តិ‌យស ការ‌ងារ​ប្រាជ្ញា និង​សេចក្ដី​សុចរិត​ជា​ដើម គឺ​អ្វីៗ​ដែល​មនុស្ស​ខ្នះ‌ខ្នែង​ចង់​បាន សុទ្ធ​តែ​ឥត​ខ្លឹមសារ។ សេចក្ដី​ស្លាប់ និង​អំពើ​អយុត្តិ‌ធម៌ ស្ថិត​នៅ​ជាប់​ជា​មួយ​មនុស្ស​ជា‌និច្ច ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មនុស្ស​មាន​ជីវិត​មិន​ទៀង ហើយ​ពិបាក​ស្វែង​យល់​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​សម្រាប់​ពិភព‌លោក។ ទស្សនៈ​បែប​នេះ​អាច​ជំរុញ​យើង​ឲ្យ​រិះ‌គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ជីវិត ហើយ​ប្រកាន់​យក​របៀប​រស់​នៅ​សម​ស្រប​នឹង​ស្ថាន‌ភាព​របស់​មនុស្ស​យើង។

អត្ថ‌បទ​គម្ពីរ​មួយ​ចំនួន​ទៀត​ផ្តល់​ចម្លើយ​យ៉ាង​ច្បាស់‌លាស់ ស្តី​អំពី​ជីវិត​គឺ ប្រសិន​បើ​គ្មាន​ព្រះ‌ជាម្ចាស់​គង់​នៅ​ក្នុង​ជីវិត​យើង​ទេ នោះ​ជីវិត​ក៏​គ្មាន​ន័យ​អ្វី​ដែរ។ ដូច្នេះ មាន​តែ​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ និង​ការ​រួម​រស់​ដ៏​ជិត‌ស្និទ្ធ​ជា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​បំពេញ​ភាព​ល្ហ‌ល្ហេវ​នៃ​ជីវិត​របស់​យើង ហើយ​ធ្វើ​ឲ្យ​ជីវិត​នេះ​មាន​ន័យ និង​មាន​ខ្លឹមសារ។