ជំពូក ១
សេចក្ដីផ្ដើម
1 ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាគ្រីស្តទូត*របស់ព្រះគ្រីស្តយេស៊ូ ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និងជម្រាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ នៅស្រុកអាខៃទាំងមូល។ 2 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន!។
លោកប៉ូល និងអ្នកជឿនៅក្រុងកូរិនថូស រួមសុខទុក្ខជាមួយគ្នា
3 សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ 4 ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសម្រាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។ 5 យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះគ្រីស្តកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះគ្រីស្តកាន់តែច្រើនយ៉ាងនោះដែរ។ 6 បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យព្រះអង្គសម្រាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ត ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ 7 ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។
8 បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនា ដែលកើតមានដល់យើង នៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំងហួសពីកម្លាំងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។ 9 យើងនឹកក្នុងចិត្តថា គេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំឲ្យយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ 10 ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយព្រះអង្គក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយ យើងសង្ឃឹមថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន។ 11 រីឯបងប្អូនវិញ បងប្អូនក៏បានជួយយើង ដោយទូលអង្វរព្រះជាម្ចាស់។ ហេតុនេះ ព្រះអង្គប្រោសប្រណីដល់យើង ដោយមានគ្នាច្រើនទូលអង្វរ ហើយក៏នឹងមានគ្នាជាច្រើនអរព្រះគុណព្រះអង្គអំពីយើងដែរ។
គម្រោងការរបស់លោកប៉ូល
12 សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយ ដែលធ្វើឲ្យយើងបានខ្ពស់មុខ។ 13 យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន 14 ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើឲ្យបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើឲ្យយើងខ្ពស់មុខ នៅថ្ងៃព្រះអម្ចាស់យេស៊ូនៃយើងព្រះអង្គយាងមកនោះដែរ។ 15 ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីឲ្យព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។ 16 បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកយូដាទៀត។ 17 ខ្ញុំសម្រេចចិត្តធ្វើដូច្នេះ តើខ្ញុំសម្រេចដោយឥតបើគិតឬ? ឬមួយគម្រោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃដូច្នេះ? 18 មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ 19 ដ្បិតព្រះគ្រីស្តយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។ 20 ព្រះគ្រីស្តបានធ្វើឲ្យព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសម្រេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ែន*»ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រីស្ត ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ 21 គឺព្រះជាម្ចាស់ហើយ ដែលប្រទានឲ្យយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រីស្ត ព្រមទាំងបានចាក់ប្រេងលើយើងផង 22 ហើយព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។
23 ខ្ញុំសូមជម្រាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេ សូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។ 24 យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរតែប៉ុណ្ណោះ។