អគារសិក្សាសាលាសន្តសិលាត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់លោកគីគេ ហ្វីការេដូ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង សម្រាប់មត្តេយ្យសិក្សានិងថ្នាក់អប់រំបន្ថែមសម្រាប់សិស្សបឋមសិក្សា និងមានការចូលរួមពីសំណាក់តំណាងមន្ទីរអប់រំ មន្ទីរធម្មការនិងសាសនា អាជ្ញាធរក្នុងតំបន់ លោកគ្រូអ្នកគ្រូ និងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប ស្ថិតនៅក្នុងបរិវេណព្រះវិហារសន្តសិលា នៃព្រះសហគមន៍កំពង់ឆ្នាំង ក្នុងទីរួមខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងកម្មវិធីនេះ លោកអភិបាលគីគេ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ វត្តមានរបស់បងស្រីនិងលោកបូជាចារ្យ និងការគាំទ្រពីរដ្ឋាភិបាលដើម្បីឲ្យព្រះសហគមន៍អាចមានសកម្មភាពនៅក្នុងខេត្ត្កំពង់ឆ្នាំងនេះ។ លោកអភិបាលមានប្រសាសន៍ទៀតថា សាលានេះ មានសកម្មភាពជាយូរហើយ ហើយអគារសិក្សាថ្មីនេះ នឹងមានប្រយោជន៍ច្រើនដល់កុមារដែលរស់នៅក្នុងតំបន់ ហើយក៏ជួយដល់ឪពុកម្តាយដើម្បីឲ្យកូនៗរបស់ពួកគាត់ទទួលការអប់រំដែលមានករុកោសល្យល្អ។
លោកអភិបាលបានមានប្រសាសន៍ទៀតថា អគារនេះ ក៏នឹងបញ្ជាក់អំពីវត្តមានរបស់ព្រះសហគមន៍ គឺធ្វើដើម្បីប្រយោជន៍រួម មិនមែនត្រឹមតែគ្រីស្តបរិស័ទប៉ុណ្ណោះទេ គឺជួយអ្នកក្រីក្រ អ្នកខ្វះខាតឲ្យមានការអប់រំនិងការីកចម្រើន ដើម្បីអនាគតនៃប្រទេសជាតិ។ លោកបញ្ជាក់ទៀតថា «បើសិនជាយើងចេះចូលរួម យើងអប់រំសម្រាប់កូនក្មេង យើងកំពុងចូលរួមកសាងសង្គមមួយ ប្រទេសជាតិដែលមានអនាគត។ យើងចង់មានអនាគត យើងត្រូវមានចំណេះដឹង។ អប់រំជាកូនសោរឲ្យយើងទៅខាងមុខ ឲ្យអភិវឌ្ឍប្រទេស»។
កម្មវិធីសិក្សារបស់សាលាសន្តសិលានេះបានបើកជាច្រើនឆ្នាំមកហើយ ដោយមានសាលាមត្តេយ្យសម្រាប់កុមារតូចៗ។ ហើយក្នុងឆ្នាំ២០១៩នេះ ដោយសារមើលឃើញនូវតម្រូវការបន្ថែមរបស់ឪពុកម្តាយកុមារ ទើបព្រះសហគមន៍សាងសង់អគារបន្ថែម និងមានកម្មវិធីសិក្សារហូតដល់ពេលរសៀល គឺរៀនចាប់ពីម៉ោង៧:៣០នាទីព្រឹក ដល់រសៀលម៉ោង៣។ ក្នុងនោះដែរក៏មានបន្ថែមនូវអាហារថ្ងៃត្រង់មួយពេលទៀតសម្រាប់កុមារ។
បងស្រីរ៉ូហ្សា ដែលជាអ្នកគ្រប់គ្រងសាលាសន្តសិលា មានប្រសាសន៍ថា សាលានេះគឺមានទិសដៅជួយសម្រួលដល់ឪពុកម្តាយកុមារ ដែលមានកិច្ចការរវល់នឹងរបរទទួលទាន។ បងស្រីរ៉ូហ្សា «កូនសិស្សក្រីក្រ ឪពុកម្តាយទុកនៅផ្ទះអត់មានអ្នកណាជួយមើល អត់មានអ្នកណាបង្រៀន។ បំណងរបស់លោកពុក បងស្រី គឺជួយមើលថែកូនសិស្ស និងអប់រំ។ ឪពុកម្តាយគេទុកចិត្តថា គេ(កូនៗ)រៀនចេះច្រើន»។
សាលាមត្តេយ្យនេះ បានបើកបវេសនកាលរបស់ខ្លួនកាលពីដើមខែវិច្ឆិកា ហើយមានសិស្សចូលរៀនចំនួន៤៥នាក់ដែលមកពីតំបន់នានាក្នុងក្រុងកំពង់ឆ្នាំង។ អគារសិក្សានេះ បានទទួលការឧបត្ថម្ភពីសំណាក់សប្បុរសជនក្រៅប្រទេសរួមមាន សិង្ហបុរី ហុងកុង និងអ៊ីតាលី៕
ដោយ កែវ កញ្ញា