សាលាសន្តហ្រ្វង់ស្វ័របានបើកបវេសនកាលឆ្នាំសិក្សាថ្មី

សាលាសន្តហ្រ្វង់ស្វ័រ នៃព្រះសហគមន៍កាតូលិកភូមិភ្នំពេញ បានបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិតីភាព លោក នុត ខុម សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និង លោក អូលីវីយេ អភិបាលព្រះសហគមន៍ និងជាស្ថាបនិកវិទ្យាល័យនេះ ។

លោក ប៉ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ សាលាមានសិស្សសរុបចំនួន ២៤៣នាក់ ក្នុងនោះផ្នែកមធ្យមសិក្សាបឋមភូមិមានចំនួន ១២៨ នាក់ និងផ្នែកមធ្យមសិក្សាទុតិយភូមិមានចំនួន ១១៥ នាក់ ។

លោកបន្តថា ចំពោះលទ្ធផលនៃការប្រឡងថ្នាក់ជាតិ គឺ សិស្សថ្នាក់ទី ៩ ចំនួន៤១ នាក់ស្មើនឹង ១០០% បានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្នុងនោះមាននិទ្ទេសល្អ ចំនួន ០៧ នាក់ និទ្ទេសល្អបង្គរ ២០ នាក់ និងនិទ្ទេសមធ្យមមាន ១៤ នាក់ ។ លោកបន្តថា ចំពោះសិស្សថ្នាក់ទី ១២ ចំនួន ៣៦ នាក់ ពោលគឺ១០០ ភាគរយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ក្នុងនោះមាននិទ្ទេស អេ (A)  ចំនួន១នាក់ និទ្ទេសប៊ី (B) ចំនួន៨នាក់ និទ្ទេសស៊ី (C) ចំនួន៥នាក់ ។ ហើយក្នុងចំណោមយុវសិស្សថ្នាក់ទី១២ដែលជាប់ឆ្នាំនេះ មានសិស្សចំនួន១១នាក់ បានជាប់អាហារូបករណ៍នៅមហាវិទ្យាល័យ ដោយមិនបាច់បង់ថ្លៃសិក្សា ។

លោកបានបន្តថាសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នេះវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័ មានបុគ្គលិកសរុប ៣៤ នាក់ និងមានសិស្សសរុបចំនួន២៥២នាក់។ ក្នុងនោះមាន ផ្នែកមធ្យមសិក្សាបឋមភូមិចំនួន ១៣២ នាក់ ផ្នែកមធ្យមសិក្សាទុតិយភូមិចំនួន ១២០ នាក់។ សម្រាប់ទិសដៅសម្រាប់ឆ្នាំសិក្សាថ្មី លោកប៉ិច វិបុល បានបញ្ជាក់ថា សាលានឹងបន្តពង្រីកការបង្រៀនតាមគោលវិធីសិស្សមជ្ឈមណ្ឌលដោយ បំផុសគ្រូ សិស្សឲ្យផលិតសំភារៈបង្រៀន និង រៀនឲ្យបានច្រើន។ បំពាក់ឯកសារបន្ថែមក្នុងបណ្ណាល័យ និងជំរុញការសិក្សាស្រាវជ្រាវរបស់សិស្សនៅបណ្ណាល័យ។ ជំរុញការរៀនរបស់សិស្សតាមរយៈ ការដាក់កិច្ចការឲ្យសិស្សធ្វើនៅផ្ទះ ការបង្កើតក្លឹបសិក្សា ជំរុញការពិសោធឲ្យបានញឹកញាប់ (ចំពោះមុខវិជ្ជាវិទ្យាសាស្រ្ត ) បំប៉នសិស្សពូកែត្រៀមលក្ខណៈចូលរួមការប្រលងសិស្សពូកែនានា។ បើកវគ្គសិក្ខាសាលាស្តីពីការរៀបចំសំនួរតេស្តឲ្យមានលក្ខណៈស្តង់ដារ…។ ល។

ក្នុងពិធីដ៏មានអត្ថន័យនេះលោកអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក និងជាស្ថាបនិក សាលាសន្តហ្វ្រង់ស្វ័រ មានប្រសាសន៍អំពីទស្សនៈវិស័យ នងអាទិភាព របស់ព្រះសហគមន៍កាតូលិក គឺការអប់រំបណ្តុះបណ្តាលធន់ធានមនុស្ស។ នាឱកាសនោះ លោកអភិបាលបានជំរុញឲ្យមានយកចិត្តទុកដាក់បន្ថែមពីលើការអប់រំចំណេះ និងជំនាញ គឺ យកចិត្តទុកដាក់អំពីសាមគ្គីភាព ការស្រាវជ្រាវច្បាស់លាស់ និងយកចិត្តទុកដាក់ នឹងទេពកោសល្យ ។

លោកអភិបាលបញ្ជាក់ថា «សាមគ្គីភាព គឺត្រូវយកចិត្តទុកដាក់ បំពេញសកម្មភាពមេត្តាករុណា ព្រោះយើងចេញពីព្រះសហគមន៍កាតូលិក » ។ លោកក៏បានលើកឡើកអំពីកម្មអបរំបរិយាប័ណ្ណ សម្រាប់ទាំងអស់គ្នា ទាំងជនមានពិការភាពផង។ សម្រាប់ឆ្នាំថ្មីនេះលោកថា សូមយកចិត្តទុកដាក់ បង្ហាញសញ្ញានៃសាមគ្គីភាព កុំមានចិត្តចង្អៀតចង្អៀតចង្អល់ ត្រូវមានសកម្មភាពជាក់ស្តែង ។

លោកអភិបាល ក៏បានជំរុញឲ្យសិស្សនិងលោកគ្រូអ្នកគ្រូ បង្កើនការសិក្សាស្រាវជ្រាវ ដើម្បីឲ្យមាន ចំណេះដឹងទូលំទូលាយ ចេះពិចារណា ទទួលចំណេះ អំពីវប្បធម៌ទូទៅ អំពីកម្ពុជា និងពិភពលោក មានគំនិតផ្ទាល់ខ្លួន ចេះច្នៃប្រឌិត តែកុំបង្កើតព័ត៌មាន ក្លែងក្លាយ ព្រោះគ្រោះថ្នាក់ណាស់ ។

លោក នុត ខុម សមាជិកក្រុមប្រឹក្សាខេត្ត តាកែវ បានអានសារលិខិត សម្តេចតេជោ ហ៊ុនសែន សម្រាប់ពិធីបើកបវេសនកាលថ្មី។ លោកក៏បានកោតសរសើរ ដល់សមិទ្ធិផលការចូលរួម របស់ព្រះសហគមន៍នៅក្នុងការលើកកំពស់វិស័យអប់រំនៅកម្ពុជា ។

ទាក់ទិននឹងកម្មវិធីអប់រំរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា លោកស្រី ឡៃ មករា ប្រធានការិយាល័យអប់ចំណេះទូទៅនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានឲ្យដឹងថា ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឈន៍ធនធានមនុស្ស ។

លោកស្រីបានបន្តថា ព្រះសហគមន៍បានយកចិត្តទុកដាក់តាំងពីថ្នាក់មត្តេយ្យសិក្សារហូតដល់វិទ្យាល័យ។ លោកស្រីប្រធានបញ្ជាក់ថា សម្រាប់មត្តេយ្យសិក្សាព្រះសហគមន៍កាតូលិកជារួម មានចំនួន២៧កន្លែង ដែលបានជួយកុមារជាង១០០០នាក់ក្នុងមួយឆ្នាំ និងមានអ្នកគ្រូលោកគ្រូ សរុបចំនួន៦៥នាក់។ លោកស្រីបានបន្តថា មត្តេយ្យសិក្សាទាំងអស់គឺបានបញ្ចូលកម្មវិធីសិក្សារបស់រដ្ឋ និងបានបន្ថែមកម្មវិធីម៉ុងតេសូរីពិសេសគឺនៅតំបន់តាកែវ កំពត ។

សម្រាប់បឋមសិក្សា លោកស្រីមករា បង្ហាញថាព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានបឋមសិក្សាចំនួន១៧ កន្លែង ។ វិទ្យាល័យព្រះសហគមន៍មានចំនួន២កន្លែង គឺ វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលបានបង្កើតតាំងពីឆ្នាំ២០០៣ និង វិទ្យាល័យបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ បង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយបានផ្តោតលើឯកទេសកសិកម្ម និងទេសចរណ៍ ហើយក្នុងមួយឆ្នាំសាលាទាំងពីរបានជួយដល់សិស្សានុសិស្សជាសរុបជិត៩០០នាក់ និងមានបុគ្គលិកសិក្សាចំនួន៤៥នាក់។

Facebook
Twitter
LinkedIn