ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងក្រមសីលធម៌» រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ដោយប្រមូលផ្តុំសិក្ខាកាមប្រមាណ ៧០នាក់។ កម្មវិធីនេះមិនត្រឹមតែផ្តោតលើការបំពាក់បំប៉នជំនាញឌីជីថលទំនើបដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេចនូវសារអប់រំផ្នែកសីលធម៌យ៉ាងជ្រាលជ្រៅ ដើម្បីរំលឹកមនុស្សកុំឱ្យវង្វេងក្នុងពិភពនិម្មិត រហូតបាត់បង់តម្លៃ និងទំនាក់ទំនងពិតប្រាកដរវាងមនុស្ស និងមនុស្ស។
កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សិក្ខាសាលាដ៏មានសារៈសំខាន់មួយត្រូវបានប្រព្រឹត្តទៅក្រោមការគាំទ្រយ៉ាងកក់ក្តៅពីលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ព្រមទាំងមានការចូលរួមពីលោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ លោកបូជាចារ្យ បងប្រុស បងស្រី និងគ្រីស្តបរិស័ទ ដែលជាសិក្ខាកាម សរុបប្រមាណ ៧០នាក់។
គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺការបណ្តុះបណ្តាលចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងលើឧបករណ៍បង្កើតមាតិកាដោយបញ្ញាសិប្បនិម្មិត (Generative AI) ដើម្បីគាំទ្រដល់ការងារប្រចាំថ្ងៃ និងការផ្សព្វផ្សាយ។ ប៉ុន្តែអ្វីដែលជាចំណុចស្នូល គឺការធានាថាការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់ត្រូវតែឈរលើគោលការណ៍ «ក្រមសីលធម៌កាតូលិក» យ៉ាងម៉ឺងម៉ាត់។
នៅក្នុងពិធីបើក លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានរំឭកពីសារលិខិតផ្លូវការរបស់សម្តេចប៉ាប ឡេអូ ទី១៤ ដែលបានណែនាំឱ្យសង្គមមើលឃើញ AI ក្នុងដែនកំណត់មួយច្បាស់លាស់។
លោកអភិបាលបានគូសបញ្ជាក់នូវទស្សនៈប្រៀបធៀបយ៉ាងមុតស្រួចថា៖ «មនុស្សត្រូវតែរក្សាតម្លៃថ្លៃថ្នូរនៃជីវិត។ យើងត្រូវយកបច្ចេកវិទ្យាមកបម្រើយើង មិនមែនយើងទៅបម្រើបច្ចេកវិទ្យានោះទេ ដូច្នេះកុំឱ្យអេអាយ AI ក្លាយជាម្ចាស់ ហើយមកដឹកនាំយើងតាមចិត្តឡើយ»។
លោកអភិបាលបានបន្ថែមទៀតថា ទោះបីជាបច្ចេកវិទ្យានាំមកនូវភាពអស្ចារ្យយ៉ាងណាក៏ដោយ ក៏ធាតុពិតដ៏សំខាន់បំផុតគឺ «មនុស្ស» ព្រោះAI អាចនាំយើងឱ្យធ្លាក់ចូលទៅក្នុងពិភពនិម្មិត និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ (Fake News) ផងដែរ។
បើតាមការលើកឡើងរបស់លោកគ្រូ ហ៊ឹន សុភាព ប្រធានក្រុមបច្ចេកទេសAI ជានាយកប្រតិបត្តិ DG Academy និងជាវាគ្មិនបានឱ្យដឹងថា ចំណេះដឹង AI រយៈពេល ៣ថ្ងៃនេះ មានប្រយោជន៍ខ្លាំងណាស់ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកជំនាញ ដើម្បីយកទៅជួយដល់មុខរបរ គ្រួសារ និងការរីកចម្រើនក្នុងសង្គម។
ស្របគ្នានេះដែរ លោកបូជាចារ្យ អ៊ុន ស៊ុន បានអះអាងថា បច្ចេកវិទ្យានេះជាស្ពានចម្លងព្រះសហគមន៍ឱ្យដើរទាន់យុគសម័យថ្មី ក្នុងការអប់រំ និងការផ្សព្វផ្សាយទៅកាន់ក្រុមយុវជន។
សិក្ខាកាមដែលបានចូលរួម ដូចជាកញ្ញា ពូន ស្រីប៉ប់ មកពីខេត្តសៀមរាប និងលោក សុខ រតនា គ្រូបង្រៀនកុំព្យូទ័រនៅខេត្តតាកែវ បានសម្តែងក្ដីរំភើបចំពោះការរៀនសូត្រពីម៉ូដែលAI ល្បីៗដូចជា ChatGPT, Gemini, Claude, Canva និង DeepSeek ជាដើម។
កញ្ញា ពូន ស្រីប៉ប់បានប្តេជ្ញាថា នឹងយកចំណេះដឹងនេះទៅប្រើប្រាស់ក្នុងផ្លូវត្រឹមត្រូវ ដោយមិនប្រើប្រាស់វាទៅក្នុងផ្លូវដែលបង្កផលប៉ះពាល់ដល់អ្នកដទៃឡើយ។
ចំណែកលោកគ្រូ សុខ រតនា អះអាងថា លោកនឹងចែករំលែកបន្តដល់សិស្សានុសិស្សរបស់លោក តែមិនឲ្យកូនសិស្សពឹងតែលើវា១០០%នោះឡើយ តែពឹងលើការគិត និងការពិចារណារបស់ខ្លួនដែរ។
មានសារក្រើនរំឭកដ៏មានន័យមួយមកពីលោក ឡេង ហុង ដែលជាជំនួយការព្រះសហគមន៍កាតូលិកត្រែងត្រយឹង បានពោលថា៖ «បច្ចេកវិទ្យាកាន់តែទំនើប មនុស្សកាន់តែទាប! ដូច្នេះយើងគួរតែងាកមកនិយាយជាមួយមនុស្សជុំវិញខ្លួន កុំឱបក្រសោបបច្ចេកវិទ្យាខ្លាំងពេក រហូតភ្លេចខ្លួន បាត់បង់ការទំនាក់ទំនង បាត់បង់សេចក្តីស្រឡាញ់ ការយោគយល់ និងភាពស្និទ្ធស្នាលរវាងគ្នា»។
សិក្ខាសាលារយៈពេល ៣ថ្ងៃនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយនឹងការប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមទាំង ៧០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានអភិបូជាបិទក្រោមអធិបតីភាពរបស់លោកអភិបាលហង្សលី។
លោកអភិបាលហង្សលីមានប្រសាសន៍ថា បច្ចេកវិទ្យាថ្មី ណែនាំឲ្យយើងត្រូវគិត អំពីការប្រើប្រាស់យ៉ាងដូចម្តេចដើម្បីជាប្រយោជន៍ដល់ការប្រកាសដំណឹងល្អ ព្រោះយើងឃើញថា មនុស្សសម័យនេះ គិតតែពីខ្លួនឯងលែងគិតដល់ព្រះជាម្ចាស់។ លោកថា «យើងត្រូវប្រើ ឲ្យស្របតាមជំនឿដែលព្រះយេស៊ូណែនាំឲ្យយើងចេះស្រឡាញ់ ឲ្យស្របតាមព្រះវិញ្ញាណដ៏វិសុទ្ធដែលណែនាំឲ្យយើងស្គាល់ល្អនិងអាក្រក់។»
លោកគង្វាលដដែលបានរំលឹកឲ្យសក្ខាកាម យកចិត្តទុកដាក់លើផលប្រយោជន៍រួម និងការយាងមកវិញរបស់ព្រះយេស៊ូគ្រីស្ត៕
ដោយផាត សំភី






