«កុំធ្វើបុណ្យទានកនៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ*ទេ។ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ* ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់ឲ្យដៃឆ្វេងដឹងឡើយ ដើម្បីឲ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។
«កាលណាអ្នករាល់គ្នាអធិស្ឋាន* កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិស្ឋាន នៅក្នុងសាលាប្រជុំ* និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិស្ឋានត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។