ព្រះជាម្ចាស់ឈ្នះ មិនមែនដោយសារអំណាច គឺដោយការបម្រើ និងសេចក្តីស្រឡាញ់ដ៏ពេញលេញ

អត្ថបទទី១៖ វិវរណៈ ២,​ ១-១២ «យើង​នឹងប្រគល់ជីវិតឲ្យអ្នកទុកជាមកុដ (វវ២,១០)»

អត្ថបទដំណឹងល្អ៖ យ៉ូហាន១,៤៧-៥១ «មានពួកទេវទូតរបស់ព្រះជាម្ចាស់​ចុះឡើងនៅពីលើបុត្រមនុស្ស (យហ១,៥១)»

ព្រឹកមិញ នៅពេលខ្ញុំ​ប្រាប់គេថា ខ្ញុំមកអរិយក្សត្រ មានគេសួរខ្ញុំ…ទៅអរិយក្សត្រទៀត? ទៅធ្វើអីនៅអរិយក្សត្រទៀតហើយ? អត់មានកន្លែងផ្សេងដែលត្រូវទៅ​នៅភ្នំពេញ? ខ្ញុំចង់ប្រាប់ថា ដោយសារទីមួយ កន្លែងនេះជាកន្លែងពិសេស ហើយទម្លាប់ដែលខ្ញុំមានសព្វថ្ងៃ គឺពេលចេញធ្វើដំណើរ ខ្ញុំផ្ញើការធ្វើដំណើររបស់ខ្ញុំទៅព្រះនាងម៉ារី។ នៅថ្ងៃដែលយើងបានធ្វើបុណ្យ​រំលឹកខួបបីឆ្នាំនៃការតែងតាំងលោកទាំងបី យើងបានធ្វើពិធីផ្ញើការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី(ជាមួយនិស្សិតសន្តយ៉ូស្ទីន) ឥឡូវមកវិញពីប្រទេសម៉ាឡេស៊ី ដូច្នេះជាពេលវេលាមកអរព្រះគុណព្រះនាងម៉ារី។ ទីពីរ គឺថ្ងៃនេះ ជាថ្ងៃសន្តមីកាអែល ជាអគ្គទេវទូត ហើយ​ឈ្មោះខ្ញុំពេញ គឺឈ្មោះ អូលីវីយ៉េ មីកាអែល ម៉ារី។ ខ្ញុំមានឈ្មោះទាំងបីសន្តបុគ្គលនេះ​ ដូច្នេះនៅពេលឃើញ មីកាអែល ម៉ារី អូលីវីយ៉េ ត្រូវតែមកអរិយក្សត្រ អត់មានកន្លែងផ្សេងទេ ដើម្បីគោរពសន្តមីកាអែល។ ទីបី គឺមួយឆ្នាំមុន អ៊ុំរបស់ខ្ញុំ ដែលឈ្មោះ មីកាអែល ដែលជាឪពុកធម៌ខ្ញុំដែរ បានទទួលមរណភាព ដូច្នេះថ្ងៃនេះធ្វើឲ្យ​លោកអភិបាលចង់​មក​ទីនេះ​ទៀត។ មួយទៀត អាចនិយាយថា ក្នុងខែកញ្ញា ខ្ញុំបានទទួលពិធីជ្រមុជទឹក នៅឆ្នាំ១៩៧០ ដូច្នេះអរព្រះគុណព្រះជាម្ចាស់ សម្រាប់ពិធីជ្រមុជទឹកនេះ ហើយកន្លែងព្រះនាងម៉ារី គឺល្អជា​ងគេ។ ​មួយទៀត នៅពីរថ្ងៃទៀត ខ្ញុំនឹងថ្វាយអភិបូជារំលឹកសន្តីតេរេសា នៅភ្នំពេញថ្មី ហើយ​ថ្ងៃនោះ គឺថ្ងៃដែលខ្ញុំបានទទួលភារកិច្ច បន្តពីលោក អេមីល ដេតម្ប ពេញសិទ្ធិ លែងជាឧបត្ថម្ភកៈ។ ដូច្នេះ នេះជាពេលវេលាដែលយើងចូលនៅក្នុង១៧ឆ្នាំ ដែលខ្ញុំមានភារកិច្ច​ដឹកនាំភូមិភាគ​ភ្នំពេញ។ ថ្ងៃទាំងអស់នេះ ជា​មូលហេតុ​ដែលខ្ញុំត្រូវតែមកទីនេះ ខ្ញុំសប្បាយចិត្តនៅជាមួយព្រះនាងម៉ារី ជាមួយបងប្អូន ហើយរួមគ្នា​អរព្រះគុណព្រះជាម្ចាស់។

បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះដែលយើងគោរពអគ្គទេវទូត មីកាអែល កាព្រីអែល និងរ៉ាហ្វាអែល យើងបាន​ឃើញទេវទូតនីមួយៗ ដែលជាអគ្គទេវទូត នេះ​មិនធម្មតាទេ។ ពួកគេ​ទទួលកិច្ចការយ៉ាងពិសេស នៅក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ គឺគេជាអ្នកទំនាក់ទំនងរវាងផ្ទៃមេឃនិងផែនដី រវាងពិភពរបស់ព្រះជាម្ចាស់នៅឋានបរមសុខ និងរវាងពិភពរបស់យើងនៅលើផែនដីនេះ។ យើងដឹងថា មីកាអែល គឺជាអគ្គទេវទូតដែលជាន់មារសាតាំងដែលកំពុងបៀតបៀនមនុស្ស។ មីកាអែល ដែលជានិមិត្តរូបនៃអំណាច នៃកម្លាំង នៃថាមពល ដើម្បីការពារថែរក្សាយើងទាំងអស់គ្នា ការពារថែរក្សាកុំឱ្យយើងចាញ់ការល្បួង ការពារថែរក្សាកុំឱ្យអំពើអាក្រក់ និងអំពើបាប ដែលចូលនៅក្នុងខ្លួនយើងហើយ​ណែនាំឱ្យយើងវង្វេងផ្លូវ។ នេះជាតួនាទីរបស់​មីកាអែល ដែលយើងគោរពថ្ងៃនេះ។ កាព្រីអែល មានតួនាទីគឺប្រកាសដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទៅដល់អ្នកឯទៀតៗ ហើយជាពិសេសសម្រាប់ព្រះនាងម៉ារី គឺកាព្រីអែល បានណែនាំឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានជួបជាមួយព្រះនាងម៉ារី ដើម្បីឱ្យព្រះនាងម៉ារីទទួលដំណឹងដ៏ពិសេសអស្ចារ្យ គឺទៅជាមាតារបស់ព្រះជាម្ចាស់។ គឺកាព្រីអែល ដែលបានទៅជួបជាមួយលោក យ៉ូសែបនៅក្នុងសុបិនរបស់គាត់ដើម្បីឲ្យលោកដូរគំនិត ហើយឯកភាពទទួលព្រះនាងម៉ារី ទៅជាភរិយា។ គឺ កាព្រីអែល ដែលណែនាំឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅដល់យើងសព្វថ្ងៃ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលណែនាំឱ្យយើងរស់នៅក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ។ និង រ៉ាហ្វាអែល គឺអ្នកព្យាបាល ធ្វើដំណើរជាមួយមនុស្សដែលមានរបួស ជាមួយយើងទាំងអស់ ដោយសារនរណាក៏ដោយមានរបួសនៅក្នុងជីវិត នរណាក៏ដោយក៏ឈឺនៅក្នុងខ្លួន ជំងឺរូបកាយ ជំងឺផ្លូវវិញ្ញាណ ជំងឺផ្លូវចិត្ត ហើយរ៉ាហ្វាអែលជួយយើង ដើម្បីព្យាបាលយើង ដើម្បីធ្វើដំណើរជាមួយយើង។

បងប្អូនជាទីស្រឡាញ់! ខ្ញុំបាននិយាយលេងថា ខ្ញុំអត់មានធាតុរបស់ទេវទូតទេ។ នៅក្នុងព្រះសហគមន៍​ យើងមានធាតុច្រើនណាស់។ ពីរថ្ងៃមុន យើងឃើញធាតុរបស់យាយ អាណាជាម្តាយ​ព្រះនាងម៉ារី​(នៅប្រទេស​ម៉ាឡេស៊ី)។ អស្ចារ្យមែន យាយ អាណា មិនដឹងស្លាប់ឯណា ប៉ុន្តែគេសរសេរសំបុត្រ បោះត្រា ក្រហម នេះជាធាតុពិតប្រាកដមែនរបស់ យាយ អាណា។ បាទ នេះពិសេសមែនទែន។ ប៉ុន្តែទេវទូតអត់មានធាតុទេ ដោយសារទេវទូតមិនមែនមនុស្សយើង មិនមែនព្រះជាម្ចាស់ដែរ ប៉ុន្តែទេវទូត ចេញពីព្រះជាម្ចាស់ផ្ទាល់ ដើម្បីធ្វើដំណើរជាមួយមនុស្សយើង។ យើងម្នាក់ៗ យើងមានទេវទូតការពារជីវិតរបស់យើង ដែលយើងមើលមិនឃើញ ទេវទូតមានកម្លាំងមួយយ៉ាងពិសេស។ មានរឿងមួយ​ខ្ញុំ​ចង់ប្រាប់បងប្អូន ពេលគាត់(គណៈកម្មការ) វាយជួង សំឡេងជួងនេះឮខ្លាំងពេក ខ្ញុំឈឺត្រចៀក។ ពេលឡានខ្ញុំមកដល់ ខ្ញុំឮសំឡេងនេះ ដូច្នេះខ្ញុំអត់ចេញពីឡានភ្លាមទេ ដោយសារ​វាឮខ្លាំងពេក បន្ទាប់មកខ្ញុំប្រាប់ ហំ (អ្នកបើកឡាន)ថា «មីកាអែល សំឡេងនេះប៉ុណ្ណឹងបានហើយ» ពេលខ្ញុំនិយាយបានហើយ ជួង ដាច់ខ្សែ អស្ចារ្យមែនទែន! ដាច់ខ្សែតែម្ដង ប្លែក! នៅទីនេះ​មានទេវទូត ដែលយើងមើលមិនឃើញ។

បងប្អូនជាទីស្រឡាញ់! អគ្គទេវទូត បានណែនាំឱ្យយើងធ្វើដំណើរ នៅក្នុងជីវិតរបស់យើងជាមួយព្រះជាម្ចាស់ ដូចព្រះយេស៊ូមានព្រះបន្ទូលថា៖ ខ្ញុំសូមប្រាប់ឱ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ ចុះឡើង នៅពីលើបុត្រមនុស្ស។ យើងឃើញទេវទូតចុះឡើងពីលើបុត្រមនុស្ស គឺពីព្រះយេស៊ូផ្ទាល់ ពីឋានបរមសុខទៅដល់ផែនដីយើង ពីផែនដីយើងទៅដល់ឋានបរមសុខ ដើម្បីណែនាំឱ្យយើងមានកម្លាំង ដើម្បីឲ្យយើងព្យាបាលអ្វីដែលនៅក្នុងខ្លួន ដើម្បីឱ្យយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្បាស់ថែមទៀត។ ថ្ងៃនេះ យើងគោរពអគ្គទេវទូត មីកាអែល។ ឈ្មោះមីកាអែល មានន័យថា នរណាអាច​ដូចព្រះជាម្ចាស់? នរណាអាចធ្វើ​ដូចព្រះជាម្ចាស់? នេះជាសំណួរ​សំខាន់ ដោយសារសព្វថ្ងៃ មនុស្សយើងចង់រស់នៅ អត់មានព្រះជាម្ចាស់។ នៅក្នុងពិភពលោកទាំងមូល យើងឃើញច្រើនណាស់ ជាមួយ AI ជាមួយអំណាចដែលយើងមាន ជាមួយលុយដែលយើងមាន ជាមួយអ្វីៗទាំងអស់ ទ្រព្យសម្បត្តិ យើងចង់បង្ហាញថា ឥឡូវនេះជីវិតរបស់យើង មនុស្សលែងត្រូវការទីពឹងទៅលើព្រះជាម្ចាស់ ដោយសារយើងផ្ទាល់ យើងបីដូចជាព្រះជាម្ចាស់។ យើងផ្ទាល់ យើងមានកម្លាំងលើសព្រះជាម្ចាស់ យើងផ្ទាល់ យើងមានសមត្ថភាពលើសព្រះជាម្ចាស់ទៀត ជាអ្វីដែលកើតឡើង នៅពេលយើងអានគម្ពីរ កំណើតពិភពលោក ជំពូក១១ អំពី​សសរ​បាបិល។ មនុស្សយើងចង់កសាងកំពូលមួយដ៏ខ្ពស់ណាស់ ដើម្បីបង្ហាញថាឥឡូវនេះ យើងមានសមត្ថភាពលើសព្រះជាម្ចាស់ទៀត។ ហើយនេះជាបញ្ហាដែលមនុស្សមានពីដើមរៀងមក ហើយថ្មីៗនេះ នៅពេលយើងទៅម៉ាឡេ យើងឃើញគេ​ធ្វើ​ អាគារខ្ពស់ៗកម្ពស់ជិត ៨០០ ម៉ែត្រ ហើយសព្វថ្ងៃ គេធ្វើ ១.០០០ ម៉ែត្រ នៅប្រទេស ឌូបៃ គេចង់បង្ហាញថាមនុស្សយើងឥឡូវនេះ មានសមត្ថភាពខ្លាំងណាស់ ហើយជាមួយ AI មានសមត្ថភាពថែមទៀត លើសពីមនុស្សផ្ទាល់ ប៉ុន្តែលើសពីព្រះជាម្ចាស់ទៀត។ ដូច្នេះបងប្អូនជាទីស្រឡាញ់! ពេល មីកាអែល ដាក់សំណួរនេះ នរណាអាចដូចព្រះជាម្ចាស់? នេះណែនាំឱ្យយើងយល់ថា ឱ្យយើងដាក់ខ្លួន ឱ្យយើងយកព្រះជាម្ចាស់ជាទីពឹង ហើយយើងខិតខំពីមួយថ្ងៃទៅមួយថ្ងៃ កុំឱ្យយើងចាញ់ការល្បួង។ ដូចព្រះយេស៊ូ ពេលចូលវាលរហោស្ថាន ព្រះយេស៊ូអត់បានចាញ់ការល្បួង ទោះបីការល្បួងខិតខំណែនាំឱ្យព្រះយេស៊ូវង្វេង ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលថា៖ គ្មាននរណាអាចល្បួងបុត្រមនុស្ស មានន័យថា ព្រះបុត្រា​របស់ព្រះជាម្ចាស់ផ្ទាល់។ ហើយយើងចាញ់ការល្បួងច្រើន ប៉ុន្តែយើងត្រូវការទូលអង្វរអគ្គទេវទូត មីកាអែល ដើម្បីជួយយើង ឱ្យយើងទៅមុខ ដោយដឹងថា ចុងក្រោយបង្អស់ អ្វីដែលយើងស្តាប់នៅក្នុងអត្ថបទទីមួយ ឥឡូវនេះដល់ពេល ព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យរបស់ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្តរបស់ព្រះអង្គ មកដល់ហើយ! បងប្អូនជាទីស្រឡាញ់! នេះជាវិវរណៈមែន ប៉ុន្តែសម្រាប់ថ្ងៃនេះ សម្រាប់ពេលនេះ យើងដឹងថា ព្រះជាម្ចាស់សង្គ្រោះមនុស្សលោក ឫទ្ធានុភាពរបស់ព្រះជាម្ចាស់មកដល់ហើយ ព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលើផែនដីនេះហើយ មានន័យថា ព្រះជាម្ចាស់ឈ្នះ អ្វីៗទាំងអស់ ដោយសារចុងក្រោយបង្អស់ គឺសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលត្រូវតែឈ្នះ ដើម្បីណែនាំឱ្យយើងយល់ថា ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ មិនមែនសម្រាប់ព្រះអង្គផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់យើងទាំងអស់។ សេចក្តីស្លាប់ អំពើអាក្រក់ អំពើបាប មិនអាចឈ្នះបានទេ។ ទីបំផុតនៃពិភពលោក គឺ​អវសានកាលនៃពិភពលោកដែលយើងអត់ទាន់មើលឃើញ យើងដឹងថា គឺព្រះជាម្ចាស់ដែលឈ្នះ! ព្រះជាម្ចាស់ឈ្នះ មិនមែនដោយសារអំណាច ឈ្នះដោយសារការបម្រើ ឈ្នះដោយសារសេចក្តីស្រឡាញ់ដ៏ពេញលេញ។

ប្រហែលបងប្អូនបានមើលថ្មីៗនេះ សម្តេចប៉ាបបានចេញធ្វើដំណើរទៅបារាំង ទៅទីក្រុងប៉ារីស។ ហើយគេថា ប្រទេសបារាំងឥឡូវជាប្រទេសឥតសាសនា ប្រទេសបារាំងដែលមានសន្តៈសន្តីច្រើនមែនទែន ប្រទេសបារាំងដែលកសាងវប្បធម៌នៅលើសាសនា ដែល​ភូមិនីមួយៗមានវិហារមួយ អត់មានភូមិតូចមួយដែលអត់មានវិហារទេ។ ថ្មីៗនេះ ខ្ញុំឃើញភូមិតូចជាងគេនៅបារាំង មានប្រជាជនពីរនាក់! ប្រជាជនពីរនាក់ ប៉ុន្តែមានវិហារមួយ! កន្លែងណាក៏មានព្រះវិហារ។ ហើយគេថា ឥឡូវនេះ ប្រទេសបារាំងលែងស្គាល់ព្រះយេស៊ូ គេលែងស្គាល់សាសនា គេលែងចូលវិហារ។ ប៉ុន្តែបើបងប្អូនបានមើលតាម Facebook តាម TikTok  យើងឃើញ ពេលសម្តេចប៉ាបមកដល់នៅទីក្រុងប៉ារីស ប្រជាជនបារាំងមកច្រើនណាស់ ៨០ ម៉ឺននាក់ ១ លាននាក់មក! តាមពិតជំនឿនៅមាន ដោយសារសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គង់នៅ ហើយដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបបានរំលឹកដល់ជនជាតិបារាំងមែន ប៉ុន្តែរំលឹកដល់យើងនៅក្នុងពិភពលោកទាំងមូលដែរ ប្រសិនបើ យើងចង់កសាងសុខសន្តិភាព យើងត្រូវតែធ្វើដូចម្តេច ដើម្បីគោរព ថែរក្សាជីវិតដែលជាអំណោយទានពីព្រះជាម្ចាស់ គោរព និងធ្វើដំណើររួមជាមួយគ្នា ជាបងប្អូននៅក្នុងពិភពលោក ស្រឡាញ់គ្នាទៅវិញទៅមក ដោយដឹងថា មានតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលអាចឈ្នះបាន។ ហើយយើងបានស្តាប់បន្ថែមទៀត បងប្អូន យើងបានឈ្នះវា មានន័យថា ឈ្នះមារសាតាំង ដោយសារព្រះលោហិតរបស់កូនចៀម ដោយសារព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត ដែលផ្តល់សក្ខីភាពចំពោះមនុស្សលោក ឱ្យមនុស្សលោកឃើញអ្វីដែលជាសំខាន់។ មូលដ្ឋានគ្រឹះនៃពិភពលោក គឺព្រះជាម្ចាស់ដែលបានបង្កើតយើង ឱ្យយើងរស់នៅក្នុងសេចក្តីសុខសាន្តដ៏ពេញលេញ។

ដូច្នេះបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងគោរពអគ្គទេវទូត នៅកន្លែងព្រះនាងម៉ារី ដែលជាព្រះមហាក្សត្រីនៃសុខសន្តិភាព ជាពេលវេលាម្តងទៀត ដើម្បីអធិដ្ឋាន សម្រាប់សន្តិភាពនៅក្នុងពិភពលោក សន្តិភាពនៅក្នុងសង្គមរបស់យើងបច្ចុប្បន្ននេះ ឱ្យយើងមើលឃើញ យើង​ជាបងប្អូននឹងគ្នា ឱ្យយើងមើលឃើញពិភពមួយដែលចេះគោរពគ្នា ចេះស្រឡាញ់គ្នា ចេះធ្វើដំណើរជាមួយគ្នា នេះជាគម្រោងការ​ដើមរបស់ព្រះជាម្ចាស់។ ហើយអគ្គទេវទូតនីមួយៗជួយយើង​ឲ្យ​គោលដៅនេះ​ អាចជោគជ័យជាស្ថាពរ។ ដូច្នេះខ្ញុំបន្តអធិដ្ឋាន ដោយទូលអង្វរព្រះអង្គ ឱ្យព្រះអង្គគង់នៅជាមួយយើង ហើយទូលអង្វរជាពិសេសតាមរយៈព្រះនាងម៉ារី ឱ្យសុខសន្តិភាពយាងមក ឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមកយ៉ាងឆាប់៕

 

ធម្មទេសនារបស់លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ

អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ

បុណ្យគោរពអគ្គទេវទូត មីកាអែល ការព្រីអែល និង​រ៉ាហ្វាអែល

អរិយក្សត្រ ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៦

Facebook
Twitter
LinkedIn