អភិបូជាគោរពសន្តសិលា និងសន្តប៉ូល
នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី
ភ្នំពេញថ្មី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦
“គ្រឹះដ៏រឹងមាំនៃព្រះសហគមន៍”
| អត្ថបទទី១៖ សាការី ៩,៩-១០ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ។ សក ៩,៩អត្ថបទទី២៖ រ៉ូម ៨,៩.១១-១៣ពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមលោកីយ៍។ រម ៨,១៣ដំណឹងល្អ៖ ម៉ាថាយ ១១, ២៥-៣០ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ មថ ១១,២៨ |
បងប្អូនជាទីស្រឡាញ់!
នៅថ្ងៃដែលយើងគោរពសន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់។ ដោយសារ នៅក្នុងលោកសិលានិងលោកប៉ូល យើងមើលឃើញស្នាព្រះហស្តរបស់ព្រះជាម្ចាស់ដ៏អស្ចារ្យ។ យើងមើលឃើញរបៀបដែលព្រះជាម្ចាស់ បានរៀបចំផ្លូវដើម្បីឲ្យជីវិតរបស់យើង ទៅជាជីវិតដែលភ្ជាប់ជាមួយព្រះជាម្ចាស់ ទៅជាជីវិតដែលអាចទទួលសេចក្តីសុខសាន្តអស់កល្បជានិច្ច។
ប្រសិនបើយើងនឹកឃើញ លោកសិលាជាអ្នកនេសាទត្រីធម្មតា អត់ចេះអក្សរ ជាអ្នកនេសាទត្រីជាប្រចាំ ហើយជាមិត្តភក្តិរបស់ព្រះយេស៊ូ ប្រហែលជាយូរហើយនៅក្នុងភូមិណាសារ៉ែត។ ព្រះយេស៊ូបានជ្រើសរើសគាត់ នៅក្នុងចំណោមសាវ័កទាំងដប់ពីររូប ធ្វើដំណើរជាមួយព្រះយេស៊ូ។ លោកជាមនុស្សម្នាក់ដែលអត់មានចំណេះដឹងអស្ចារ្យ ប៉ុន្តែគាត់ស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងគម្ពីរថ្ងៃនេះ នៅពេលព្រះយេស៊ូបានសួរ “ខ្ញុំជានរណា?” សម្រាប់គ្រីស្តទូតដែលដើរជាមួយខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំជានរណា? ក្នុងចំណោមដប់ពីរនាក់នេះ គឺលោកសិលាដែលឆ្លើយតំណាងឱ្យសាវ័កទាំងដប់ពីរ និងចម្លើយរបស់លោកសិលា ជាមូលដ្ឋានគ្រឹះនៃព្រះសហគមន៍របស់យើង។ លោកសិលាមានប្រសាសន៍ថា “លោកជាព្រះគ្រីស្ត លោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ លោកជាព្រះមេស៊ីដែលយើងទន្ទឹងរង់ចាំ”។ នៅពេលនោះព្រះយេស៊ូដាក់ឈ្មោះឲ្យគាត់ សិលា “ជាផ្ទាំងសិលាដែលខ្ញុំនឹងសាងសង់ព្រះសហគមន៍របស់ខ្ញុំនៅលើផ្ទាំងសិលានេះ” ភ្លាមនោះព្រះយេស៊ូបានប្រគល់កូនសោនៃស្ថានបរមសុខ។
បងប្អូនជាទីស្រឡាញ់ យើងកំពុងនិយាយអំពីរឿងដែលកើតឡើងពីរពាន់ឆ្នាំមុន នៅក្នុងប្រទេសអ៊ីស្រាអែលដែលជាប្រទេសដ៏តូចមួយ ជាមួយក្រុមគ្រីស្តទូតដែលជាមនុស្សសមញ្ញធម្មតាដែលព្រះយេស៊ូបានជ្រើសរើស។ សព្វថ្ងៃ យើងដែលអង្គុយនៅទីនេះដោយគោរពព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ យើងជាព្រះសហគមន៍របស់ព្រះជាម្ចាស់ ព្រះសហគមន៍ដ៏វិសុទ្ធ ដែលលោកសិលាបានអនុវត្តព្រះបន្ទូលរបស់ព្រះយេស៊ូពីដើម។ ពីក្រុមគ្រីស្តទូតដែលជាមនុស្សសាមញ្ញធម្មតាបំផុត ជាអ្នកនេសាទត្រី ពីរពាន់ឆ្នាំក្រោយមកយើងមានព្រះសហគមន៍កាតូលិកពេញពិភពលោកទាំងមូល។ ពីរពាន់ឆ្នាំក្រោយមក យើងគោរពលោកសិលានិងលោកប៉ូល ជាមូលដ្ឋានគ្រឹះនៃព្រះសហគមន៍របស់យើង នេះជាការអស្ចារ្យមែនទែន។ លោកសិលាដែលក្បត់ព្រះយេស៊ូ ដែលបដិសេធបីដងដា មិនស្គាល់ព្រះយេស៊ូ។ បងប្អូនជាទីស្រឡាញ់ ជាសិលានេះដែលព្រះយេស៊ូបានទៅជួប នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ជាសិលានេះដែលព្រះយេស៊ូបានសួរបីដង “តើស្រឡាញ់ខ្ញុំមែនឬទេ?” រហូតដល់លោកសិលាចង់ខឹង ហើយព្រះយេស៊ូមានព្រះបន្ទូលថា “សូមទៅជាគ្រូគង្វាលសម្រាប់ប្រជារាស្ត្ររបស់ខ្ញុំ”។
បងប្អូនជាទីស្រឡាញ់ នេះជាលោកសិលាដែលនៅជាមួយក្រុមគ្រីស្តទូតនៅថ្ងៃគោរពបុណ្យហាសិបនៅទីក្រុងយេរូសាឡឹម បាននៅក្នុងបន្ទប់ដ៏តូចមួយ ដែលគេបិទទ្វារ បិទបង្អួច។ ជាកន្លែងហ្នឹង ដែលគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ និងជាលោកសិលាហ្នឹងដែលបានចេញពីបន្ទប់នេះមុនគេបង្អស់ ដើម្បីទៅតាមផ្លូវ ដើម្បីប្រកាសពិតមែនព្រះយេស៊ូដែលបានសោយទិវង្គតនៅលើឈើឆ្កាង ព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ហើយគង់នៅជាមួយយើង និងណែនាំឲ្យយើងទទួលជីវិតអស់កល្បជានិច្ច។ គឺលោកសិលានេះ ដែលកំពុងនិយាយភាសាផ្ទាល់ខ្លួនគាត់ ប៉ុន្តែប្រជាជនដែលមកពីគ្រប់ប្រទេសគេស្តាប់បាន គេទទួលដំណឹងល្អដំបូងអំពីព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ ជាសាធារណៈ។ ជាសិលានេះ ដែលបានខិតខំដឹកនាំក្រុមគ្រីស្តបរិស័ទពីដើម នៅក្នុងទីក្រុងយេរូសាឡឹម។ ជាសិលានេះ ដែលធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ដោយសារសម័យនោះទីក្រុងរ៉ូមជាចំណុចកណ្តាលនៃពិភពលោក។ ហេតុនេះហើយ ពីស្រុកកាលីឡេជាអ្នកនេសាទត្រីដ៏តូចម្នាក់ បានចេញធ្វើដំណើរតាមសំពៅ ដែលមានខ្យល់បោក ដែលមានគេស្លាប់ច្រើនតាមផ្លូវ ប៉ុន្តែគាត់បានទៅដល់ទីក្រុងរ៉ូម ដើម្បីចាប់ផ្តើមប្រកាសអំពីព្រះយេស៊ូគ្រីស្តដែលគេសម្លាប់ ព្រះយេស៊ូគ្រីស្តដែលសោយទិវង្គតលើឈើឆ្កាង ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។ ដើម្បីប្រកាសអំពីព្រះយេស៊ូ ដែលគាត់បានប្រកាសនៅមុខព្រះយេស៊ូផ្ទាល់ លោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ លោកជាព្រះគ្រីស្តដែលយាងមកដើម្បីសង្គ្រោះយើង គឺលោកសិលានេះហើយ។ ប៉ុន្តែព្រះចៅអធិរាជរ៉ូម៉ាំងគាត់ស្អប់គ្រីស្តបរិស័ទ ហើយចោទប្រកាន់ថាជាក្រុមដែលបានដុតឲ្យទីក្រុងរ៉ូមឆេះ និងគេចាប់លោកសិលា។ លោកសិលាដូចព្រះយេស៊ូមានព្រះបន្ទូល ត្រូវតែស្លាប់នៅក្នុងរបៀបសាហាវ នៅលើឈើឆ្កាងដូចព្រះយេស៊ូ ប៉ុន្តែក្បាលនៅក្រោម។ ជាលោកសិលានេះ ដែលទៅជាសរសរដ៏រឹងមាំនៃព្រះសហគមន៍របស់យើង។
ប្រសិនបើយើងមើលលោកប៉ូល លោកប៉ូលផ្ទុយពីលោកសិលា លោកប៉ូលដែលអ្នកមានចំណេះដឹងខ្ពស់ និយាយភាសាក្រិច សរសេរភាសាហេប្រឺ បានរៀនខ្ពស់មែនទែន ជាគ្រូអប់រំ។ លោកប៉ូលនេះ ដែលស្អប់គ្រីស្តបរិស័ទបំផុត គាត់នៅក្នុងក្រុមដែលចាប់គ្រីស្តបរិស័ទពីដើម គាត់ជាសាក្សីផ្ទាល់អំពីមរណសាក្សីទីមួយនៃព្រះសហគមន៍ គឺសន្តស្ទេហ្វាន (Saint Stephen) ជាឧបដ្ឋាកដំបូងដែលគេសម្លាប់ លោកប៉ូលនេះដែលព្រះជាម្ចាស់បានជ្រើសរើស។ នៅថ្ងៃដែលគាត់ធ្វើដំណើរទៅភូមិដាម៉ាស គាត់បានជួបជាមួយព្រះយេស៊ូ គាត់មិនដឹងថាព្រះយេស៊ូជានរណា។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំជាអ្នកដែលលោកបៀតបៀន” ហើយនៅពេលនោះលោកប៉ូលមើលមិនឃើញ៣ថ្ងៃ។ បងប្អូនជាទីស្រឡាញ់ គាត់មើលមិនឃើញដើម្បីកែប្រែចិត្តគំនិត ដើម្បីភ្ជាប់ជាមួយព្រះយេស៊ូនៅក្នុងរបៀបពិសេសបំផុត។ គាត់ដែលធ្វើដំណើរជាមួយព្រះយេស៊ូ នៅពេលព្រះអង្គគង់នៅ ប៉ុន្តែគាត់បានជួបព្រះយេស៊ូនៅក្នុងជំនឿថ្មី ដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់។
នៅពេលគាត់មើលឃើញសាជាថ្មី គាត់បានទទួលនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធពន្លឺមួយដ៏អស្ចារ្យ ណែនាំឲ្យគាត់ទៅប្រកាសដំណឹងល្អ។ ប្រកាសដំណឹងល្អនៅក្នុងរបៀបពិសេស គាត់ចេញពីទីក្រុងយេរូសាឡឹមដើម្បីធ្វើដំណើរតាមសំពៅ គាត់បានសរសេរលិខិត នៅក្នុងឆ្នាំ៤០-៥០ ដើម្បីអប់រំ ដើម្បីលើកទឹកចិត្ត ដើម្បីស្តីឲ្យគ្រីស្តបរិស័ទពីដើម នៅគ្រប់ទីកន្លែងដែលគាត់ទៅ។ នៅពេលគាត់ចេញធ្វើដំណើរទៅទីក្រុងរ៉ូម គាត់លាបងប្អូនគ្រីស្តបរិស័ទដែលគាត់បានណែនាំឲ្យទទួលជីវិតថ្មី ហើយគាត់បាននិយាយថា “ខ្ញុំខិតខំរត់ដល់ដង្ហើមចុងក្រោយ សម្រាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់”។ នៅពេលគាត់នៅទីក្រុងរ៉ូម បានប្រកាសដំណឹងល្អហើយគេចាប់គាត់ និងគេកាត់ករបស់គាត់។ គឺលោកប៉ូលនេះ ដែលទៅជាគ្រីស្តទូតដ៏រឹងមាំ ដែលណែនាំឲ្យសព្វថ្ងៃយើងប្រកាសជំនឿរបស់យើងយ៉ាងឱឡារិក។ ពិតមែនព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ ពិតមែនព្រះយេស៊ូឡើងស្ថានបរមសុខ និងត្រាស់ហៅយើងទាំងអស់ ដើម្បីចូលរួមនៅក្នុងគម្រោងការណ៍នៃការសង្គ្រោះរបស់ព្រះជាម្ចាស់។
នេះជាការអស្ចារ្យរបស់ព្រះអង្គ ពីមនុស្សសាមញ្ញធម្មតាបំផុត ពីមនុស្សតូចតាចបំផុត ពីមនុស្សដែលជាសាក្សីនៃឃាតករគ្រីស្តបរិស័ទពីដើម ព្រះយេស៊ូបានបង្កើតព្រះសហគមន៍ដ៏មានជីវិតរហូតដល់សព្វថ្ងៃ។ ព្រះសហគមន៍ដែលមាននៅគ្រប់ប្រទេស ព្រះសហគមន៍ដែលមានការអប់រំដើម្បីណែនាំពិភពលោកឲ្យមើលឃើញផ្លូវនៃជីវិត ឲ្យមើលឃើញផ្លូវនៃសេចក្តីពិត។ បងប្អូនដែលបន្តិចទៀតទទួលអគ្គសញ្ញាលាបថ្ងាស គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលណែនាំឲ្យយើងទទួលស្គាល់សេចក្តីពិតគឺព្រះយេស៊ូផ្ទាល់។ ព្រះវិញ្ញាណដែលណែនាំឲ្យយើងដឹងខុសដឹងត្រូវ ព្រះវិញ្ញាណដែលណែនាំឲ្យយើងមានយោបល់ល្អ ព្រះវិញ្ញាណដែលណែនាំឲ្យមានសេចក្តីក្លាហានពេញលក្ខណៈ ព្រះវិញ្ញាណដ៏វិសុទ្ធដែលណែនាំឲ្យយើងគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច នេះជាព្រះវិញ្ញាណដ៏វិសុទ្ធដែលណែនាំឲ្យយើងមានប្រាជ្ញាឈ្លាសវៃ។ បងប្អូនជាទីស្រឡាញ់ នេះជាព្រះអំណោយដែលយើងបានទទួលទាំងអស់គ្នានៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីបន្តរួមគ្នាកសាងព្រះសហគមន៍។ ដោយសារ ព្រះជាម្ចាស់បន្តកសាងព្រះសហគមន៍តាមរយៈយើងរៀងៗខ្លួន។ សព្វថ្ងៃ យើងជាគ្រីស្តទូតថ្មីនៃព្រះសហគមន៍ យើងជាសាវ័កថ្មីនៃសតវត្សទី២១ ដើម្បីណែនាំឲ្យព្រះសហគមន៍បន្តប្រកាសអំពីព្រះហឫទ័យមេត្តាករុណា អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។
នេះជាការអស្ចារ្យ ដែលថ្ងៃនេះយើងមើលឃើញយ៉ាងជាក់ស្តែង យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អស់ពីដួងចិត្ត។ ដោយសារ ព្រះជាម្ចាស់ថែរក្សា ព្រះជាម្ចាស់ស្រឡាញ់យើង ព្រះជាម្ចាស់ធ្វើដំណើរជាមួយយើង ព្រះជាម្ចាស់ជម្រុញយើង ឲ្យយើងទៅប្រកាសអំពីព្រះយេស៊ូគ្រីស្ត។ ប្រកាសអំពីសក្ខីភាពដែលយើងបានទទួល អំណោយទានដ៏ពិសេសនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យសក្ខីភាពនេះទៅជារឿងធម្មជាតិនៃជីវិតរបស់យើង។ “ស្រឡាញ់ លើកលែងទោស អធិដ្ឋាន សួរសុខទុក្ខ លើកទឹកចិត្ត ភ្ញាក់ស្មារតី ដឹងអ្វីដែលត្រូវអ្វីដែលមិនត្រូវ ហើយសម្រេចចិត្តតាមព្រះវិញ្ញាណដ៏វិសុទ្ធគ្រប់ពេលវេលា”។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះពិតមែនយើងអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានលោកសិលា និងលោកប៉ូល ដែលជាមូលដ្ឋានគ្រឹះនៃព្រះសហគមន៍។ ដែលណែនាំឲ្យព្រះសហគមន៍របស់យើងមានជីវិតនៅក្នុងពិភពលោកទាំងមូល។ សព្វថ្ងៃ ជាមួយសម្តេចប៉ាប ឡេអូទី១៤ ដែលជាសម្តេចប៉ាបទី២៦៧ ដែលបានបន្តតួនាទីពីលោកសិលា ដើម្បីដឹកនាំព្រះសហគមន៍។ យើងអរព្រះគុណព្រះជាម្ចាស់ យើងខិតខំធ្វើជាអ្នកកសាងសុខសន្តិភាពដូចសម្តេចប៉ាបមានព្រះបន្ទូលដំបូងបង្អស់ថា “សូមសេចក្តីសុខសាន្តរបស់ព្រះអម្ចាស់គង់នៅជាមួយបងប្អូន”។ អាម៉ែន។
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ




