អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៨,១-៦

ព្រះអម្ចាស់មានព្រះបន្ទូលមកព្យាការីយេរេមីដូចតទៅ៖«ចូរក្រោកឡើង ទៅផ្ទះ​របស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្តីដែលយើងប្រាប់អ្នកឱ្យដឹង»។ ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ ពេល​ណាជាងស្មូន​ឃើញថូដែលគាត់កំពុង​សូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយ​ផ្សេងទៀតដែលគាប់ចិត្តគាត់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖​«កូន​ចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នករាល់គ្នានៅក្នុង​ដៃយើង ដូចដីឥដ្ឋនៅក្នុងដៃ​របស់ជាងស្មូន។

ទំនុកតម្កើងលេខ ១៤៦ (១៤៥),១-៦.១០ បទពាក្យ ៧

ឱ!ព្រះអម្ចាស់អើយខ្ញុំសូម តម្កើងទាំងព្រមដោយចិត្តស្មោះ
ឥតមានលាក់លៀមទុកកៀនកោះ បញ្ចេញដោយស្មោះអស់ពីចិត្ត
ខ្ញុំសូមសរសើរលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត
ខ្ញុំស្មូត្រចម្រៀងមានបែបបទ ឱ្យបានចាំស្ទាត់ពេលនៅរស់
កុំទុកចិត្តពួកមនុស្សលោក មានច្រើនគគោកចិត្តមិនស្មោះ
កុំទុកចិត្តមេដឹកនាំនោះ ពុំអាចសង្គ្រោះបានឡើយណា
ពេលដែលដង្ហើមគេត្រូវផុត ជីវិតរលត់អស់សង្ខារ
ក្លាយជាធូលីដីអសារ ទាំងគម្រោងការរលាយព្រម
អ្នកដែលព្រះលោកយ៉ាកុបជួយ សង្គ្រោះផុតព្រួយហើយសង្ឃឹម
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម រស់ដោយញញឹមគ្មានភិតភ័យ
ព្រះអង្គបង្កើតទាំងផ្ទៃមេឃ ផែនដីល្អឯកធំពេកក្រៃ
សមុទ្រព្រមទាំងអស់អ្វីៗ សន្យាថ្លាថ្លៃទ្រង់មិនភ្លេច
១០ ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ អស់កល្បជានិច្ចតយូរលង់
ឱក្រុងស៊ីយ៉ូនដ៏រឿងរុង ព្រះអង្គនឹងគ្រងរាជ្យតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៦,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៧-៥៣

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេល​​ជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមាន​ឡើងដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ។ នៅទីនោះ មានតែ​សម្រែកយំសោក​ខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»។ ក្រុម​សាវ័កទូលព្រះអង្គថា៖«បាទ! យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«ហេតុ​នេះហើយ បានជាធម្មាចារ្យណាដែលទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខប្រៀប​បានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ ទាំងថ្មីចេញពីឃ្លាំងរបស់គាត់»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏​យាងចេញពីទីនោះទៅ។

Facebook
Twitter
LinkedIn

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គ្រីស្តបរិស័ទប្រមាណជាង ២០អង្គ/នាក់ រួមមានលោកបូជាចារ្យ បងប្រុស បងស្រី និងនិស្សិតទេវវិទ្យាល័យ បានប្រមូលផ្តុំគ្នាយ៉ាងកក់ក្តៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ «ស៊ីនុដាលីធី» ដែលមានន័យថា «ការរួមដំណើរជាមួយគ្នាជាធ្លុងតែមួយ»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រះសហគមន៍កាតូលិកសន្តសិលា-សន្តប៉ូល (ភ្នំពេញថ្មី) នៃភូមិភាគភ្នំពេញ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ដោយលោកបូជាចារ្យ ប៉ាណេណាល់ ទទិត្យ មកពីក្រុមគ្រួសារបព្វជិតសហជីវិនព្រះយេស៊ូ (Jesuit) និងជាបូជាចារ្យទទួលខុសត្រូវតំបន់អង្គរ នៃព្រះសហគមន៍ភូមិភាគបាត់ដំបង។