មហាសន្និបាតពេញអង្គនៃសភាលោកអភិបាលកាតូលិកអាស៊ី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

សារវីដេអូរបស់សម្តេចប៉ាប ឡេអូទី​១៤

ផ្ញើជូន​

មហាសន្និបាតពេញអង្គ​នៃ​សភាលោកអភិបាលកាតូលិកអាស៊ី

នៅទីក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី

កាលពីថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៦

  

បងប្អូនប្រុសស្រីជាទីស្រឡាញ់នៅក្នុងព្រះគ្រីស្ត

ខ្ញុំសូមស្វាគមន៍​យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូនទាំងអស់គ្នា ដែលកំពុងចូលរួមនៅក្នុងមហាសន្និបាតពេញអង្គនៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាកាតា។ ខណៈពេលដែលបងប្អូនប្រជុំជុំវិញគ្នា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗទាំងឡាយ ដែលប៉ះពាល់ដល់ជីវិត និងអនាគតនៃព្រះសហគមន៍ នៅអាស៊ី ខ្ញុំសូមនៅក្បែរបងប្អូនតាមរយៈការអធិស្ឋានសុំឱ្យព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ និងដឹកនាំពេលវេលានៃការជួបជុំគ្នារបស់បងប្អូន។ ប្រធានបទដែលបានជ្រើសរើសសម្រាប់មហាសន្និបាតពេញអង្គរបស់បងប្អូន គឺដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលមានព្រះបន្ទូលទៅកាន់លោកណាតាណាអែលថា «អ្នករាល់គ្នានឹងបានឃើញការអស្ចារ្យ​លើសនេះទៅទៀត»

ការត្រាស់ហៅលោកភីលីព និងលោកណាតាណាអែលឱ្យមកតាមព្រះអង្គ និងធ្វើជាសាវ័ករបស់ព្រះអង្គ ព្រះអម្ចាស់នៃយើងបានសម្តែងឱ្យឃើញអំពីព្រះអង្គទ្រង់ផ្ទាល់ថា ទ្រង់ជាអ្នកសម្របសម្រួលតែមួយគត់រវាងព្រះជាម្ចាស់ និងមនុស្សជាតិ។ ក្នុងនាមជាសាវ័កបច្ចុប្បន្ន យើងដឹងថា ព្រះយេស៊ូមិនត្រឹមតែជាប្រភពនៃភាពជាធ្លុងតែមួយរបស់យើងជាមួយព្រះជាម្ចាស់ប៉ុណ្ណោះទេ ក៏​រវាង​យើងនិងយើងទាំងអស់គ្នាផង។ នៅក្នុងឯកសារ​ Magnifica Humanitas ដែលទើបតែបានបោះពុម្ពផ្សាយកាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរថា សាមគ្គីភាពគ្រីស្ដសាសនិក មានប្រភពចេញពីអាថ៌កំបាំងរបស់ព្រះគ្រីស្ត និងកើតចេញពីព្រះកាយ​ដែលយើងបាន​ទទួល ពិសេសក្នុងពិធីអរព្រះគុណព្រះជាម្ចាស់។

ហេតុនេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូនឱ្យបន្តលើកស្ទួយ ជីវិតផ្លូវ​វិញ្ញាណក្នុងពិធីអរព្រះគុណ នៅតាមព្រះសហគមន៍មូលដ្ឋាន ដែលជាប្រភព​នៃការបង្រួបបង្រួម​ព្រះសហគមន៍ ដោយផ្អែកលើសេចក្តីស្រឡាញ់មេត្តា ដែលហូរចេញពីអំណោយទាននៃព្រះអម្ចាស់នៅក្នុងពិធីអរព្រះគុណនេះ។ ខ្ញុំសង្ឃឹមថា ចំណងនៃព្រះកាយ​ព្រះគ្រីស្ត​ទាំងនៅក្នុង​និង​រវាងព្រះសហគមន៍​មូលដ្ឋាន នឹងត្រូវបានពង្រឹង ហើយក្លាយជាទីសំគាល់ដ៏ធំធេងនៃវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសរបស់បងប្អូន ដែលនឹងជួយឱ្យបងប្អូនក្លាយជាអ្នកកសាងស្ពានមេត្រីភាពជាមួយគ្នានៅទូទាំងទ្វីបអាស៊ី។

បងប្អូនជាទីស្រឡាញ់ ខ្ញុំ​សូម​ផ្ញើបងប្អូន និងការពិភាក្សាទាំងនេះ ទៅព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមាតានៃព្រះសហគមន៍ ខ្ញុំសូមទូលអង្វរ​ព្រះអម្ចាស់សូមប្រទាន​ព្រះអំណោយទាន និងភាពក្លាហានស៊ូទ្រាំមកបងប្អូន។

សូមព្រះ​ជាម្ចាស់ដ៏មានឫទ្ធានុភាព​ គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ប្រទាន​ព្រះពរ​មក​ បងប្អូន និងគង់នៅជាមួយបងប្អូនជារៀងរហូត។ អាម៉ែន៕

Facebook
Twitter
LinkedIn

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គ្រីស្តបរិស័ទប្រមាណជាង ២០អង្គ/នាក់ រួមមានលោកបូជាចារ្យ បងប្រុស បងស្រី និងនិស្សិតទេវវិទ្យាល័យ បានប្រមូលផ្តុំគ្នាយ៉ាងកក់ក្តៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ «ស៊ីនុដាលីធី» ដែលមានន័យថា «ការរួមដំណើរជាមួយគ្នាជាធ្លុងតែមួយ»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រះសហគមន៍កាតូលិកសន្តសិលា-សន្តប៉ូល (ភ្នំពេញថ្មី) នៃភូមិភាគភ្នំពេញ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ដោយលោកបូជាចារ្យ ប៉ាណេណាល់ ទទិត្យ មកពីក្រុមគ្រួសារបព្វជិតសហជីវិនព្រះយេស៊ូ (Jesuit) និងជាបូជាចារ្យទទួលខុសត្រូវតំបន់អង្គរ នៃព្រះសហគមន៍ភូមិភាគបាត់ដំបង។