អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦

សន្តយ៉ាកុប ជាបងរបស់សន្តយ៉ូហាន ត្រូវជាកូនលោកសេបេដេ។ ព្រះយេស៊ូដាក់ឈ្មោះបងប្អូនទាំងពីរនាក់ថា “កូននៃផ្គរលាន់” ព្រោះអ្នកទាំងពីរមានចិត្តខ្លាំង។ ព្រះអង្គជ្រើសរើសលោកសិលា​ ព្រមទាំងលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឱ្យធ្វើសាក្សីពិសេសនៅពេលព្រះអង្គសម្តែងសិរីរុងរឿងនៅលើភ្នំ និងនៅពេលព្រះអង្គអធិដ្ឋាននៅក្នុងសួនឧទ្យានកេសេម៉ានី។ ដូច្នេះ ព្រះអង្គពន្យល់ឱ្យអ្នកទាំងពីរយល់អំពីផ្លូវទៅកាន់សិរីរុងរឿងដ៏ពិតប្រាកដ គឺត្រូវសុខចិត្តលះបង់ចិត្តខ្លាំងរបស់ខ្លួន លះបង់ការលោភលន់ចង់បានអំណាចត្រួតត្រាអ្នកដ៏ទៃ។ ព្រះបាទហេរ៉ូដអគ្រីប៉ាបញ្ជាឱ្យគេចាប់កាត់កលោកយ៉ាកុប (កក ១២,២)។ ដូច្នេះ លោកយ៉ាកុបជាគ្រីស្តទូតដែលបូជាជីវិតថ្វាយព្រះគ្រីស្តមុនគេ។

ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំទាំងអស់គ្នានាំគ្នាលើកតម្កើងព្រះអង្គដែលបានប្រោសប្រទានឱ្យសន្តយ៉ាកុបមានចិត្តអង់អាច បូជាជីវិតថ្វាយព្រះអង្គ មុនគ្រីស្តទូតឯទៀតទាំងប៉ុន្មាន។ សូមទ្រង់ព្រះ​មេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទមានចិត្តក្លាហានសុខចិត្តធ្វើជាសាក្សីថ្វាយព្រះអង្គនាបច្ចប្បន្នកាលនេះផង។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៤,៧-១៥
បងប្អូនជាទីស្រឡាញ់!
យើងមានមុខងារជាគ្រីស្តទូត ជាមុខងារមួយដ៏ប្រសើរដែលយើងប្រៀបបានដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឱ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះ​បង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជិវិតឡើយ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្តីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់តែងតែប្រឈមមុខទល់នឹងសេចក្តីស្លាប់ជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលរមែងតែងតែស្លាប់។ ដូច្នេះ សេចក្តីស្លាប់នេះតែយាយីយើង រីឯបងប្អូនវិញ ចេះតែមានជិវិតចម្រើនឡើង។ ដោយយើងមានវិញ្ញាណដែលនាំឱ្យជឿ ស្របតាមសេចក្តីដែលមានចែងទុកមកថា៖ “ខ្ញុំជឿ” ហេតុនេះហើយបានជាខ្ញុំនិយាយ “យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រោសយើងឱ្យរស់ឡើងវិញរួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងឱ្យទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍នេះកើតមានឡើងជាប្រយោជន៍ដល់បងប្អូន គឺឱ្យព្រះជាម្ចាស់ប្រណីសន្តោសបងប្អូនកាន់តែច្រើនឡើងៗ ដើម្បីឱ្យមានគ្នាមួយចំនួនធំអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ”។​

ទំនុកតម្កើងលេខ ១២៦ (១២៥),១-៦​ បទព្រហ្មគីតិ
១ ពេលព្រះដឹកនាំអ្នក ដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយ យើងធូរស្បើយដូចយល់សប្តិ ។
២ យើងសើចហ៊ោរសប្បាយ អរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វ លាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោម ជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្តា ធ្វើអស្ចារ្យចំពោះគេ» ។
៣ ព្រះអង្គបានធ្វើការ ដ៏អស្ចារ្យអ្វីម៉េ្លះទេ
យើងលែងគិតគ្នាន់គ្នេរ បានល្ហើយល្ហែអរសប្បាយ ។
៤ ឱ! ព្រះម្ចាស់ឧត្តម សូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយ សូមប្រែក្លាយមានទឹកហូរ ។
៥ អ្នកណាសាបព្រោះស្រូវ ដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរ នឹងច្រូតយកទាំងសប្បាយ ។
៦ គេយកពូជទៅព្រោះ ទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយ ហ៊ោសប្បាយដោយអំណរ ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលព្រះអម្ចាស់បានជ្រើសរើសពីចំណោមមនុស្សលោក និងតែងតាំងឱ្យបង្កើតផល គឺផលដែលនៅស្ថិតស្ថេរ អ្នកទាំងនោះពិតជាបានសុភមង្គល! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២០,២០-២៨
ភរិយារបស់លោកសេបេដេនាំលោកយ៉ាកុប និងលោកយ៉ូហានជាកូនទាំងពីរចូលមកក្រាបទាបព្រះបាទព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ “ដល់ពេលព្រះអង្គគ្រង់ព្រះរាជ សូមឱ្យកូនរបស់ខ្ញុំម្ចាស់អង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថា ខ្លួនសុំអ្វីឡើយ។ តើអ្នកទាំងពីរអាចទទួលពែងដែលខ្ញុំត្រូវទទួលបានដែរឬទេ?»។ លោកយ៉ាកុប និងលោកយ៉ូហានទូលថា៖ “យើងខ្ញុំអាចទទួលបាន”។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្តាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នកដែលព្រះបិតារបស់ខ្ញុំបានកំណត់មកប៉ុណ្ណោះ»។ កាលសាវ័កដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះ។ ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយថា ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។ ក្នុងចំណោមអ្នករាល់គ្នាមិនដូច្នោះទេ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើធំជាងគេ ត្រូវតែបម្រើអ្នករាល់គ្នាវិញ។ បើមានម្នាក់ចង់បានឋានៈខ្ពស់ជាងគេ ត្រូវធ្វើជាខ្ញុំបម្រើគេ។ បុត្រមនុស្សមកក្នុងលោកនេះ មិនមែនឱ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជិវិតដើម្បីលោះមនុស្សទាំងអស់ផង»។

ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ដោយយើងខ្ញុំបានទទួលអគ្គសញ្ញាជ្រមុជទឹក យើងខ្ញុំបានរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត។ ដូច្នេះ នៅថ្ងៃគោរពសន្តយ៉ាកុប ដែលបានបូជាជិវិតមុនគ្រីស្តទូតឯទៀតៗ យើងខ្ញុំសូមចូលរួមជាមួយព្រះបុត្រាព្រះអង្គ ថ្វាយសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។

ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែល​មាន​ព្រះ​ជន្ម​គង់​នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គជានិច្ច ដោយរួមជាមួយ​ព្រះ​គ្រីស្ត​ជា​ព្រះ​អម្ចាស់​យើងខ្ញុំ ។ ព្រះអង្គបានចាក់ឫសនៃព្រះសហគមន៍របស់ព្រះបុត្រាលើក្រុមគ្រីស្តទូតជាគ្រឹះ ដើម្បីឱ្យព្រះសហគមន៍ទៅជាសញ្ញាសម្គាល់បង្ហាញភាពដ៏វិសុទ្ធរបស់ព្រះអង្គក្នុងលោកនេះ។ ព្រះសហគមន៍ក៏​មានភារកិច្ច​នាំដំណឹង​ល្អ​អំពីព្រះរាជ្យព្រះអង្គដល់មនុស្សគ្រប់ជាតិសាសន៍ផង ។ អាស្រ័យហេតុនេះហើយ បានជានៅលើលោកនេះ យើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គល សូមលើកតម្កើងព្រះអង្គ ដោយប្រកាសថា៖ ” ព្រះដ៏វិសុទ្ធ ” ។

ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ នៅថ្ងៃគោរពសន្តយ៉ាកុប។ ដោយសន្តយ៉ាកុបជួយអង្វរព្រះអង្គឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្តាឱ្យយើងខ្ញុំមានចិត្តក្លាហាន​សុខចិត្ត ធ្វើសាក្សីថ្វាយព្រះអង្គគ្រប់ពេលវេលាផង។

Facebook
Twitter
LinkedIn