អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃពុធ ទី២២ ខែកក្ដដា ឆ្នាំ២០២៦

ក្នុងគម្ពីរដំណឹងល្អទាំងបួនកណ្ឌមានរ៉ាយរ៉ាប់អំពីស្រ្តីៗ ដែលឈរចាំនៅក្បែរឈើឆ្កាងព្រះយេស៊ូ។ លោកលូកាបញ្ជាក់ថា “ស្ត្រីទាំងនោះបានបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡមក”។ ក្នុងចំណោមស្ត្រីទាំងនោះមាននាងម៉ារីពីភូមិម៉ាដាឡាជាដើម។ ព្រះយេស៊ូបានប្រោស​ឱ្យនាងរួចពីអំណាចរបស់មារ។ ដោយព្រះយេស៊ូជម្រះចិត្តគំនិតរបស់នាង នាងមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ នាងម៉ារីម៉ាដា​ឡាទៅយំមុខផ្នូរព្រះយេស៊ូ។ នាងយល់ថា ទោះបីព្រះយេស៊ូសោយទិវង្គតក៏ដោយ ក៏ព្រះអង្គនៅតែជាព្រះអម្ចាស់របស់នាងដដែល។ ព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បានប្រទានឱ្យនាងមានភារកិច្ចប្រកាសដំណឹងឱ្យក្រុមគ្រីស្តទូតថា ព្រះអង្គពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន!។

ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះបុត្រាជាទីស្រឡាញ់របស់ព្រះអង្គបានផ្ញើឱ្យនាងម៉ារីម៉ាដាឡាមុនគេបង្អស់ប្រកាសដំណឹងល្អអំពីព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿង។ ​ដោយនាងម៉ារីជួយអង្វរ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រកាសដំណឹងល្អនេះឱ្យមនុស្សលោកសព្វថ្ងៃ ព្រមទាំងឱ្យថ្ងៃណាមួយយើងខ្ញុំយល់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរបទចម្រៀងព្រះបាទសាឡូម៉ូន បច ៣,១-៤ក
ពេលយប់នៅលើគ្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំស្វែងរកគាត់តែរកពុំឃើញទេ។ ខ្ញុំក៏ក្រោកឡើងដើរពាសពេញទីក្រុងដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំនៅតាមផ្លូវ នៅតាមផ្សារ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។ ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង ខ្ញុំសួរថា “តើអ្នករាល់គ្នាបានឃើញម្ចាស់ចិត្តរបស់ខ្ញុំទេ?” ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិចទៅ ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។ ខ្ញុំឱបគាត់ជាប់ឥតដកដៃឡើយ ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ ចូលទៅក្នុងបន្ទប់របស់ម្តាយដែលបានបង្កើតខ្ញុំមក។

ឬសូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៥,១៤-១៧
បងប្អូនជាទីស្រឡាញ់!
ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យអ្នកទាំងអស់ដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីរុងរឿងសម្រាប់គេ។ ដូច្នេះ តាំងពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបធម្មតាហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រីស្ត កាលព្រះអង្គនៅជាមនុស្ស​ធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមរបៀបមុនទៀតឡើយ។ ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រីស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។

ទំនុកតម្កើងលេខ ៦៣ (៦២),២-៦.៨-៩ បទកាកគតិ
២ បពិត្រព្រះម្ចាស់ ទ្រង់ពិតជាព្រះ នៃទូលបង្គំ
ខ្ញុំខំស្វែងរក មិននៅសំងំ តាំងពីព្រលឹម
ស្វះស្វែងដើររក ។
រូបខ្ញុំស្រេកឃ្លាន ព្រះប្រាជ្ញាញាណ អាល័យនឹងភ្នក
ដូចដីប្រេះបែក គ្មានភ្លៀងធា្លក់មក ខ្ញុំដើរកាត់ជ្រក
គ្រប់ទីទិសា ។
៣ សូមឱ្យរូបខ្ញុំ បានឃើញព្រះអង្គ ក្នុងទីសក្ការ
ខ្ញុំចង់ឃើញណាស់ បារមីឫទ្ធា អំណាចចេស្តា
របស់ព្រះអង្គ ។
៤ ព្រះទ័យមេត្តា សន្តោសករុណា ប្រសើរឥតហ្មង
ខ្ញុំនឹងពោលពាក្យ សរសើរតម្កើង សិរីរុងរឿង
ព្រះម្ចាស់មានឫទ្ធិ ។
៥ ខ្ញុំសូមថ្លាថ្លែង អំណរក្រៃលែង អស់មួយជីវិត
ខ្ញុំសូមលើកដៃ បង្គំថ្វាយថ្វាត់ ព្រះនាមវិសុទ្ធ
ព្រះអង្គតែមួយ ។
៦ ខ្ញុំនឹងសប្បាយ ឥតមានខ្វល់ខ្វាយ ព្រោះមានព្រះជួយ
បានសុខរមនា គ្មានភ័យគ្មានព្រួយ ព្រះម្ចាស់តែមួយ
ខ្ញុំច្រៀងតម្កើង ។
៨ ព្រោះតែព្រះអង្គ បានជួយតម្រង់ រូបខ្ញុំជានិច្ច
ខ្ញុំច្រៀងខ្ញុំរាំ សប្បាយពន់ពេក ឥតមានរារែក
ក្រោមម្លប់បារមី ។
៩ ចិត្តខ្ញុំជំពាក់ ឥតមានស្រាន្តស្រាក នឹកគិតអាល័យ
ទៅដល់ព្រះម្ចាស់ ទោះយប់ឬថ្ងៃ ទ្រង់គាំទ្រឱ្យ
រីកមុខស្រស់ថា្ល ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រឹកថ្ងៃបុណ្យចម្លង នាងម៉ារីម៉ាដាឡានាំដំណឹងមកប្រាប់ពួកសាវ័កថា​៖ “នាងខ្ញុំឃើញផ្នូររបស់ព្រះគ្រីស្តដែលមាន​ព្រះជន្មគង់នៅ! យើងខ្ញុំឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលទទួលព្រះជន្មថ្មីដ៏រុងរឿង!”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១-២.១១-១៨
នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថា មានគេយកថ្មចេញ​ពីមាត់ផ្នូរផុតទៅហើយ។ នាង​ក៏​រត់​មក​ជម្រាប​លោក​ស៊ីម៉ូន‌សិលា និង​សាវ័ក*​ម្នាក់​ទៀត ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​ថា៖ «គេ​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​បាត់​ហើយ យើង​មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ទេ!»។ នាង​ម៉ារី​ឈរ​យំ​នៅ​ខាង​ក្រៅ ក្បែរ​មាត់​ផ្នូរ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរទាំងយំ ឃើញទេវទូតពីររូបស្លៀកពាក់សអង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ទេវទូតពោលមកកាន់នាងថា៖ “នាងអើយ! ម្តេចក៏នាងយំ?” នាងឆ្លើយទៅទេវទូតវិញថា៖ “មានគេយកព្រះសពព្រះអម្ចាស់របស់ខ្ញុំទៅបាត់ មិនដឹងជាគេយកព្រះអង្គទៅដាក់នៅឯណាឡើយ”។ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមើលព្រះអង្គមិនស្គាល់ទេ។ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ!​ ម្តេចក៏នាងយំ? នាងរកអ្នកណា?»។ នាងទូលព្រះអង្គ​ថា៖ “លោកម្ចាស់! ប្រសិនបើលោកបានយកព្រះសពទៅ សូមប្រាប់ឱ្យនាងខ្ញុំដឹងផងថា លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក”។ នាងពោលដូច្នេះ​ មកពីនាងស្មានថា ជាអ្នកថែរក្សាសួនច្បារ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ “រ៉ាបូនី!” ប្រែថា “ព្រះគ្រូ!”។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សូមទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតារបស់ខ្ញុំដែលជាព្រះបិតារបស់អ្នករាល់គ្នាដែរ»។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅជម្រាបពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្តីដែលព្រះអង្គមានព្រះបន្ទូលមកនាង។

ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមព្រះអង្គព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តីមារីម៉ាដាឡានេះដោយអនុគ្រោះ ដូចព្រះបុត្រាសព្វព្រះហឫទ័យទទួលការបម្រើ និងសេចក្តីស្រឡាញ់របស់នាងកាលពីដើមដែរ។

ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រោសប្រទានឱ្យយើងខ្ញុំចូលរួមក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះយេស៊ូយ៉ាងស្មោះ ដូចសន្តីម៉ារីម៉ាដាឡាកាលពីដើម សូមឱ្យយើងខ្ញុំមានចិត្តក្លាហានហ៊ានប្រកាសជំនឿរបស់យើងខ្ញុំផង។

Facebook
Twitter
LinkedIn