បេក្ខជន៦២នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅចំការទៀង

បេក្ខជន​ចំនួន​៦២នាក់​បាន​ទទួលអគ្គសញ្ញាលាបថ្ងាស​ ក្រោមអធិបតីភាព​របស់លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ ដោយ​មាន​ការចូលរួមពីលោកបូជាចារ្យជាច្រើនអង្គ និង​គ្រីស្តបរិស័ទ​ជាច្រើនកុះករ​មក​ពី​មណ្ឌលសកម្មភាព​តំបន់​តាកែវ ដែលមាន៨ព្រះសហគមន៍។

កម្មវិធីនេះ ធ្វើឡើងកាលពីថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៦នេះ នៅព្រះវិហារសន្តីម៉ារី​ញញឹម​ចំការទៀង ស្ថិតនៅ​ក្នុងភូមិចំការទៀង ឃុំគុស ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

ក្នុងធម្មទេសនា​ទៅកាន់​គ្រីស្តបរិស័ទ​និង​បេក្ខជន​ទាំងអស់ដែល​បានចូលរួម​ លោកអភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍ថា «យើង​មក​ជួបជុំគ្នានៅថ្ងៃនេះ គឺ​ដើម្បី​ទូលអង្វរព្រះជាម្ចាស់​ ឲ្យប្រទានព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដល់​បេក្ខជន​ជាង​៦០នាក់នេះ។»

លោក​បន្តថា ការ​ទទួលព្រះវិញ្ញាណដ៍វិសុទ្ធជាពេលវេលាមួយដ៏ពិសេស នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ គឺជាពេលវេលាដែលយើងបានទទួលពន្លឺពីព្រះជាម្ចាស់នៅក្នុងរបៀបប្លែក។ លោកអភិបាលបាន​ពន្យល់​ថា មុនព្រះយេស៊ូឡើងឋានបរមសុខ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមគ្រីស្តទូត ដោយសន្យា​ចាត់​​ព្រះដែលការពារ គឺព្រះដែលណែនាំឱ្យជីវិតរបស់យើងទៅមុខតទៅទៀតនោះ​គឺ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​។ ហើយ​នៅ​ថ្ងៃទី​៥០ «គេលែងភ័យហើយ នៅពេលហ្នឹងគេចេញពីបន្ទប់ យើងឃើញលោកសិលាឈរនៅមុខគេ​ទាំងអស់ គ្នាច្រើនណាស់ ហើយលោកសិលាប្រកាសថា ពិតមែន ព្រះយេស៊ូបានសោយទិវង្គត ប៉ុន្តែព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។»

លោកអភិបាល​បាន​បញ្ជាក់​ទៀតថា ព្រះសហគមន៍បានកើតឡើង ដោយសារព្រះវិញ្ញាណដ៍វិសុទ្ធណែនាំ ឱ្យយើងរួមរូមគ្នាជាគ្រួសារតែមួយ និងព្រះវិញ្ញាណដ៍វិសុទ្ធណែនាំ ឱ្យយើងមានសេចក្ដីក្លាហាន ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ដែលយើងមានដល់អ្នកដទៃ ដើម្បីបង្ហាញអំពីអំណរសប្បាយដែលយើងមាននៅក្នុងព្រះយេស៊ូគ្រីស្ត ដែលជាជីវិត ដែលជាផ្លូវ ដែលជាសេចក្ដីពិត។

លោកអភិបាល​បាន​រំលឹក​ដល់​គ្រីស្តបរិស័ទ​ថា ក្នុងនាម​ជា​គ្រីស្តបរិស័ទ​យើង​ត្រូវ​សាបព្រោះ​បន្ត​ជំនឿ ដោយ​យក​ចិត្តទុកដាក់​អធិដ្ឋាន​ដោយ​ដឹងថា «ព្រះយេស៊ូជាទីពឹងថ្មីរបស់យើង ព្រះយេស៊ូជាជីវិតថ្មីរបស់យើង ព្រះយេស៊ូជាផ្លូវដែលណែនាំឱ្យយើងទៅមុខនៅក្នុងជីវិត ដើម្បីឆ្លងគ្រប់កាលៈទេសៈ។»

ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ណែនាំ​ឲ្យយើង​ ក្លាយជា​គ្រីស្តបរិស័ទ​ពេញលក្ខណៈ «ជាកម្លាំងមួយដ៏ពិសេស ដើម្បីឱ្យព្រះសហគមន៍មានជីវិតរីកចម្រើន។» លោកអភិបាល​ក៏លើកឡើងអំពី​​ សន្ត​អ៊ីរ៉ាណេ​ធ្លាប់​និយាយ​គឺថា «សិរីរុងរឿងរបស់ព្រះជាម្ចាស់ គឺមនុស្សយើងដែលមានជីវិត ជីវិតដ៏ពេញលេញលក្ខណៈ»។

ក្នុង​ពេលនោះ​ដែរ លោកអភិបាល​បាន​ឲ្យគ្រីស្តបរិស័ទ​យកចិត្ត​ទុកដាក់​ស្រឡាញ់ អធិដ្ឋាន​ លើកលែងទោស មានចិត្តអាណិតមេត្តាដល់បងប្អូនឯទៀតៗ ជួយបងប្អូនឯទៀតៗ ដោ​បញ្ជាក់​ថា នេះជា​អ្វីដែល​ «យើងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយណែនាំ ឱ្យបងប្អូនឯទៀតៗមើលឃើញ ព្រះជាម្ចាស់ផ្ទាល់» ដើម្បីបន្តធ្វើដំណើរ ដើម្បីបន្តកសាងព្រះសហគមន៍ នៅលើទឹកដីកម្ពុជានៅក្នុងមណ្ឌលសកម្មភាពតាកែវ ដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាសញ្ញាសម្គាល់ដ៏ជាក់ស្ដែង អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។

លោក​បូជាចារ្យ ឆាលស៍ ឡិឈិប៉ាន បូជាចារ្យទទួល​ខុស​ត្រូវ​នៅ​មណ្ឌលសកម្មភាព​តាកែវ បាន​និយាយថា ថ្ងៃនេះ​លោក​មានចិត្ត​សប្បាយរីករាយ ដែលមាន​បងប្អូន​៦២នាក់ មកពី​៨ព្រះសហគមន៍​​ដែល​បានទទួល​ពិធីជ្រមុជទឹកហើយ កាលពី​ឆ្នាំ​មុនៗ មកទទួល​អគ្គសញ្ញាលាបថ្ងាស​នៅថ្ងៃនេះ។

លោក​បូជាចារ្យ​បន្ថែម​ថា សម្រាប់បេក្ខជន​ទាំង​៦២នេះ យើង​នឹងបន្ត​ណែនាំគេ តាម​ព្រះសហគមន៍នីមួយៗ​ តាមរយៈគ្រូអប់រំជំនឿ ដើម្បីបន្ត​ដឹកនាំ​និង​ជួយពួកគេ​បន្ថែម​តាមរយៈការអប់រំជំនឿ​តាម​ព្រះសហគមន៍​នីមួយៗ។

លោកបូជាចារ្យ​​បាន​អរគុណ​លោកអភិបាល​ដែលបាន​មក​ដើម្បី​ណែនាំឲ្យពួកគេ​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​​ តាមរយៈពិធី​អគ្គសញ្ញាលាបថ្ងាស​នៅថ្ងៃនេះ។ លោកបញ្ជាក់ថា «យើងនឹងនៅ​បន្ត​ជាមួយ​ពួកគេ​និង​បន្តថែរក្សាពួកគេ»។

អ្នកស្រី  ម៉ារី ស៊ុន ស៊្រូ ជាអាជីវករ​លក់ដូរនៅ​ផ្សារ​ក្នុងទីរួមខេត្តតាកែវ បាន​ឲ្យដឹងថាគាតមានអារម្មណ៍​ថា​សប្បាយ​រីករាយ​ ដែលបាន​ទទួលព្រះពរ​ពីព្រះជាម្ចាស់តាមរយៈអគ្គសញ្ញាលាបថ្ងាសនេះ​។

អ្នកស្រី​ស៊្រូ បន្ត​ថា «​ខ្ញុំនឹងប្រកាស​ដំណឹងល្អ​ជា​បន្ត​ទៀត​ទៅ​ដល់​បងប្អូន​ឯទៀត តាមរយៈអ្នកដែល​ធ្លាប់​ស្គាល់​។» នៅតំបន់​ដែលអ្នក​ស្រី​រស់នៅ​ ប្រជាជនមួយ​ចំនួន​ហាក់​មិន​សូវ​បាន​ស្គាល់​និង​យល់ដឹង​អំពី​ព្រះសហគមន៍កាតូលិក​នៅឡើយ ដោយ​អ្នកស្រី​បានបន្ថែម​ថា «ទៅខាងនោះ​ បើ​លឺថា ព្រះយេស៊ូ​ គេដូចថាមានការរអាក់រអួលក្នុងចិត្ត​ ហើយ​នេះ​ខ្ញុំនឹង​ប្រកាសដំណឹងល្អ​អំពី​ព្រះយេស៊ូ​នៅព្រះវិហារ​គ្រួសារដ៏វិសុទ្ធ​ប្រាប់​ដល់​ពួកគាត់ ឲ្យពួកគាត់​​​បានស្គាល់និង​យល់ដឹង។»

អ្នកស្រី​បាន​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុងឆ្នាំ២០២៥  គាត់​ស្គាល់ព្រះសហគមន៍គឺតាមរយៈ​គ្រីស្តបរិស័ទ​ម្នាក់​ដែល​តែងតែ​ចេញ​ចូល​ក្នុងផ្ទះ​របស់​គាត់ ហើយ​គាត់​ចេះ​តែ​សួរនាំ​និង​មាន​ការចាប់អារម្មណ៍។ អ្នកស្រីបន្ថែម​ថា «គាត់មិន​ដែល​បង្ខំខ្ញុំ​(ឲ្យចូល​សាសនា)ទេ តែ​នេះ​ប្រហែល​ជា​ព្រះជាម្ចាស់​ប្រទាន​ពរឲ្យ​»។

យុវ័នភឹម សុភ័ណ្ឌ អាយុ១៨ឆ្នាំ ដែល​បាន​ទទួលអគ្គសញ្ញាជ្រមុជទឹកនៅ​ឆ្នាំ​២០២៣ ឲ្យដឹងថា ជំនឿបានជួយ​ដល់​ផ្លូវ​ចិត្ត​និង​ផ្លូវ​វិញ្ញាណ​របស់​គាត់​ «ពេល​មាន​ទុក្ខ ឬ​ឧបសគ្គអ្វីមួយ​ យើង​អធិដ្ឋាន ហើយ​សុំ​សេចក្តីសុខពីព្រះយេស៊ូ​»។ ក្រោយពី​លាបថ្ងាសហើយ​ «ខ្ញុំ​នឹងផ្សព្វផ្សាយអំពី​ដំណឹងល្អ ឲ្យអ្នកដទៃស្គាល់អំពីព្រះ។»

រីឯ​យុវតី​ ពេជ្ជ តារា អាយុ២១ឆ្នាំ បច្ចុប្បន្ន​កំពុង​សិក្សា​ភាសាកូរ៉េ​នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយថា ពេលនៅ​តូច​​នាងចង់​ក្លាយជាគ្រីស្តបរិស័ទ​ដូច​គេ​ដែរ តាំង​ពី​ពេលដែល​ឃើញ​គេទទួលព្រះកាយ ចូលរួម​កម្មវិធីនានា ហើយ​ពេលនេះ ខ្ញុំ​ក្លាយជាគ្រីស្តបរិស័ទ​មានអារម្មណ៍ថា​សប្បាយចិត្ត​។ តារា​បាន​បន្ថែមថា គាត់នឹងប្រកាសអំពីព្រះយេស៊ូ​តាមរយៈ​ការរស់នៅ​របស់​គាត់ និង​ប្រកាសទៅដល់​មិត្ត​ភក្តិ​ដែល​មានចម្ងល់​អំពី​ព្រះជាម្ចាស់​។

តារាបញ្ជាក់ថា «យើង​មិន​អាច​អូសទាញ​មិត្ត​ភក្តិ​ឲ្យចូលក្នុង​សាសនាយើង​បាន​ទេ​ ប៉ុន្តែ​បើ​សិន​គាត់ឆ្ងល់ គាត់ចង់ដឹង គាត់ចង់ស្គាល់ អាចណែនាំពន្យល់គាត់​ ហើយ​បើគាត់ចង់ស្គាល់ព្រះវិហារ​យើង​អាច​គាត់​មកព្រះវិហារ​បាន​។»

 

ដោយ កែវ កញ្ញា

Facebook
Twitter
LinkedIn