អភិបាលព្រះសហគមន៍កាតូលិកបំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ។

ក្នុងឱកាសនោះដែរ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ ដែលជាមេដាយថ្នាក់ខ្ពស់មួយក្នុងប្រទេស ជាសក្ខីកម្ម​សម្រាប់​ការជួយ​ឧបត្ថម្ភ​ និងទំនាក់ជិតស្និទ្ធ​លើ​ផ្នែក​ផ្សេងៗក្នុង​វិស័យសាសនា។

សន្តិភាពកើតចេញពីទំនាក់ទំនង ការធ្វើ​ធម៌មេត្តាករុណា និងការយល់ចិត្តគ្នា

នៅក្នុងកម្មវិធីនេះ លោកអភិបាល អូលីវីយ៉េ ដែលទើបតែទទួលងារពីមន្ត្រីសង្ឃជាន់ខ្ពស់ខាងពុទ្ធសាសនាជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍» បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធជាមួយវត្តអង្គមន្ត្រីតាំងពីឆ្នាំ២០០២ មក។ លោកបានសង្កត់ធ្ងន់ថា ការកសាងផ្លូវថ្នល់តភ្ជាប់រវាងវត្ត និងព្រះវិហារកាតូលិកកាលពីអតីតកាល គឺជាដើមចមនៃការបង្កើតសន្តិភាពផ្លូវចិត្ត និងសាមគ្គីភាព។

លោកអភិបាលបានបញ្ជាក់ថា «ផ្លូវនេះទៅជានិមិត្តរូបទីមួយ នៃទំនាក់ទំនងដែលយើងបង្កើត។ ដោយសារយើងដឹងហើយ មនុស្សយើងដើម្បីបង្កើតទំនាក់ទំនងត្រូវការមានមធ្យោបាយ មធ្យោបាយធ្វើដំណើរ មធ្យោបាយនិយាយ ការជួបគ្នា។ ដូច្នេះផ្លូវនេះទៅជាសញ្ញាសម្គាល់នៃទំនាក់ទំនងដែលយើងចង់បង្កើតរវាងសាសនាយើងទាំងពីរ។»

លោកបានបន្ថែមថា ការបង្កើតទំនាក់ទំនងដោយយល់ចិត្តគ្នារវាងពុទ្ធសាសនានិងគ្រីស្តសាសនា គឺសំខាន់ណាស់ ព្រោះមនុស្សគ្រប់រូបត្រូវធ្វើដំណើរជាមួយគ្នាក្នុងជីវិតប្រចាំថ្ងៃ។ សហប្រតិបត្តិការនេះស្តែងឡើងតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនដូចជា ការជួយបងប្អូនភៀសសឹក និងទាហានជួរមុខក្នុងពេលមានជម្លោះព្រំដែនខ្មែរ-ថៃ និងការចែកស្បៀងអាហាររួមគ្នាក្នុងអំឡុងពេលកូវីដ-១៩ ជាដើម។

លោកអភិបាល​បានរំលឹកថា ធម៌មេត្តាករុណា​និង​ចិត្ត​អាណិតមេត្តា មានសារៈសំខាន់​ក្នុងសាសនា​របស់យើង​ទាំងពីរ។ ហើយ​ក្នុងពេល​មាន​កម្មវិធី​សំខាន់​រវាងសាសនាទាំងពីរ ដូចជា​បុណ្យព្រះយេស៊ូប្រសូត ភ្ជុំបិណ្ឌ ចូលឆ្នាំ​ប្រពៃណីខ្មែរ ជាឱកាសដែលយើង​បាន​ជួបជុំគ្នា​ សួរសុខទុក្ខគ្នាទៅវិញទៅមក​ ហើយ​ក៏រួមគ្នាជួយឧបត្ថម្ភដល់​គ្រួសារក្រីក្រ​ក្នុងតំបន់ ដើម្បីលើកទឹកចិត្ត​គ្នា​។

លោកអភិបាល​បញ្ជាក់​ថា «នេះជា​សញ្ញាមួយដែលយើង​កសាងសុខសន្តិភាព​តាមរយៈធម៌មេត្តាករុណាយ៉ាងជាក់ស្តែង»។​

សាសនាជាស្ពាននាំមកនូវសុខដុមរមនានិងភាតរភាព

លោកអភិបាល អូលីវីយ៉េ បានអំពាវនាវឱ្យគ្រប់សាសនាទាំងអស់រួមគ្នារក្សាសន្តិភាព និងផ្តល់​ផល​ប្រយោជន៍រួម​សម្រាប់​ប្រទេសជាតិ ក៏ដូចជា​ពិភពលោកទាំងមូល ដោយលោកមានប្រសាសន៍បន្តថា៖

«តួនាទីសាសនាគឺធ្វើ​ដូចម្តេចដើម្បីឱ្យយើងជាពុទ្ធបរិស័ទក្តី គ្រីស្តបរិស័ទក្តី អ៊ីស្លាមបរិស័ទក្តី ឱ្យយើងយល់ថាពិភពលោកជាទ្រព្យសម្បត្តិដែលយើងបានទទួល និងយើងទាំងអស់គ្នាជាបងប្អូន។ យើងជាបងប្អូនគ្នាពិតមែន ទោះបីសាសនាខុសគ្នាក៏ដោយ ហើយជីវិត​របស់យើង​មានតម្លៃថ្លៃថ្នូរ ដែលយើង​គិត​មិនដល់ ហើយ​យើង​ត្រូវ​ធ្វើដូចម្តេចដើម្បីឱ្យសេចក្តីសុខ និងសន្តិភាពនៅបន្ត។»

បន្ថែមពីលើនេះ លោកអភិបាលបានរំលេចសារដាស់តឿនយ៉ាងស៊ីជម្រៅទៅកាន់ស្រទាប់យុវជនជំនាន់ក្រោយអំពីតម្លៃពិតប្រាកដនៃសន្តិភាពថា «ពិតមែន យើងជាបងប្អូននឹងគ្នា ជួយគ្នា យើងកសាងពិភពលោករបស់យើង និងខ្ញុំសង្ឃឹម(ថា) ទំនាក់ទំនងដែលយើងមាននៅទីនេះ អាចទៅជាកម្លាំង ដើម្បីជំរុញដល់យុវជនយុវនារី ឱ្យយល់ថាយើងចង់មានសុខសន្តិភាពពិតមែន។ ដោយសារយើងដឹងហើយ សំឡេងអាវុធឮសំឡេងយ៉ាងខ្លាំងណាស់ ប៉ុន្តែពេលយើងនិយាយអំពីសន្តិភាពជាសំឡេងខ្សឹបៗ ប៉ុន្តែ(បើ)សន្តិភាពស្ថិតស្ថេរ នាំឱ្យយើងទៅមុខ។»

លោកក៏បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាល និងក្រសួងធម្មការនិងសាសនា ដែលបានបង្កលក្ខណៈងាយស្រួលដល់សុខដុមរមនារវាងសាសនានិងសាសនា និងនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិ ដែលលោកចាត់ទុកថាជា «ទ្រព្យសម្បត្តិដែលមានតម្លៃ»

ការដឹងគុណចំពោះស្មារតីលះបង់ដើម្បីសហគមន៍

នៅក្នុងពិធីនោះដែរ ព្រះភិក្ខុចិរវឌ្ឍនោ ង៉ែត ចំរើន ព្រះចៅអធិការវត្តអង្គមន្ត្រី ដែលបាន​ទទួល​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍នេះដែរ បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលអូលីវីយ៉េ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកា ក្នុងការរួមចំណែកកសាងសមិទ្ធផលជាច្រើនក្នុងវត្តនេះ តាំងពីឆ្នាំ២០០២ មក ដូចជាសាលាពុទ្ធិកបឋមសិក្សាចំរើនអូលីវីយ៉េ ការឧបត្ថម្ភប្រាក់ខែគ្រូ ចង្ហាន់ព្រះសង្ឃ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។

ព្រះចៅអធិការវត្ត​អង្គនេះ បន្ថែមថា «សមិទ្ធផលនានា​ដែលកើត​មាន​ឡើង​នៅក្នុងវត្តនេះ​ ដូចជា​រូបព្រះពុទ្ធ​បដិមា​…ការកសាងកុដិ មានមួយ​ចំណែក​ធំ គឺ​ថវិការបស់​លោកអភិបាល​អូលីវីយ៉េ»។

ក្នុងរយៈកាលលជាច្រើនឆ្នាំកន្លងមក លោកអិបាលអូលីវីយ៉េ បានរួមចំណែកយ៉ាងខ្លាំងលើការប្រកាសដំណឹងល្អ បម្រើប្រជាជនតូចតាច តាមរយៈសកម្មភាពមេត្តាករុណា ក្នុងវិស័យអប់រំ សិល្បៈ វប្បធម៌ សុខាភិបាល សង្គមកិច្ច និងពុទ្ធសាសនា។ ដើម្បីលើកទឹកចិត្តនិងដឹងគុណចំពោះការលះបង់ បម្រើ និងស្រឡាញ់ចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាល បានប្រគល់ជូនមេដាយ និងគ្រឿងឥស្សរិយយស ជាបន្តបន្ទាប់ រួមមាន៖គ្រឿងឥស្សរិយយសជាតូបការ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសិរីវឌ្ឍន៍ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសិរីវឌ្ឍន៍ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ និងមេដាយមាសស្ថាបនាជាតិ។

ជាមួយគ្នានេះ លោកអភិបាលអូលីវីយ៉េក៏បានទទួលសញ្ជាតិខ្មែរ ក្រោមការប្រោសប្រទានរបស់ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា។ ទាំងនេះស្តែងឱ្យឃើញពីការទទួលស្គាល់ចំពោះបេសកកម្មដើម្បីសន្តិភាព និងការអភិវឌ្ឍដ៏ពិតប្រាកដនៅកម្ពុជា៕

ដោយ​​​ កែវ កញ្ញា

Facebook
Twitter
LinkedIn