ប្រវត្តិសាស្ត្រថ្មីនៃសុខដុមនីយកម្មសាសនា៖ លោកអភិបាល អូលីវីយ៉េ ទទួលគោរមងារជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍» ពីគណៈសង្ឃពុទ្ធសាសនាកម្ពុជា

ភ្នំពេញ — ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសុខដុមនីយកម្មសាសនានៅកម្ពុជា លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ ត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជាប្រកាសតែងតាំង និងប្រគល់គោរមងារជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍»។ ពិធីប្រគល់ព្រះរាជប្រកាសនីយបត្រនេះ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវត្តបទុមវតីរាជវរារាម នារាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការរួមដំណើរ កសាងសុខដុមរមនារវាងគ្រិស្តសាសនានិងព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព។ មានថេរដីកាក្នុងឱកាសនោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ នៃគណៈមហានិកាយកម្ពុជា បានលើកឡើងថា ទោះបីជាច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាងច្បាស់លាស់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែរដ្ឋក៏បានផ្តល់សេរីភាពយ៉ាងពេញលេញដល់ប្រជាពលរដ្ឋក្នុងការគោរពជំនឿសាសនាផ្សេងៗ ដោយគ្មានការបង្ខិតបង្ខំ។ អ្វីដែលពិសេសគឺការលើកកម្ពស់សុខដុមនីយកម្មសាសនា តាមរយៈការគោរពគ្នាទៅវិញទៅមក។ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត បានបញ្ជាក់បន្ថែមថា ការផ្តល់គោរមងារជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍» ជូនដល់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ នៅពេលនេះ គឺជាកិត្តិយសដ៏ប្រពៃ និងជាការលើកទឹកចិត្ត ក៏ដូចជាការសម្តែងនូវការគោរពចំពោះលោកអភិបាល ដែលជាអ្នកមានឧបការៈគុណយ៉ាងធំធេងចំពោះព្រះពុទ្ធសាសនា តាមរយៈការជួយឧបត្ថម្ភទ្រទ្រង់ និងកសាងសមិទ្ធផលនានាជាច្រើន ដែលជាឧត្តមប្រយោជន៍ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងឱកាសដ៏វិសេសវិសាល និងពោរពេញដោយអត្ថន័យនេះ លោកអភិបាល អូលីវីយ៉េ បានសម្តែងនូវក្តីអំណរ និងបានរំលឹកពីការចាប់ផ្តើមនៃទំនាក់ទំនងនេះថា កាលពីលោកនៅជាបូជាចារ្យ (លោកឪពុក) ទទួលខុសត្រូវនៅព្រះវិហារសន្តម៉ារីញញឹម ភូមិចំការទៀង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ លោកបានចាប់ ផ្តើមធ្វើដំណើររួមគ្នាជាមួយពុទ្ធសាសនាភ្លាមៗ ដោយបានរួមគ្នាជាមួយវត្តអង្គមន្ត្រី កសាងផ្លូវប្រវែង ២គីឡូម៉ែត្រ ដើម្បីធ្វើដំណើររួមគ្នា និងបានបន្តពង្រីកទំនាក់ទំនងរហូតមក។ លោកអភិបាលបានមានប្រសាសន៍បន្តថា៖ «នៅពេលខ្ញុំទទួលមុខជាលោកអភិបាល ខ្ញុំបានឈានចូលដល់កម្រិតមួយទៀត គឺការមានទំនាក់ទំនងផ្ទាល់ជាមួយសម្ដេចព្រះសង្ឃរាជ និងថ្នាក់ដឹកនាំពុទ្ធសាសនាទូទាំងប្រទេស»។ ជាសក្ខីភាពនៃកិច្ចសហការដ៏ជិតស្និទ្ធ លោកអភិបាលអូលីវីយ៉េបានគាំទ្រដល់ការបង្កើតសាលាពុទ្ធិកបឋមសិក្សានៅវត្តអង្គមន្ត្រី ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សបានសិក្សាភាសាបាលី សំស្ក្រឹត និងចំណេះដឹងទូទៅ។ នេះជាគំរូឆ្លុះបញ្ចាំងពីការរួមគ្នាក្នុង ធម៌មេត្តាករុណា ដើម្បីអភិវឌ្ឍមនុស្ស។ លើសពីនេះ ក្នុងគ្រាលំបាកដូចជាសម័យកាលកូវីដ-១៩ និងអំឡុងពេលមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លោកអភិបាលអូលីវីយ៉េ និងចៅអធិការវត្តនានាក្នុងស្រុកត្រាំកក់ បានចុះទៅដល់ទីតាំងជនភៀសសឹកតាមវត្តអារាមនានា ដើម្បីចែកជូនសម្ភារៈ និងស្បៀងអាហារ ដែលបានមកពីការចូលរួមបរិច្ចាគទានពីទាំងគ្រិស្តបរិស័ទ និងពុទ្ធបរិស័ទ។ លោកអភិបាលអូលីវីយ៉េបានចាត់ទុកសកម្មភាពទាំងនេះថាជាសញ្ញាសម្គាល់នៃការកសាងសុខដុមរមនាក្នុងចិត្តរបស់មនុស្ស និងនៅក្នុងប្រទេសជាតិ។ លោកអភិបាលអូលីវីយ៉េ ក៏បានរំលឹកពីព្រឹត្តិការណ៍ធំៗចំនួន៣ ដែលបង្ហាញពីភាពស្អិតរមួតរវាងសាសនាទាំងពីរ៖ – សិក្ខាសាលាអន្តរជាតិ៖ កិច្ចសហការរវាងសន្តិអាសនៈ (បុរីវ៉ាទីកង់) ជាមួយពុទ្ធសាសនា និងគ្រីស្ត សាសនាទូទាំងកម្ពុជា និងអាស៊ី ដែលមានអ្នកចូលរួមប្រមាណ១៥០ នាក់ រួមមាន សម្ដេចព្រះសង្ឃរាជ ព្រះសង្ឃ លោកអភិបាល និងនិស្សិតមកពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីរួមគ្នាគិតគូរពីការកសាងសុខសន្តិភាព។ – ធម្មយាត្រារួមគ្នានៅប្រទេសឥណ្ឌា៖ កាលពីបីឆ្នាំមុន លោកអភិបាលអូលីវីយ៉េផ្ទាល់បានធ្វើធម្មយាត្រារយៈពេលបីសប្ដាហ៍នៅប្រទេសឥណ្ឌា រួមដំណើរជាមួយព្រះសង្ឃខ្មែរ ១១ អង្គ ព្រមទាំងយាយជី និងលោកតាអាចារ្យចំនួន ៥០ នាក់ ដើម្បីទស្សនកិច្ចនៅវត្តខ្មែរចំនួន ៩ កន្លែង។ – ការគោរពវិញ្ញាណក្ខន្ធសម្ដេចប៉ាប៖ នៅពេលសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានសោយទិវង្គត គណៈប្រតិភូពុទ្ធសាសនា (មហានិកាយ និងធម្មយត្តិ) បាននិមន្តទៅគោរពវិញ្ញាណក្ខន្ធរបស់សម្ដេចប៉ាបផងដែរ។ ជាមួយគ្នានេះលោកអភិបាល អូលីវីយ៉េ បានសង្កត់ធ្ងន់ថា ការទទួលបានគោរមងារជា «អគ្គមហាឧបាសកសាសនូបត្ថម្ភ» នៅថ្ងៃនេះ គឺជាការទទួលស្គាល់នូវរបៀបដែលព្រះសគមន៍កាតូលិក និងសាសនាព្រះពុទ្ធ ធ្វើដំណើររួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ។ លោកបានបញ្ជាក់ថា៖ «នៅពេលប្រទេសកម្ពុជាពោរពេញដោយសេចក្ដីសុខ ក៏មានឥទ្ធិពលសម្រាប់ពិភពលោកដែរ។ នេះជាសញ្ញាសម្គាល់ នៅពេលសាសនាធ្វើដំណើររួមគ្នា យើងយល់ថា ពិភពលោកនឹងមើលឃើញសុខសន្តិភាព»។ ទន្ទឹមនឹងនេះ លោកអភិបាលក៏បានថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងធម្មការ និងសាសនា ដែលជានិច្ចកាលតែងតែគាំទ្រ លើកទឹកចិត្ត និងរួមដំណើរជាមួយគ្រប់សាសនា ដើម្បីបន្តកសាងប្រទេសជាតិឱ្យទទួលបានសុខសន្តិភាព និងសុខដុមរមនាដ៏ពេញលេញ៕

Facebook
Twitter
LinkedIn