គ្រឹះដ្ឋានអប់រំកាតូលិកនៅខេត្តតាកែវ សហការគ្នារៀបចំសិក្ខាសាលា ស្តីពី «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»

ខេត្តតាកែវ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសន្តប៉ូល បានសហការជាមួយវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីតាំងវិទ្យាស្ថានផ្ទាល់ ស្ថិតក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសិក្ខាកាមចូលរួមយ៉ាងកុះករជាង ១០០ នាក់។ សិក្ខាសាលានេះ មានបណ្ឌិត យុន ផន ជាសាស្ត្រាចារ្យសាកលវិទ្យាល័យនៅភ្នំពេញ និងជាទីប្រឹក្សាក្រុមហ៊ុនធំៗនៅកម្ពុជា ធ្វើជាវាគ្មិនកិត្តិយសដើម្បីចែករំលែកចំណេះដឹង។ បណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានលើកឡើងពីគោលបំណងចម្បងនៃកម្មវិធីនេះថា៖ ផ្តល់ចំណេះដឹង គន្លឹះ និងបទពិសោធន៍ល្អៗក្នុងការកសាងផ្នត់គំនិតវិជ្ជមាន។ ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងអភិវឌ្ឍសក្តានុពលផ្ទាល់ខ្លួន។ ត្រៀមលក្ខណៈកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ស្ថាប័ន និងសង្គមជាតិ។ ជម្រុញការសហការគ្នាយ៉ាងស្អិតរមួតរវាងនិស្សិត បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដើម្បីភាពរីកចម្រើនក្នុងស្ថាប័ន។ លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានតម្លៃខ្លាំងណាស់សម្រាប់ សម្រាប់បុគ្គលិក និងគណៈគ្រប់គ្រង៖ ជាការលើកទឹកចិត្ត និងជម្រុញកម្លាំងបន្ថែមក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងពង្រឹងទំនាក់ទំនង និងមិត្តភាពក្នុងកន្លែងការងារ។ លោកនាយករូបនេះបន្តថា សម្រាប់សិស្សឆ្នាំទី៣ (ជំនាញសេដ្ឋកិច្ច និងជំនាញការិយាល័យគ្រប់មុខ)៖ ជាការរៀបចំខ្លួន និងយល់ដឹងពីរបៀបបំពេញការងារជាក់ស្តែងនៅខាងក្រៅ មុនពេលពួកគេត្រូវបញ្ចប់ការសិក្សាផ្នែកអប់រំបច្ចេកទេសក្នុងរយៈពេល ៣ ខែខាងមុខនេះ។ ការណ៍នេះនឹងជួយឱ្យពួកគេមានភាពជឿជាក់ក្នុងការប្រកួតប្រជែងទីផ្សារការងារ ឬបន្តការសិក្សានៅកម្រិតខ្ពស់ទៀត។ បើតាមការបញ្ជាក់របស់បណ្ឌិត ផុន សុផល វិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ គឺជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ស្ថិតក្រោមការគ្រប់គ្រង និងឧបត្ថម្ភរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ស្ថាប័នទាំងពីរនេះ បានផ្តល់ឱកាសមាសដល់កូនចៅកសិករក្រីក្រ ទាំងក្នុងខេត្តតាកែវ និងមកពីតំបន់ឆ្ងាយៗ ឱ្យទទួលបានការអប់រំតាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា។ កន្លងមក ស្ថាប័នទាំងពីរតែងតែសហការគ្នាយ៉ាងសកម្មក្នុងការបង្កើតសិក្ខាសាលាជាច្រើន ដែលផ្តោតលើការអភិវឌ្ឍចំណេះដឹង-ជំនាញ ការចូលរួមកសាងសន្តិភាព និងការការពារបរិស្ថានផងដែរ។
អត្ថបទដោយ៖ ឆាក លាំង

Facebook
Twitter
LinkedIn