អត្ថបទព្រះគម្ពីរប្រចាំ ថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គជាប្រភពនៃជីវិតគ្រប់យ៉ាង ព្រះអង្គក៏បានប្រទានសញ្ញាសម្គាល់នានា​ឱ្យ​​ម​នុស្សលោកអាចស្គាល់ព្រះអង្គបានដែរ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំភ្ជាប់ចិត្តនឹងព្រះអង្គជានិច្ច កុំ​យក​ធន​ធាន​ ការភ្លើតភ្លើន ឬព្រះក្លែងក្លាយមកគោរពឡើយ។ សូមឱ្យយើងខ្ញុំបែរមករកព្រះអង្គជាព្រះបិតាដែលសោយរាជ្យ​រួម​ជាមួយព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៤,៥-១៨

នៅក្រុងអុីកូញុម សាសន៍ដទៃ និងសាសន៍យូដាផ្សំគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេចង់ធ្វើបាប និងចង់​យក​ដុំថ្មគប់សម្លាប់លោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរយល់ឃើញ​ថាសភាពការណ៍​មិន​ស្រួលក៏រត់​ភៀស​ខ្លួនទៅស្រុកលីកាអូនី គឺទៅក្រុង​លីស្ត្រា និងក្រុង​ឌែរបេ ព្រមទាំងតំបន់ដែលនៅជុំវិញ ហើយប្រកាសដំណឹងល្អនៅទីនោះ។ នៅក្រុងលីស្ត្រាមានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ គាត់អង្គុយ​ស្តាប់​​លោ​​​​ក​​ប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរឱ្យទ​ទួល​ការ​សង្គ្រោះ​បាន ​លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើងឈរឱ្យត្រង់!»។ បុរស​នោះ​ស្ទុះក្រោក​ឈរឡើង ហើ​យ​ដើរបាន។ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើនោះ គេក៏នាំគ្នាស្រែកហ៊ោ​ឡើងជា​ភាសា​លីកា​អូនីថា៖«ព្រះនិម្មិតមកជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ គេហៅ​លោក​បារណា​បាសថា៖ «ព្រះសឺស» និង​ហៅ​លោកប៉ូលថា «ព្រះហ៊ែរម៉េស» ព្រោះលោកជាអ្នកនាំពាក្យ។ បូជាចារ្យរបស់ព្រះសឺសដែលមានវិហារ​ទល់​មុខ​នឹង​ទីក្រុង នាំគ្នាដឹកគោឈ្មោលតុបតែងលម្អដោយភួងផ្កាមកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយ​មហាជន។ កាលលោកបារណាបាស និងលោកប៉ូលឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយ​ស្ទុះរត់ទៅរក​ប្រ​ជា​ជនទាំងស្រែកឡើងថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើង​ខ្ញុំក៏​ជា​មនុស្ស​ធម្មតា​ដូច​បង​ប្អូន​ដែរទេតើ។ យើ​ង​​ខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំព្រះក្លែងក្លាយទាំងនេះ ហើយបែរ​មក​​រក​ព្រះជាម្ចាស់ដ៏មានព្រះជន្មវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាន​នៅទី​ទាំង​​​​នោះផង។ នៅជំនាន់មុនៗ ព្រះអង្គបានបណ្តោយឱ្យជាតិសាសន៍នានាដើរតាមមាគ៌ារៀងៗខ្លួន។ ក៏ប៉ុន្តែ ទោះ​ជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឱ្យគេបានស្គាល់​ព្រះ​អង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឱ្យបងប្អូនមានម្ហូបអាហារ​ដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។ ទោះបីលោកទាំងពីរមានប្រសាសន៍​ដូច្នេះក្តី ក៏លោករក​ឃាត់​មហា​ជន​មិនឱ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។

ទំនុកតម្កើងលេខ ១១៥ (១១៣ខ), ១-៤.១៥-១៦ បទកាកគតិ

បពិត្រព្រះម្ចាស់ ខ្ញុំមិនគួរសោះ ឱ្យគេតម្កើង
មានតែព្រះអង្គ ទើបត្រូវលើកឡើង ឱ្យខ្ពស់ថ្កុំថ្កើង
ព្រោះទ្រង់សប្បុរស
ម្តេចក៏ប្រជា គ្រប់ជាតិនានា នាំគ្នាសួរស្រុះ
មកយើងខ្ញុំថា «ពួកឯងទាំងអស់ តើព្រះឯងនោះ
ស្ថិតនៅឯណា?»
ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា
ទ្រង់សព្វព្រះទ័យ ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ
បានឥតមានទាស់
ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ
ខ្លះធ្វើពីឈើ គគីរកកោះ ពីប្រាក់ពីមាស
ជាព្រះមនុស្សច្នៃ
១៥ សូមអ្នកទទួល កុំបីអំពល់ ពីម្ចាស់មេឃដី
ទ្រង់ប្រទានពរ បវរសួស្តី ព្រះអម្ចាស់ថ្លៃ
ជាព្រះយើងពិត
១៦ ផ្ទៃមេឃវែងឆ្ងាយ សន្លឹមអន្លាយ គឺជាកម្មសិទ្ធិ
របស់ព្រះម្ចាស់ តែមួយអង្គគត់ ព្រះអង្គអាណិត
ឱ្យដីមកមនុស្ស

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អភ ២,១៨

អាលេលូយ៉ា! អាលេលូយ៉ា!
ដោយសារព្រះលោហិតព្រះគ្រីស្ត។ យើងមានផ្លូវចូលទៅកាន់ព្រះបិតា ដោយ​រួម​ក្នុង​ព្រះ​វិញ្ញាណតែមួយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,២១-២៦

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សាវ័កថា៖ «អ្នកណាមានវិន័យរបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រ​ឡាញ់​អ្នក​ដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ។ ខ្ញុំនឹងបង្ហាញឱ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។ លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្តេច​បានជា​ព្រះ​អង្គ​បង្ហាញឱ្យតែយើងខ្ញុំស្គាល់ព្រះអង្គ មិនឱ្យមនុស្សលោកស្គាល់ផងដូច្នេះ?»។ ព្រះយេស៊ូមាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ​ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយ​ព្រះ​បិ​តា​ និង​ខ្ញុំក៏នឹងមកតាំងលំនៅនៅក្នុងអ្នកនោះដែរ។ អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យ​ដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក។ ខ្ញុំ​​បាន​ប្រាប់សេចក្តីទាំងនេះឱ្យអ្នករាល់គ្នាដឹង ក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ ប៉ុន្តែ ​ព្រះ​អង្គ​ដែល​ជួយ​ការ​ពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឱ្យមកក្នុងនាមខ្ញុំ ទ្រង់នឹង​បង្រៀន​សេចក្តី​ទាំង​អស់​ដល់​​អ្នករាល់គ្នា ព្រមទាំងរម្លឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់អស់អ្នកដែលស្រឡាញ់ព្រះយេស៊ូ សូម​ទ្រង់​ព្រះមេត្តា​ប្រោស​ប្រ​ទានឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ ដោយប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះយេស៊ូ។ សូម​ព្រះ​បិតាយាងមកតាំងទីលំនៅក្នុងយើងខ្ញុំ រួមជាមួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយ​រាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំចូលរួម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះ​យេស៊ូជាព្រះបុត្រារបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យ​យាង​មក​បង្រៀន​យើងខ្ញុំ ព្រម​ទាំង​រំឭកយើងខ្ញុំនូវអ្វីៗទាំងអស់ដែលព្រះយេស៊ូមានព្រះបន្ទូលប្រាប់យើងខ្ញុំផង។ សូម​ព្រះវិញ្ញាណ​ការពារយើងខ្ញុំ និងប្រ​​ទានកម្លាំងក្លាហានឱ្យយើងខ្ញុំ អាចប្រព្រឹត្តតាមព្រះបន្ទូលទាំងនោះផង។

Facebook
Twitter
LinkedIn