លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU) ក្រោមប្រធានបទ «Global capacity building workshop on AI and digital transformation human resource development for an AI driven world». នាយកសាលារូបនេះបន្ថែមថា ក្រោយឆ្លងកាត់វគ្គបណ្ទុះបណ្តាលរយៈពេល៣ថ្ងៃនេះ គាត់បានឃើញថាប្រទេសកូរ៉េ បានប្រើបច្ចេកវិទ្យា ឌីជីថល និង A.I នេះយ៉ាងទំលំទូលាយ ដែលបានសម្រួលដល់ការងារប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េយ៉ាងល្អប្រសើរ។ បច្ចេកវិទ្យា ឌីជីថល និងA.I មិនត្រឹមតែឆ្លើយតបចំពោះជីវភាពរស់នៅប្រចាំថ្ងៃនោះទេ ប៉ុន្តែ វាបានចូលរួមយ៉ាងសកម្ម ហើយជំរុញឲ្យវិស្ស័យផ្សេងទៀតមានការរីកចំរើនខ្លាំងខ្លា។ លោកសំអាតបន្តថា កាន់តែពិសេសជាងនេះទៅទៀតនោះ សម្រាប់សិស្ស និស្សិត ដែលគាត់មានចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យានេះ អាចជួយសម្រួលដល់ការរៀនសូត្រ ស្វែងរកឯកសារសិក្សាបន្ថែមកាន់តែទូលំទូលាយ និងអោយសិស្សអាចមានឱកាសស្វែងរកការងារបានល្អៗ និងមានប្រាក់ខែខ្ពស់ផងដែរ។ លោករំពឹងថា ថ្ងៃអនាគតកូនសិស្សសន្តហ្វ្រង់ស្វ័រ នឹងទទួលបានផលផ្លែ ជាវិជ្ជមានពីបច្ចេកវិទ្យា ឌីជីថល និងអេអាយនេះសម្រាប់ប្រើប្រាស់ក្នុងអាជីពការងាររៀងៗខ្លួន។ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជន សន្តហ្វ្រង់ស្វ័រ ជាសាលារបស់ព្រះសហគមន៍កាតូលិក បង្កើតឡើងក្នុងឆ្នាំ២០១៥ មានបង្រៀនមុខជំនាញចំនួនពីរ គឺផ្នែកក្សេត្រសាស្រ្ត និងផ្នែកទេសចរណ៍ ហើយនៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ ខាងមុខនេះ និងបន្ថែមមួយជំនាញមួយទៀតគឺ Digital Art and A.I។ សាលានេះស្ថិតនៅក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ៕
ដោយ ឆាក លាំង






