នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ លោកអភិបាល អេនរីគេ ហ្វីការេដូ (Enrique Figaredo) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខគ្រីស្តបរិស័ទ ដែលជាអតីតសិស្សស្នាក់នៅមណ្ឌលអារ៉ូពេ (Arrupe) ក្រុងបាត់ដំបង។ បច្ចុប្បន្ន គ្រួសារនេះបានផ្លាស់ប្តូរទីលំនៅទៅកាន់ផ្ទះថ្មីជាបណ្តោះអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាល ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីលំនៅដ្ឋានដើមនៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ បានរងការខូចខាត និងកំពុងស្ថិតក្រោមការគ្រប់គ្រងដោយទាហានថៃ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកគង្វាល អេនរីគេ ហ្វីការេដូ បានប្រោះព្រំ ប្រទានពរ និងអធិដ្ឋានជូនពរដល់ក្រុមគ្រួសារ ព្រមទាំងគេហដ្ឋានថ្មីរបស់ពួកគេ។ ការប្រោះព្រំនោះ មិនត្រឹមតែជាការជូនពរឱ្យទទួលបានសេចក្តីសុខសាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកថា ពួកគេស្ថិតនៅក្នុងការគាំពារដ៏កក់ក្តៅរបស់ព្រះជាម្ចាស់ជានិច្ច។ លោកអភិបាល អេនរីគេ ហ្វីការេដូ តែងតែយកចិត្តទុកដាក់អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តកូនចៅដែលលោកបានស្គាល់គ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ វត្តមានរបស់លោក ជាពិសេសក្នុងគ្រាដ៏លំបាក គឺជាសក្ខីភាពបង្ហាញពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះបងប្អូនទាំងអស់ ដែលបងប្អូនទាំងនោះគឺជាព្រះវត្តមានដ៏វិសេសវិសាលរបស់ព្រះជាម្ចាស់៕






