អត្ថបទព្រះគម្ពីរប្រចាំ ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយព្រះប្រាជ្ញាញាណវាងវៃ ព្រះអង្គតែងតែណែនាំព្រះសហគមន៍តាមព្រះហឫទ័យព្រះអង្គ។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យដោះស្រាយបញ្ហានៃព្រះសហគមន៍សព្វថ្ងៃ ក្រោមពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យព្រះបន្ទូលព្រះអង្គបានឮសុសសាយពាសពេញក្នុងពិភពលោកផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៦,១-៧

នៅគ្រានោះ ចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ គ្រីស្តបរិស័ទដែល​និយាយភាសាក្រិកនាំគ្នារអ៊ូរទាំ​ទាស់​នឹង​គ្រីស្តបរិស័ទជាតិយូដាដែល​និយាយ​ភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិ​នសូវ​យក​ចិត្ត​ទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ គ្រីស្តទូតទាំងដប់ពីរនាក់ក៏កោះ​ហៅ​ក្រុមសាវ័កទាំងអស់មក ហើយ​មានប្រសាសន៍ថា៖ «មិនគួរឱ្យយើងចោលការ​ប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ ហេតុនេះ បង​ប្អូន​អើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីរនាក់ក្នុងចំណោមបងប្អូន ដែលជា​អ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរ​ពេញដោយព្រះវិញ្ញាណ និងប្រា​ជ្ញាឈ្លាសវៃ។ យើង​នឹង​តែងតាំងគេឱ្យបំពេញមុខងារនេះ។ រីឯយើងវិញ យើងនឹងគិតតែ​ពីអធិដ្ឋាន និងបម្រើព្រះបន្ទូល»។ ក្រុមសាវ័កទាំងប៉ុន្មានពេញចិត្តនឹងសេចក្តីស្នើនេះណាស់ គេក៏​ជ្រើស​យក​លោក​ស្ទេផាន ដែលពោរពេញដោយជំនឿ និង​ដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកភីលីព លោកប្រូគ័រ លោកនីកាន័រ លោក​ទីម៉ូន លោកប៉ាមេណាស និងលោកនីកូឡាសជាអ្នកស្រុកអន់ទីយ៉ូក ដែលចូល​សាសនាយូដា។ គេនាំអ្នកទាំង​នោះ​មកជួបក្រុមគ្រីស្តទូត ក្រុមគ្រីស្តទូតក៏នាំគ្នា​អធិដ្ឋាន ហើយដាក់ដៃពីលើអ្នកទាំងនោះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ។ ចំនួន​សាវ័ក​នៅក្រុងយេរូសាឡឹមបានកើន​ឡើង​ជាច្រើនឥតគណនា ហើយមានពួកបូជា​ចារ្យដ៏ច្រើនលើសលប់សុខចិត្តប្រតិបត្តិតាមជំនឿដែរ។

ទំនុកតម្កើងលេខ ៣៣ (៣២), ១-២.៤-៥.១៨-១៩ បទព្រហ្មគីតិ

មនុស្សដែលសុចរិត អបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ ដែលចិត្តចង់កោតសរសើរ
ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្តើរ ដេញបង្ហើរខ្សែដប់ថ្វាយ
ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែង ខំសម្តែងដោយអំណរ
ពីហឫទ័យបវរ ករុណាល្អព្រះជាម្ចាស់
១៨ ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ ក៏សប្បុរសមានមេត្តា
១៩ ព្រះអង្គបានសង្គ្រោះ គេឱ្យរស់មានសង្ខារ
ផុតពីក្តីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន

អបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តជាព្រះនៃយើងមានព្រះជន្មរស់ឡើងវិញ! ព្រះអង្គជាព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងជាព្រះសង្គ្រោះរបស់មនុស្សលោក!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,១៦-២១

ព្រះយេស៊ូបានប្រទាននំប៉័ងឱ្យប្រជាជនប្រាំពាន់នាក់រួចហើយ លុះដល់​ល្ងាច ក្រុមសាវ័កនាំគ្នាចុះទៅមាត់សមុទ្រ។ គេជិះទូកឆ្លងទៅភូមិកាផានុម នៅត្រើយ​ម្ខាង។ ពេលនោះងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្តាលឱ្យទឹកសមុទ្រមានរលកធំៗ។ កាល​គេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូ​យាងលើសមុទ្រចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះ​យេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី!»។ ក្រុមសាវ័កចង់យាង​ព្រះអង្គចូលមកក្នុងទូក តែរំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែល​គេ​បម្រុងនឹងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយព្រះប្រាជ្ញាញាណយ៉ាងឈ្លាសវៃ ព្រះអង្គណែនាំព្រះសហគមន៍អាចឱ្យពុះពារឧបសគ្គនានាបាន។ នៅពេលថ្វាយអភិបូជានេះ សូមព្រះអង្គទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកផ្តល់សេចក្តីសុខសាន្តដ៏ពិតប្រាកដ ដល់ព្រះសហគមន៍ ជាព្រះកាយព្រះគ្រីស្ត គឺព្រះវិញ្ញាណដែលគង់នៅជាមួយព្រះបិតា និងព្រះបុត្រា អស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តធ្វើជាអាហារសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំជឿជាក់ថា ព្រះបុត្រាព្រះអង្គគង់នៅជាមួយយើងខ្ញុំជានិច្ច និងណែនាំ ព្រះសហគមន៍ផង។

Facebook
Twitter
LinkedIn