លោកអភិបាលអូលីវីយ៉េ អញ្ជើញគ្រីស្តបរិស័ទរស់នៅក្នុងពន្លឺ និងសេចក្ដីសុខសាន្តក្នុងរដូវរង់ចាំ

ភ្នំពេញ/កំពត៖ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃអាទិត្យទី១ នៃរដូវរង់ចាំ ឬរដូវអបអរសាទរបុណ្យព្រះយេស៊ូយាងមក បានចាប់ផ្ដើមឡើងដោយមានអត្ថន័យជ្រាលជ្រៅសម្រាប់គ្រីស្តបរិស័ទកាតូលិក។ ក្នុងឱកាសដ៏វិសេសនេះ លោកអភិបាលអូលីវីយ៉េ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញទៅសួរសុខទុក្ខគ្រីស្តបរិស័ទ និងបានថ្វាយអភិបូជាដ៏ឧឡារិកនៅព្រះវិហារសន្តយ៉ូសែប ជុំគីរី ដែលស្ថិតនៅក្នុងមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកតំបន់កំពត។ នៅក្នុងធម្មទេសនាលោកអភិបាលអូលីវីយ៉េ បានអញ្ជើញគ្រីស្តបរិស័ទទាំងអស់ នៅរដូវរង់ចាំនេះ ត្រៀមខ្លួនទទួលព្រះយេស៊ូគ្រីស្តតាមរយៈការអនុវត្តជាក់ស្ដែង៖ 1. យកចិត្តទុកដាក់បំពាក់អាវនៃពន្លឺ គឺព្រះយេស៊ូផ្ទាល់។ 2. យកចិត្តទុកដាក់អធិដ្ឋាន ដើម្បីទូលអង្វរសូមឱ្យសេចក្តីសុខសាន្តយាងមក តាមរយៈ ព្រះយេស៊ូគ្រីស្តជាអម្ចាស់ និងតាមរយៈរបៀបដែលយើងយកចិត្តទុកដាក់កែប្រែចិត្តគំនិតឱ្យស្របទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ 3. ត្រៀមខ្លួនដើម្បីរស់នៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីឲ្យជីវិតរបស់យើងភ្លឺស្វាងនៅក្នុងព្រះពន្លឺរបស់ព្រះគ្រីស្ត និងនៅក្នុងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ផ្ទាល់។ លោកអភិបាលបានសង្កត់ធ្ងន់ថា ក្នុងនាមជាគ្រីស្តបរិស័ទ យើងត្រូវ «រួមគ្នាធ្វើដំណើរខ្ពស់ទៅកាន់សេចក្តីសុខសាន្ត» និង «ត្រៀមខ្លួនដើម្បីកោតសសើរព្រះយេស៊ូដែលកំពុងយាងមក»។

Facebook
Twitter
LinkedIn