កាលពីថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា លោកអភិបាល អូលីវីយ៉េ បានអញ្ជើញទៅសួរសុខទុក្ខ និងថ្វាយអភិបូជា នៅព្រះសហគមន៍កាតូលិកព្រះវិហារ សន្តយ៉ូសែប សែនសុខ យ៉ាងកក់ក្តៅបំផុត ក្នុងឱកាសអបអរសាទរបុណ្យគោរពព្រះគ្រីស្តជាព្រះមហាក្សត្រនៃពិភពលោក។ ក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ បានរំលឹកថា ព្រះយេស៊ូជាស្តេចខុសពីលោកិយ។ ព្រះយេស៊ូមិនមែនជាស្តេចមានអំណាចអាវុធ តែជាស្តេចដែល «លុតជង្គង់លាងជើង» បម្រើអ្នកដទៃ និងសុគតលើឈើឆ្កាងដើម្បីសុខសន្តិភាព និងលាងបាបមនុស្សលោក។
ក្នុងឱកាសនោះ លោកអភិបាលអូលីវីយ៉េ ក៏បានលើកទឹកចិត្តគ្រីស្តបរិស័ទនៅសែនសុខដែលធ្លាប់បានឆ្លងកាត់ទុក្ខលំបាកយ៉ាងច្រើនក្នុងជីវិត ឲ្យរក្សាសេចក្តីសង្ឃឹម និងរួមទុក្ខជាមួយព្រះយេស៊ូ។ ជាចុងក្រោយ លោកបានផ្តាំផ្ញើឲ្យបងប្អូនក្លាយជា៖ សាក្សីនៃសុខសន្តិភាព និងការសម្រុះសម្រួល, ចេះស្រឡាញ់ និងលើកលែងទោសឲ្យគ្នា, និងជាអ្នកផ្ញើជីវិតលើឧបការគុណរបស់ព្រះជាម្ចាស់ ដោយអធិដ្ឋានជានិច្ច។




























































