កាលពីថ្ងៃអង្គារ ទី១៨ ដល់ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វិទ្យាស្ថានសន្តប៉ូល (SPI) បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងពិភាក្សាលើការលើកទិសដៅផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ (២០២៥–២០៣០)។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពផ្ទាល់របស់ លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសន្តប៉ូល។
ជាលទ្ធផលផ្លូវការ កិច្ចប្រជុំបានសម្រេចដាក់ចេញនូវ គោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ៨ ដើម្បីអនុវត្តក្នុងអំឡុងឆ្នាំ ២០២៥–២០៣០ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងគុណភាពខ្ពស់៖
1. កសាងកេរ្តិ៍ឈ្មោះ របស់វិទ្យាស្ថានសន្តប៉ូល។
2. ពង្រឹងធនធានមនុស្ស ប្រកបដោយសមត្ថភាព។
3. បង្កើនចំនួននិស្សិត ដែលមានគុណភាព។
4. ពង្រឹងគុណភាពកម្មវិធីអប់រំ និងធានាការបន្ទាន់សម័យតាម ស្តង់ដារសាកល។
5. កិច្ចសហប្រតិបត្តិការ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
6. អភិរក្ស និងអភិវឌ្ឍ វិទ្យាស្ថាន។
7. ធានាចីរភាព នៃហិរញ្ញវត្ថុរបស់វិទ្យាស្ថាន។
8. រក្សាអត្តសញ្ញាណកាតូលិក។
នៅក្នុងកិច្ចប្រជុំដដែលនោះ លោកអភិបាលអូលីវីយ៉េ ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជាតម្រង់ទិសដៅការងារ។ លោកបានសង្កត់ធ្ងន់លើការអនុវត្តដើម្បីធានាបាននូវ តុល្យភាពដ៏សំខាន់ រវាង គុណភាពនៃការអប់រំ សម្រាប់និស្សិត និង ឯករាជ្យម្ចាស់ការ លើដំណើរការរបស់វិទ្យាស្ថានត្រឹមឆ្នាំ ២០៣០។
បន្ថែមពីនេះ លោកអភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងអំឡុងឆ្នាំសិក្សា ២០២៥–២០២៦ វិទ្យាស្ថានត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំទាំងនិស្សិត ក៏ដូចជាបុគ្គលិកទាំងអស់ ដោយយកចិត្តទុកដាក់ កសាងសន្តិភាព និងលើកទឹកចិត្តឱ្យពួកគេដើរតួជា អ្នកកសាងសន្តិភាព។






