សៅរ៍ – បៃតង – ថ្ងៃធម្មតា
សន្តីសេស៊ីល ជាព្រហ្មចារិនី និងជាមរណសាក្សី
តាំងពីសតវត្សទី ៥ គ្រីស្តបរិស័ទក្រុងរ៉ូមតែងតែគោរពនាងសេស៊ីលទុកជាព្រហ្មចារិនី និងជាមរណសាក្សី។ ពួកគេធ្លាប់និយាយថា នាងសេស៊ីលសាងព្រះវិហារមួយនៅក្រុងរ៉ូមនោះ។ គេតំណាលរឿងអស្ចារ្យស្តីអំពីនាងនៅពេលពួកពាលប្រហារជិវិតនាង។ គេរ៉ាយរ៉ាប់រឿងអស្ចារ្យបែបនេះ ដើម្បីលើកតម្កើងកិត្តិយសរបស់អស់អ្នកដែលថ្វាយខ្លួនទៅព្រះអម្ចាស់ក្នុងឋានៈជាព្រហ្មចារិនីនៅសតវត្សទី ១៥ គេលើកសន្តីសេស៊ីលធ្វើជាឧបការិនីរបស់អ្នកភ្លេង ព្រោះក្នុងរឿងព្រេងស្តីអំពីនាងមានចែងថា៖ “នៅពេលមានលាន់ឮស្នូរគ្រឿងតន្ត្រីសម្រាប់រឿងអាពាហ៍ពិពាហ៍របស់នាង នាងសេស៊ីល ចេះតែច្រៀងក្នុងចិត្តថ្វាយព្រះអម្ចាស់”។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៦,១-១៣
ព្រះបាទអន់ទីយ៉ូគូស ធ្វើដំណើរយាងទៅមកកាត់តាមស្រុកខាងជើង ព្រះអង្គបានឮគេនិយាយថា នៅស្រុកពែរ្សមានក្រុងមួយឈ្មោះ អេលីម៉ាអ៊ីស។ អ្នកក្រុងនេះល្បីថា សម្បូរមាសប្រាក់ និងភោគទ្រព្យជាច្រើន គឺមានខែលធ្វើពីមាស អាវក្រោះ ព្រមទាំងអាវុធដែលព្រះបាទអឡិចសង់ បានទុកក្នុងទីសក្ការៈនៃក្រុងនោះជាដើម។ ព្រះបាទអឡិចសង់ ជាបុត្ររបស់ព្រះបាទភីលីព ជាមហាក្សត្ររបស់ជនជាតិម៉ាសេដូន ដែលគ្រប់គ្រងលើជនជាតិក្រិកមុនគេ។ ព្រះបាទអន់ទីយ៉ូគូសយាងទៅក្រុងនោះ រិះរកមធ្យោបាយដណ្ដើមយកក្រុងនេះ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ ប៉ុន្តែ ត្រូវបរាជ័យ ព្រោះអ្នកក្រុងបានដឹងពីគម្រោងការជាមុន។ ពួកគេលើកគ្នាមកប្រយុទ្ធនឹងស្ដេចវិញ ហើយស្ដេចក៏បាក់ទ័ពយាងត្រឡប់ទៅស្រុកបាប៊ីឡូនដោយអាម៉ាស់ជាខ្លាំង។ ពេលព្រះរាជានៅស្រុកពែរ្សនៅឡើយ មានគេមកទូលថា កងទ័ពដែលចេញទៅវាយយកស្រុកយូដាទទួលបរាជ័យ គឺជនជាតិយូដាវាយកម្ទេចកងទ័ពដ៏ខ្លាំងពូកែ ដែលលោកមេបញ្ជាការ លីស៊ីយ៉ា បាននាំទៅវាយស្រុកនោះថែមទៀត។ ជនជាតិយូដាក៏រឹបអូសយកគ្រឿងសាស្ត្រាវុធ និងជ័យភណ្ឌគ្រប់បែបយ៉ាង ពីកងទ័ពដែលចាញ់។ ដូច្នេះ ពួកគេមានកម្លាំងខ្លាំងជាងពីមុន។ ពួកគេបានរំលំរូបបដិមាគួរស្អប់ខ្ពើម ដែលស្ដេចបានតម្កល់នៅលើអាសនៈក្នុងព្រះវិហារក្រុងយេរូសាឡឹម។ ពួកគេបានសង់កំពែងយ៉ាងខ្ពស់ ជុំវិញព្រះវិហារជាថ្មីឡើងវិញដូចកាលពីដើម ហើយក៏សង់កំពែងជុំវិញក្រុងបេតសួរ ដែលជាក្រុងស្ថិតនៅក្រោមអំណាចរបស់ស្ដេចផ្ទាល់ដែរ។ កាលព្រះរាជាជ្រាបដំណឹងទាំងនោះ ក៏ស្រឡាំងកាំង ហើយរំជួលព្រះហឫទ័យយ៉ាងខ្លាំង។ ព្រះអង្គដួលទៅលើក្រឡាបន្ទំ ហើយប្រឈួនដោយព្រួយព្រះហឫទ័យខ្លាំងពេក ព្រោះហេតុការណ៍ទាំងអស់មិនបានកើតឡើងស្របតាមព្រះហឫទ័យឡើយ។ ស្ដេចស្ថិតនៅក្នុងសភាពបែបនេះជាយូរថ្ងៃ ដ្បិតព្រះអង្គព្រួយបារម្ភយ៉ាងខ្លាំង។ កាលព្រះរាជាយល់ថាខ្លួនជិតចូលទិវង្គត ស្ដេចកោះហៅមន្ត្រីទាំងអស់ឱ្យមកជួបប្រជុំ ហើយមានរាជឱង្ការថា៖ «យើងផ្ទំមិនលក់ទេ ហើយតប់ប្រមល់ក្នុងព្រះរាជហឫទ័យខ្លាំងណាស់ យើងសួរខ្លួនយើងផ្ទាល់ថា ហេតុអ្វីបានជាយើងរងទុក្ខវេទនាដូច្នេះ? ក្នុងពេលដែលយើងមានអំណាច យើងមានព្រះហឫទ័យសប្បាយយ៉ាងក្រៃលែង ហើយមនុស្សម្នាក៏ស្រឡាញ់យើងដែរ។ ប៉ុន្តែ ឥឡូវនេះ យើងនឹកឃើញពីអំពើអាក្រក់ទាំងប៉ុន្មានដែលយើងបានប្រព្រឹត្តនៅក្រុងយេរូសាឡឹម គឺយើងរឹបអូសយកគ្រឿងមាសប្រាក់ទាំងប៉ុន្មានពីក្រុងនោះ យើងបានបញ្ជាឱ្យគេសម្លាប់រង្គាលជនជាតិយូដា ដោយគ្មានមូលហេតុ។ យើងយល់ថា យើងកើតទុក្ខយ៉ាងនេះបណ្ដាលមកពីអំពើអាក្រក់ដែលយើងបានប្រព្រឹត្តនៅពេលនោះ ហើយយើងត្រូវសោយទិវង្គតដោយព្រួយព្រះហឫទ័យ នៅលើទឹកដីបរទេសទៀតផង!»។
ទំនុកតម្កើងលេខ ៩,២-៤.៦.១៦.១៩ បទពាក្យ៧
| ២ | បពិត្រព្រះអម្ចាស់ជាទីពឹង | ទូលបង្គំនឹងលើកតម្កើង | |
| និទានពីការអស្ចារ្យឡើង | មានទាំងប៉ុន្មានឱ្យគេស្តាប់ | ។ | |
| ៣ | ព្រោះតែព្រះអង្គខ្ញុំត្រេកអរ | រីករាយសាទរជាដរាប | |
| បពិត្រព្រះអង្គខ្ពស់ឥតប្រៀប | សូមទ្រង់សណ្តាប់ចម្រៀងខ្ញុំ | ។ | |
| ៤ | ពួកខ្មាំងសត្រូវដកខ្លួនថយ | សូមព្រះអង្គជួយទូលបង្គំ | |
| ឱ្យវាជំពប់ជើងដួលគ្រាំ | វិនាសនៅចំពោះព្រះភ័ក្ត្រ | ។ | |
| ៦ | ព្រះអង្គគំរាមសាសន៍នានា | ពួកមនុស្សពាលាវិនាសព្រម | |
| កេរ្តិ៍ឈ្មោះពួកគេត្រូវរលំ | ខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់ | ។ | |
| ១៦ | ប្រជាជាតិនានាធ្លាក់ទៅ | ក្នុងរណ្តៅជ្រៅដ៏សែនធ្ងន់ | |
| ជើងជាប់អន្ទាក់យ៉ាងទារុណ | ដែលពួកគេបានដាក់បង្កប់ | ។ | |
| ១៩ | ព្រះអង្គមិនភ្លេចជនក្រក្រី | នៅលើផែនដីនេះទាំងអស់ | |
| ឯក្តីសង្ឃឹមដ៏ស្ម័គ្រស្មោះ | អ្នកវេទនានោះមិនសូន្យឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១-១០
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្ដ ជាព្រះសង្គ្រោះរបស់យើង បានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អរបស់ព្រះអង្គ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២០,២៧-៤០
នៅគ្រានោះ មានអ្នកខាងគណៈសាឌូស៊ីខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឱ្យបងប្រុសរបស់ខ្លួន។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅ តែគ្មានកូនទេ។ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឱ្យរស់ឡើងវិញនៅលោកខាងមុខ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវទូត។ គេជាបុត្រធីតារបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ ពួកបណ្ឌិតខាងវិន័យខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។
ក្រហម – សន្ដីសេស៊ីល ជាព្រហ្មចារិនី និងជាមរណសាក្សី
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសសន្តីសេស៊ីលីយ៉ាឱ្យមានចិត្តក្លាហាន សុខចិត្តបូជាជិវិតថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តក្លាហានសុខចិត្តបម្រើព្រះអង្គដោយមិនញញើតអ្វីឡើយផង។
សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ១៩,១.៥-៩
បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖«ហាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព។ មានសំឡេងចេញពីបល្ល័ង្កមកថា៖«អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖«ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ ព្រះអង្គប្រទានឱ្យនាងស្លៀកពាក់រុងរឿងភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។ទេវទូតពោលមកកាន់ខ្ញុំថា៖«ចូរកត់ត្រាទុកអ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!»។ បន្ទាប់មក ទេវទូតប្រាប់ខ្ញុំថា៖«សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។
ទំនុកតម្កើងលេខ ១៤៨ ,១-២.១១-១៤ បទពាក្យ ៧
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ | ទ្រង់គឺជាព្រះដ៏វិសុទ្ធ | |
| អ្នកដែលនៅស្ថានខ្ពស់បំផុត | បញ្ចេញពាក្យពិតថ្កើងព្រះអង្គ | ។ | |
| ២ | ឱ! ពួកទេវទូតទាំងអស់អើយ | ចូរសរសើរហើយតម្កើងផង | |
| ទាំងពួកទេវតាកុំរេរង់ | សរសើរព្រះអង្គព្រះនៃអ្នក | ។ | |
| ១១ | អស់ស្តេចទាំងឡាយលើផែនដី | ប្រជាប្រុសស្រីគ្រប់ទាំងអស់ | |
| ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់ | នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ | ។ | |
| ១២ | យុវជននារីចាស់ជរា | កូនក្មេងនាំគ្នាលើកសិរី | |
| ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍ | មិនអាចរកអ្វីប្រៀបស្មើបាន | ។ | |
| ១៣ | ចូរកោតសរសើរនាមព្រះម្ចាស់ | ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន | |
| ព្រះនាមព្រះអង្គល្អថ្កើងថ្កាន | ពាសពេញទីស្ថានមេឃនិងដី | ។ | |
| ១៤ | ព្រះអង្គបានប្រោសអស់ប្រជា | រាស្រ្តទាំងអស់គ្នាមានសេរី | |
| កម្លាំងមាំមួនខ្លាំងពេកក្រៃ | មិនឱ្យមានអ្វីមករំខាន | ។ | |
| អស់អ្នកដែលជឿងលើព្រះអង្គ | គឺជារាស្រ្តទ្រង់ដ៏ចំណាន | ||
| អ៊ីស្រាអែលអើយអ្នកនឹងបាន | ខ្ពស់មុខសុខសាន្តតទៅអើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,៣-១២
មានពួកខាងគណៈផារីស៊ីចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖«តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖«អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករបានបង្កើតមនុស្សមកជាបុរស ជាស្ត្រី រួចព្រះអង្គមានព្រះបន្ទូលថាៈ “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួកគេទូលសួរព្រះអង្គថា៖«ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឱ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«លោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា (លើកលែងតែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សាវ័កនាំគ្នាទូលព្រះអង្គថា៖«បើមានល័ក្ខខ័ណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖«មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបានតាំងពីកំណើតមក។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យយល់ចុះ!»។





